ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អាស៊ាន
កិច្ចប្រជុំ​អភិបាល​រាជធានី​/​រដ្ឋធានី​អាស៊ាន​៖ លោក នួន ផា​រ័ត្ន ថា​វេទិកា​ចែករំលែក​ពិសោធន៍ រួមចំណែក​អភិវឌ្ឍ​ទីក្រុង​
02, Dec 2022 , 9:27 pm        
រូបភាព
លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ គឺជា​អ្នក​ចុងក្រោយ​ដែល​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​អភិវឌ្ឍ​រាជធានី​ភ្នំពេញ បន្ទាប់ពី​អភិបាល​រាជធានី និង​រដ្ឋធានី​ទាំង​៩​របស់​អាស៊ាន បានបញ្ចប់​បទ​បង្ហាញ​ស្តីពី​ពិសោធន៍ និង​គោលនយោបាយ​អភិវឌ្ឍ​រាជធានី និង​រដ្ឋធានី​របស់​ពួកគេ​។

 
​នា​រសៀល​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០២២ រាជធានី​ភ្នំពេញ គឺជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អភិបាល​រាជធានី​/​រដ្ឋធានី​អាស៊ាន​។ ថ្នាក់ដឹកនាំ​រាជធានី​/​រដ្ឋធានី​អាស៊ាន​បានបង្ហាញ​អំពី​គោលដៅ​នៃ​ការអភិវឌ្ឍ​ទីក្រុង ដោយមាន​ភាព​ធន់ ប្រកបដោយ​ចីរភាព​ដូចៗ​គ្នា ប៉ុន្តែ​ទីក្រុង​ខ្លះ​ក៏មាន​មធ្យោបាយ និង​គោលនយោបាយ​ផ្សេងគ្នា ហើយ​ក៏មាន​បញ្ហា​ប្រឈម​ជា​អាទិភាព​ដែល​ត្រូវ​ដោះស្រាយ​ដែរ​។​
 
​នៅក្នុង​ចំណុច​ចុងក្រោយ​នៃ​បទ​បង្ហាញ​អំពី​ផែនការមេ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​កិច្ចប្រជុំ​អភិបាល​រាជធានី​និង​រដ្ឋធានី​អាស៊ាន ដែល​លោក​លើកទឹកចិត្ត​ឱ្យមាន​ការរៀបចំ​កិច្ចប្រជុំ​នេះ​បន្តទៀត​។ សម្រាប់​លោក​អភិបាលរង​រាជធានី​ភ្នំពេញ គឺ​វេទិកា​បែបនេះហើយ​ដែល​ថ្នាក់ដឹកនាំ​របស់​ទីក្រុង​នានា​បាន​ស្ដាប់ឮ បាន​រៀនសូត្រ​អំពី​ពិសោធន៍​នៃ​ការដោះស្រាយ និង​កសាង​ទីក្រុង​ពីគ្នា​ទៅវិញទៅមក​។​
 



លោក នួន ផា​រ័ត្ន បាន​និយាយ​នៅក្នុង​អង្គប្រជុំ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ត្រូវការ​ការចែករំលែក​ច្រើន​។ ហេតុដូចនេះ​បានជា​យើង​ប្ដេជ្ញា​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​។ យើង​ត្រូវ​ការរៀន​ពីគ្នា​ទៅវិញទៅមក​។ នៅថ្ងៃនេះ យើង​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​ទីក្រុង​នៅតាម​ខេត្ត​ក្នុងប្រទេស​កម្ពុជា​មក​ច្រើន​ដើម្បី​ពួកគេ​បាន​រៀនសូត្រ​ពី​ពិសោធន៍​ថ្មីៗ ពី​ទីក្រុង​ផ្សេងៗ​នៅ​អា​សាន​។​»​។​
 
​លោក នួន ផា​រ័ត្ន ចាប់អារម្មណ៍​អំពី​ទស្សនទាន​របស់​អភិបាល​រាជធានី​បាងកក​ដែលមាន​ផែនការ​ធ្វើយ៉ាងណា​ឱ្យ​បាងកក​ក្លាយជា​ទីក្រុង​ដែល​មនុស្ស​ចង់​រស់នៅ ជាជាង​ទីក្រុង​ដែល​ទំនើប​ដោយ​បច្ចេកវិទ្យា​។ អភិបាលក្រុង​បាងកក​ក៏បាន​លើកឡើង​អំពី​ការព្យាយាម​របស់ខ្លួន​ដើម្បី​ទទួលបាន​ជឿជាក់ និង​សេចក្តីទុកចិត្ត​ពី​ប្រជាជន​របស់ខ្លួន​ផងដែរ​។​
 
​នៅក្នុង​បទ​បង្ហាញ​របស់ខ្លួន លោក នួន ផា​រ័ត្ន បានលើកឡើង​អំពី​ផែនការមេ​របស់​រាជធានី​ភ្នំពេញ​ក្នុងការ​ប្រើប្រាស់​ដី ការបង្កើត​លំហ​បៃតង ការដោះស្រាយ​បញ្ហា​ចរាចរណ៍​តាមរយៈ​ការបង្កើត​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ អភិវឌ្ឍ​បណ្ដាញ​ផ្លូវ កែលម្អ​ប្រព័ន្ធ​លូ និង​ការបំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ចរាចរណ៍​ជាដើម​។​
 
​នៅពេលដែល​រាជធានី​បាងកក និង​រដ្ឋធានី​ណៃ​ពី​ដោ លើកឡើង​អំពី​ផែន​ការដាំ​ដើមឈើ​១​លាន​ដើម លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ប្រាប់​មិត្តភក្តិ​អាស៊ាន​ផងដែរ​ថា ភ្នំពេញ​របស់លោក​ក៏បាន​លំហ​បៃតង ៧៥​ហិកតា ដែល​ត្រូវបាន​បង្កើត​ផងដែរ​។​
 
​ទីក្រុង​គូ​ឡា​ឡាំ​ពួ​នៃ​ប្រទេស​ម៉ាឡេស៊ី​ឯណោះ​វិញ បាន​សង្កត់ធ្ងន់​ទៅលើ​ការប្ដេជ្ញាចិត្ត​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​ទៅក្នុង​បរិយាកាស តាមរយៈ​គោលនយោបាយ​ការកាត់បន្ថយ​ការប្រើប្រាស់​រថយន្ត​ឯកជន និង​បង្កើន​សេវា​ដឹកជញ្ជូន​សាធារណៈ និង​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ឱ្យបាន​កាន់តែច្រើន​នៅក្នុង​ទីក្រុង និង​ទីប្រជុំជន​។​
 
​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន​បានបញ្ចប់​ដោយ​ការចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ភ្នំពេញ​ដែល​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​អភិបាល​រាជធានី​និង​រដ្ឋធានី​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ទីក្រុង​ប្រក​ដោយ​កិច្ចសហការ​ប្រតិបត្តិកា​រ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព​៕
 





© រក្សាសិទ្ធិដោយ thmeythmey.com