ជាតិ
ទឹកចិត្តគ្រូបង្រៀន ចំពោះសិស្សប្រឡងបាក់ឌុប!
02, Dec 2022 , 8:59 am        
រូបភាព
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ខិតជិតមកដល់។ ជាឱពុកម្ដាយទី២ គ្រូបង្រៀនក៏បារម្ភជំនួសសិស្សខ្លួនផងដែរ។



ទឹកចិត្តគ្រូបង្រៀន ! អ្នកស្រី សេង យោធារ៉ា ជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ ថ្នាក់ទី១២ នៃវិទ្យាល័យបណ្ដុះបណ្ដាលចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន លើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយកុំភ័យ និងបារម្ភខ្លាំងពេក ។
 
អ្នកគ្រូ ធារ៉ា ជំរុញឱ្យបេក្ខជនប្រឡង ត្រូវថែទាំសុខភាព ជៀសវាងការបរិភោគអាហារផ្ដេសផ្ដាស​ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីប្រមូលកម្លាំងសម្រាប់ការប្រឡង។ ទន្ទឹមនឹងនេះ អ្នកគ្រូ ធារ៉ា ក៏មានក្ដីបារម្ភជំនួសសិស្សផងដែរ។ «ខ្ញុំភ័យដែរ ខ្ញុំបារម្ភខ្លាចក្រសួងចេញវិញ្ញាសារតឹងពេក ព្រោះថាទុករយៈពេលយូរមានការគិតវែងឆ្ងាយ»។នេះជាសម្តីគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ។ 
 
ជាគ្រូបង្រៀនប្រវត្តិវិទ្យា ថ្នាក់ទី១២ នៃវិទ្យាល័យបទុមសាគរ ខេត្តកោះកុង លោក ថាប់ ប៊ុនធឿន បារម្ភខ្លាចវិញ្ញាសា​រ ដែលចេញមកនោះពិបាកពេក ឬសិស្សមានបញ្ហាភ្លេចចម្លើយជាដើម។ តែយ៉ាងលោក ប៊ុនធឿន ឱ្យតម្លៃលើការប្រឡងនេះ ព្រោះវាជាការសាកល្បងសមត្ថភាពសិស្ស ក្រោយការខិតខំប្រឹងប្រែងរបស់ពួកគេរយៈពេល១២ឆ្នាំ។ 
 
គ្រូបង្រៀនរូបនេះ បន្ថែមថា ៖«ក្នុងនាមខ្ញុំជាគ្រូ ដូចឪពុកម្ដាយទី២របស់ពួកគាត់ដែរ។ អ៊ីចឹងខ្ញុំរំពឹង គិតថាពួកគាត់អាចធ្វើបាន អាចនឹងប្រឡងជាប់ច្រើន។ ព្រោះកន្លងមកទាំងសិស្ស ទាំងគ្រូសុទ្ធតែបានដាក់ចិត្តបង្រៀន និងខំប្រឹងរៀន ដើម្បីការប្រឡងហ្នឹង»។
 
សិស្សប្រឡងជាប់ បាននិទ្ទេសល្អ វាជាកិត្តិយសសម្រាប់ពួកគេ ហើយក៏ផ្ដល់មុខមាត់ដល់លោកគ្រូ អ្នកគ្រូបង្រៀន ប្រចាំថ្នាក់ដែរ។ ឆ្នាំមុនកូនសិស្សលោកគ្រូ ប៉ិន ប៊ុនថន ចំនួន៣នាក់ ទទួលបាននិទ្ទេស A ។ លទ្ធផលគាប់ចិត្តបែបនេះ លោកគ្រូ ប៊ុនថន ក៏បានផ្ដល់រង្វាន់ជាសម្ភារសិក្សាមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ ក្នុងនាមជាគ្រូបង្រៀន និងឪពុកទី២ផង។ ប៉ុន្តែឆ្នាំនេះ លោកគ្រូ ប៊ុនថន មិនបានសន្យាផ្ដល់រង្វាន់អ្វីជាមួយសិស្សឡើយ។
 
គ្រូបង្រៀនរូបវិទ្យា នៅវិទ្យាល័យ សុខ អាន ត្រាំខ្នារ ខេត្តតាកែវរូបនេះ បាននិយាយថា៖«ឆ្នាំនេះមិនបានសន្យាទេ គ្រាន់តែលើកទឹកចិត្តគ្នាឱ្យប្រឹងប្រែងយកនិទ្ទេស A ឬនិទ្ទេសល្អៗ ព្រោះវាពិបាក»។ 
 
លោកគ្រូ អ្នកគ្រូ ទាំង៣រូបខាងលើ រំពឹងថា សិស្សានុសិស្ស នឹងអាចធ្វើបានល្អ សម្រាប់ខ្លួនឯង និងពាំនាំភាពជោគជ័យដល់សាលា និងគ្រួសារ និងខ្លួនគេផងដែរ។
ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២នេះ គឺមានបេក្ខជនចុះឈ្មោះប្រលងចំនួន១២៨ ១៣៤នាក់ (ស្រី៦៨ ៧៧១នាក់) ដោយត្រូវបានចែកចេញជា​២២១​មណ្ឌលត្រូវជា៥ ១៧៤បន្ទប់។  ដោយឡែក លទ្ធផលប្រលងក្រសួងអប់រំ នឹងប្រកាសនៅរសៀលថ្ងៃទី២៧ធ្នូសម្រាប់មណ្ឌលប្រលងនៅភ្នំពេញ​ និងខេត្តកណ្តាលនិងថ្ងៃទី២៨ធ្នូសម្រាប់ខេត្តផ្សេងៗទៀតទូទាំងប្រទេស៕
 
 
 
 

Tag:
 បាក់ឌុប
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com