អន្តរជាតិ
មេដឹកនាំ EU នឹងជំរុញការវិនិយោគក្នុងវិស័យការពារជាតិក្នុងកិច្ចប្រជុំកំពូលខែធ្នូ
01, Dec 2022 , 10:19 am        
រូបភាព
យោងតាមសេចក្តីព្រាងសម្រាប់កិច្ចប្រជុំកំពូលថ្ងៃទី ១៥-១៦ ខែធ្នូ មេដឹកនាំសហភាពអឺរ៉ុប (EU) ជំរុញឱ្យមានការបង្កើតឱ្យឆាប់រហ័សលើកម្មវិធីវិនិយោគក្នុងវិស័យការពារ ជាតិដែលអនុញ្ញាតឱ្យប្លុកមួយនេះពង្រីកឧស្សាហកម្មអាវុធក្រោយបានជួយផ្គត់ផ្គង់អាវុធយ៉ាងច្រើនដល់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី។

 
«ក្រុមប្រឹក្សាអឺរ៉ុបទទូចឱ្យគណៈកម្មការបង្ហាញឆាប់រហ័សអំពីសំណើសម្រាប់កម្មវិធីវិនិយោគ ការពារជាតិអឺរ៉ុប ដើម្បីពង្រឹងសមត្ថភាព ភាពធន់នៃបច្ចេកវិទ្យាការពារជាតិ និងវិស័យ ឧស្សាហកម្មអឺរ៉ុប រួមទាំងសហគ្រាសធន់តូច និងមធ្យម»។ សេចក្ដីព្រាងរបស់ EU សរសេរបែបនេះដែលត្រូវចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា។ យ៉ាងណាមិញ ឯកសារ ខាងលើនេះអាចនឹងត្រូវកែប្រែមុនកិច្ចប្រជុំកំពូលឈានចូលមកដល់។
 
មេដឹកនាំ EU ក៏នឹងជំរុញឱ្យគណៈកម្មការប្រតិបត្តិរបស់ប្លុកនេះ និងទីភ្នាក់ងារការពារអឺរ៉ុបបង្កើន កិច្ចខិតខំដើម្បីកំណត់ចន្លោះប្រហោងផ្នែកយោធា និងសម្របសម្រួលលទ្ធកម្មការពារជាតិរួម គ្នាជាពិសេសដើម្បីបំពេញបន្ថែមស្តុកសម្ភាររបស់ពួកគេដែលត្រូវបានបាត់បង់ក្នុងការគាំទ្រ អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។
 
កន្លងមក សហភាពអឺរ៉ុបបានជំរុញឱ្យរដ្ឋសមាជិករួមគ្នាទិញសព្វាវុធជាជាងការបង្កើនតម្លៃ និងប្រកួតប្រជែងគ្នាទៅវិញទៅមក។ ប៉ុន្តែប្រទេសសមាជិក EU ស្ទាក់ស្ទើរក្នុងការជំរុញឱ្យមានកម្មវិធីវិនិយោគលើវិស័យការពារជាតិដូចខាងលើ។ 
 
ទោះបីជាយ៉ាងណាក៏ដោយ សង្គ្រាមនៅអ៊ុយក្រែនតម្រូវឱ្យបណ្ដាប្រទេសក្នុងប្លុកមួយនេះ ត្រួវផ្គត់ផ្គង់សព្វាវុធជាច្រើនទៅក្រុងកៀវ ខណៈស្របគ្នានោះក៏ត្រូវពង្រឹងការការពារខ្លួនផងដែរ។ ប្រធានគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell បាននិយាយនៅខែនេះថា EU និងរដ្ឋជាសមាជិករបស់ខ្លួនបានផ្តល់សព្វាវុធ និងឧបករណ៍យោធាដែលមានតម្លៃយ៉ាងតិច ៨ពាន់លានអឺរ៉ូដល់អ៊ុយក្រែនរហូតមកដល់ពេលនេះ។
 
បន្ថែមពីនេះ សេចក្ដីព្រាងខាងលើបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល សែល មេដឹកនាំ EU ក៏ស្នើឱ្យសមាជិករបស់ខ្លួនបង្កើនសមត្ថភាពផ្នែកហេដ្ឋារចនា សម្ព័ន្ធដែលជួយសម្រួលដល់ការចល័តយោធាយ៉ាងឆាប់រហ័សនៅទូទាំងទ្វីបអឺរ៉ុប៕
 

Tag:
 អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com