ជាតិ
ក្រសួងទេសចរណ៍ ស្នើឱ្យជប៉ុនបើកជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ
30, Nov 2022 , 8:59 pm        
រូបភាព
 រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
ភ្នំពេញ៖​ លោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យជប៉ុន បើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជាឡើងវិញ ក្រោយការផ្អាករយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។



ក្នុងជំនួបជាមួយជប៉ុន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយជំរុញឱ្យបើកជើងហោះហើរត្រង់ពីទីក្រុង Tokyo ប្រទេសជប៉ុន មកកម្ពុជាឡើងវិញ។ ការស្នើឱ្យមានជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជានេះ គឺដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំង២។


 រូបភាពពីក្រសួងទេសចរណ៍

កន្លងមកក្រុមហ៊ុនអាកាសចរណ៍ ANA មានជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា តែដោយសារវិបត្តិកូវីដ-១៩ ក៏ត្រូវផ្អាកតាំងពីឆ្នាំ២០១៩។ ហើយបច្ចុប្បន្ន ជប៉ុនបានបើកជើងហោះហើរត្រង់ទៅវៀតណាម និងថៃ នៅឡើយតែកម្ពុជាប៉ុណ្ណោះ។
 
ជាការឆ្លើយតបលោក មីកាមិ ម៉ាសាហ៊ីរ៉ូ សន្យានឹងជំរុញឱ្យមានជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ឡើងវិញ និងខិតខំពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បើទោះបីជាផុតអាណត្តិ ជាឯកអគ្គរាជទូតនៅកម្ពុជាក៏ដោយ។ 
 
រយៈពេល១០ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណ១៩០០០នាក់ ខណៈភ្ញៀវទេសចរកម្ពុជាទៅកម្សាន្តនៅជប៉ុនប្រមាណ៧ពាន់នាក់ ក្នុងរយៈពេលដូចគ្នា។ រដ្ឋមន្រ្តីទេសចរណ៍ និងឯកអគ្គរាជទូតជប៉ុន រំពឹងកំណើនទេសចរបន្ថែម ក្រោយមានជើងហោះហើរត្រង់រវាងប្រទេសទាំង២៕
 

រូបភាពពីក្រសួងទេសចរណ៍


Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com