អន្តរជាតិ
លោក អាន់វ៉ា បញ្ចេញសមាជិកគណៈរដ្ឋមន្រ្តីម៉ាឡេស៊ីថ្មី ខណៈលោកកាន់តំណែងរដ្ឋមន្រ្តីហិរញ្ញវត្ថុបន្ថែម
02, Dec 2022 , 10:09 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបភាព៖ AP
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបភាព៖ AP
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅយប់ថ្ងៃទី២ ខែធ្នូ បានបញ្ចេញសមាជិកគណៈរដ្ឋមន្រ្តីម៉ាឡេស៊ីថ្មី។ ក្នុងសមាជិកគណៈរដ្ឋមន្រ្តីនេះ លោក អាន់វ៉ា ក៏កាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុបន្ថែមពីតួនាទីប្រមុខរដ្ឋាភិបាលផង។



បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី១០ របស់ម៉ាឡេស៊ីប៉ុន្មាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ចេញសមាជិកគណៈរដ្ឋមន្រ្តីថ្មី ដោយមានសមាជិកបក្សផ្សេងចូលរួមផង។ លោក  Ahmad Zahid Hamidi មកពីសម្ព័ន្ធ Barisan Nasional និងលោក Fadillah Yusof មកពីសម្ព័ន្ធនយោបាយ Gabungan Parti Sarawak កាន់តំណែងជាឧបនាយករដ្ឋមន្រ្តី។

អត្ថបទទាក់ទង

ក្នុងសមាជិករដ្ឋាភិបាលថ្មីនេះ លោក អាន់វ៉ា ក៏កាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុផងដែរ។ ក្រសួងពាណិជ្ជកម្ម ត្រូវគ្រប់គ្រងដោយ លោក Tengku Zafrul Tengku Abdul Aziz។ ចំណែក លោក Mohamad Hasan នឹងកាន់តួនាទីជាប្រមុខការពារជាតិ ខណៈលោក Rafizi Ramli ជារដ្ឋមន្រ្តីសេដ្ឋកិច្ច។

ទន្ទឹមនេះ ក្រសួងដឹកជញ្ជូន នឹងត្រូវដឹកនាំដោយលោក Anthony Loke ខណៈ លោក Mohamad Sabu ទទួលខុសត្រូវលើក្រសួងកសិកម្ម។ដោយឡែកក្រសួងសុខាភិបាល ត្រូវកាន់ដោយលោក Zaliha Mustafa ហើយក្រសួងមហាផ្ទៃ នឹងដឹកនាំដោយលោក Saifuddin Nasution Ismail។ ស្របគ្នានេះ លោកស្រី Fadhlina Sidek ដឹកនាំក្រសួងអប់រំ។ គណៈរដ្ឋមន្រ្តីថ្មីនេះ គឺមានសមាជិកភាគច្រើនជាបុរស។

នៅវេលាម៉ោង ៣រសៀល (ម៉ោងនៅម៉ាឡេស៊ី) ក្នុងថ្ងៃទី៣ ខែធ្នូ រដ្ឋមន្រ្តី​ទាំងអស់ នឹងស្បថចូលកាន់តំណែង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

ក្រោយរដ្ឋមន្រ្តីស្បថចូលកាន់តំណែង លោកអាន់វ៉ា នឹងបើកកិច្ចប្រជុំពិសេសមួយជាមួយរដ្ឋមន្រ្តី ដើម្បីជជែកពីវិធាន ទិសដៅ វិធីសាស្រ្តថ្មី ដើម្បីពន្លឿងកិច្ចខិតខំរបស់រដ្ឋមន្រ្តីទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន។ ក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍នៅថ្ងៃទី២ ខែធ្នូ​ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានអះអាងថា បញ្ហាអភិបាលកិច្ចល្អ ការកាត់បន្ថយបន្ទុករបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច ជាកិច្ចការអាទិភាពនៃរដ្ឋាភិបាលថ្មី។ មិនខុសពីការសន្យា លោកអាន់វ៉ា បានកាត់បន្ថយរដ្ឋមន្រ្តីមកត្រឹម ២៨រូបប៉ុណ្ណោះ ខណៈរដ្ឋបាលរបស់លោក Ismail Sabri Yaakob មានរដ្ឋមន្រ្តីចំនួន ៣១រូប ខណៈ លោក Muhyiddin Yassin មានរដ្ឋមន្រ្តីចំនួន ៣២រូប៕

© រក្សាសិទ្ធិដោយ thmeythmey.com