អន្តរជាតិ
ប្រជាជនឥណ្ឌូណេស៊ី ប្តឹងរដ្ឋាភិបាល ដែលផ្គត់ផ្គង់ថ្នាំក្អកទឹកបង្កជាជំងឺ
02, Dec 2022 , 10:29 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
គ្រួសារឥណ្ឌូណេស៊ីជាច្រើន ដែលមានសាច់ញាតិទទួលមរណភាព និងធ្លាក់ខ្លួនឈឺ ក្រោយប្រើប្រាស់ថ្នាំក្អកទឹក បានប្តឹងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងទីភ្នាក់ងារពាក់ព័ន្ធ ទាក់ទិននឹងការផ្គត់ផ្គង់ថ្នាំក្អក។

 
ករណីជំងឺតម្រង់នោមស្រួចស្រាល់ បានហក់ឡើងយ៉ាងខ្លាំងនៅឥណ្ឌូណេស៊ី បើគិតចាប់តាំងពីខែសីហា ខណៈមនុស្សចំនួន ១៩៩នាក់ បានទទួលមរណភាព ដោយភាគច្រើនជាក្មេងៗ។ បញ្ហានេះ បានបង្កឱ្យមានការស៊ើបអង្កើត និងហាមឃាត់ការលក់ថ្នាំប្រភេទទឹក។ 
 
ទាក់ទិននឹងករណីនេះ គ្រួសារឥណ្ឌូណេស៊ី ដែលមានសមាជិកស្លាប់ និងធ្លាក់ខ្លួនឈឺ បានដាក់ពាក្យបណ្តឹងរួមគ្នាលើរដ្ឋាភិបាល។ ពាក្យបណ្តឹងនោះ បានផ្តោតលើក្រសួងសុខាភិបាល ទីភ្នាក់ងារថ្នាំពេទ្យ និងអាហារឥណ្ឌូណេស៊ី រួមទាំងក្រុមហ៊ុនចំនួន ៧ ពាក់ព័ន្ធការលក់ថ្នាំប្រភេទទឹក ដែលមានផ្ទុកសារធាតុប្រើប្រាស់ក្នុងឧស្សាហកម្មលើសកម្រិត។ 
 
តំណាងផ្នែកច្បាប់របស់ក្រុមគ្រួសារជនរងគ្រោះ លោក Awan Puryadi បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១ ខែធ្នូថា ប្រជាជនឥណ្ឌូណេស៊ី បានចាត់វិធានការផ្នែកច្បាប់ ដោយសារតែអាជ្ញាធរបរាជ័យក្នុងការទប់ស្កាត់ការលក់ថ្នាំប្រភេទទឹក ដែលបង្កឱ្យមានហានិភ័យ រួមទាំងបង្កឱ្យមានករណីស្លាប់លើកុមារ និងធ្លាក់ខ្លួនឈឺ។ 
 
«គ្មាននរណាម្នាក់ទទួលខុសត្រូវឡើយ។ ពួកគេ (ប្រជាជន) ខកបំណងចំពោះស្ថានភាពបច្ចុប្បន្នណាស់»។ លោក​ Puryadi បានបញ្ជាក់បែបនេះ។ ពាក្យបណ្តឹង ត្រូវបានដាក់តាំងពីថ្ងៃទី១៨ ខែវិច្ឆិកា មកម្លេះ។ 
 
ក្នុងពាក្យបណ្តឹងនោះ ប្រជាជនបានទាមទាររកការទទួលខុសត្រូវ និងសំណងប្រមាណ ១២ម៉ឺនដុល្លារ សម្រាប់អ្នកស្លាប់ និងជាង ៦ម៉ឺនដុល្លារ សម្រាប់ជនរងគ្រោះធ្លាក់ខ្លួនឈឺ៕ 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com