ជាតិ
បាក់ឌុប៖ រដ្ឋមន្ត្រីទេសចរ​ណ៍ អំពាវនាវកុំឱ្យ​ម្ចាស់អាជីវកម្មដំឡើងថ្លៃ ដល់អនុរក្ស និងសិស្សានុសិស្ស
29, Nov 2022 , 4:38 pm        
រូបភាព
 បេក្ខជនកំពុងដើរចូលមណ្ឌលប្រឡង
បេក្ខជនកំពុងដើរចូលមណ្ឌលប្រឡង
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អំពាវនាវដល់​ប្រតិបត្តិករទេសចរណ៍ជាម្ចាស់អាជីវកម្មកុំដំឡើងថ្លៃ ពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី៥-៦ ខែធ្នូខាងមុខនេះ។ ការអំពាវនាវនេះ ដើម្បីសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្ស អំឡុងពេលប្រឡង។



បើតាមសេចក្តីជូនដំណឹងនាថ្ងៃទី២៨ ខែវិច្ឆិកា ក្រសួងទេសចរណ៍ ប្រាប់ឱ្យ​ម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ រួមទាំងម្ចាស់ផ្ទះស្នាក់ សេវាកម្មម្ហូបអាហារ សេវាកម្មដឹកជញ្ជូ​នជាដើម ត្រូវសម្រួលថ្លៃសេវាកម្មដល់អនុរក្ស និងសិស្សានុសិស្ស។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ ក៏ស្នើ​ឱ្យម្ចាស់អាជីវកម្មទាំងអស់ចូលរួមអនុវត្តឱ្យបានល្អ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។
 
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តអនុវត្តស្តង់ដារអនាម័យដល់គណៈមេប្រយោគ គណៈកម្មការ និងបេក្ខជនប្រឡង ដោយត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជាប្រចាំនៅមណ្ឌល រក្សាគម្លាតយ៉ាងតិច ១,៥ ម៉ែត្រ។ បេក្ខជន មិនត្រូវប៉ះពាល់ ឬចាប់ដៃគ្នាដោយផ្ទាល់ ជាពិសេសប៉ះវិញ្ញាសាប្រឡង។ ករណីមានបញ្ហាសុខភាពត្រូវផ្តល់ដំណឹងដល់មន្រ្តីសុខាភិបាលប្រចាំមណ្ឌលជាបន្ទាន់៕
 
 
 
 

Tag:
 ThmeyThmey25
  ក្រសួងទេសចរណ៍
  អាជីវកម្ម
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com