កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ព្រឹទ្ធាចារ្យគុនល្បុក្កតោ៖ កុំភ្លេចខ្លួន! គេដាក់យើងចូលបញ្ជីបេតិកភណ្ឌ គេក៏អាចដកវិញបាន... ត្រូវអភិរក្ស និងអភិវឌ្ឍ
03, Dec 2022 , 4:39 pm        
រូបភាព
លោក សាន គឹមស៊ាន ថ្លែងក្នុងពិធីអបអរការដាក់បញ្ចូល ល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ
លោក សាន គឹមស៊ាន ថ្លែងក្នុងពិធីអបអរការដាក់បញ្ចូល ល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ
លោកគ្រូក្រមាមាស សាន គឹមស៊ាន ដែលជាព្រឹទ្ធាចារ្យគុនល្បុក្កតោ បញ្ជាក់ថា អង្គការយូណេស្កូ (UNESCO) បានដាក់បញ្ចូលក្បាច់គុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ប៉ុន្ដែអង្គការពិភពលោកមួយនេះ ក៏មានសិទ្ធដកកេរ្ដ៍មរតកមួយនេះ បានដែរ ប្រសិនអ្នកពាក់ព័ន្ធ និងប្រជាជនកម្ពុជា មិនចូលរួមផ្សព្វផ្សាយ និងថែរក្សា។

ការសម្ដែងគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍បិទកីឡាជាតិលើកទី៣

លោក សាន គឹមស៊ាន បានសម្ដែងការសប្បាយចិត្ត ចំពោះការដាក់គុនល្បុក្កតោ  ក្នុង«បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ ដែលបានចុះកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ទន្ទឹមនិងភាពរីករាយនេះ លោកព្រឹទ្ធាចារ្យ បានអំពាវនាវឲ្យគ្រូគុន និងប្រជាពលរដ្ឋកម្ពុជា ចូលរួមថែរក្សានូវកេរ្ដិ៍តំណែលមួយនេះ ជាពិសេសការផ្សព្វផ្សាយដល់អ្នកជំនាន់ក្រោយ។

«យើងសប្បាយចិត្ត ប៉ុន្តែយើងត្រូវប្រយ័ត្ន ព្រោះប្រសិនយើង មានកំហុសមិនល្អ គេមានច្បាប់ និងនីតិវិធី ក្នុងការដកយើងបាន»។ នេះជាការអះងរបស់លោកព្រឹទ្ធាចារ្យក្រមាមាសនៅពេលឆ្លើយសំនួររបស់អ្នកសារព័ត៌មានថ្មីៗ។ 

លោកគ្រូតា បានបញ្ជាក់អំពីលក្ខន្តិកក្នុងការដកគុនល្បុក្កតោរបស់ខ្មែរពីអង្គការយូណេស្តូវិញដូច្នេះថា៖« គេ ឲ្យយើងបាន គេ ក៏ដកយើងបានដែរ។ ច្បាប់គេ មិនបន្តឹងយើងទេ ប៉ុន្ដែយើង ត្រូវអភិរក្ស និងអភិវឌ្ឍ ឲ្យមានក្បួនមានខ្នាតត្រឹមត្រូវ។ គេ នឹងព្រមានយើង ប្រសិនជាយើងគ្មានក្បួនខ្នាតត្រឹមត្រូវ និងសកម្មភាពកីឡាក្បុក្កតោកាន់តែតិចទៅៗ។ សូមឲ្យរក្សាភាពដើម ដែលបានចងក្រងហើយ។»។ 

សម្បត្តិបេតិកភណ្ឌអរូបីមួយនេះ អាចស្ថិតស្ថេរបាន លុះត្រាតែអ្នកពាក់ព័ន្ធ និងមន្ត្រីកីឡា សហព័ន្ធគុនល្បុក្កតោ ជាពិសេសយុវជន និងអ្នកជំនាន់ក្រោយចូលរួមរក្សា និងបង្កើនការហ្វឹកហាត់ ពីមួយជំនាន់ទៅជំនាន់មួយទៀត។ ព្រឹទ្ធាចារ្យសាន គឹមស៊ាន បានបន្ថែមថា៖«នេះ គឺជាព្រលឹងដូនតាយើង។ ការដាក់បញ្ចូលនេះ យើងមានសម្អាងឯកសារជាច្រើន ហើយក៏មានចម្លាក់ផ្សេងៗនៅតាមប្រាសាទ ដែលជាអំណះអំណាងរបស់យើង។»។

ការសម្ដែងគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍បិទកីឡាជាតិលើកទី៣
លោក សាន គឹមស៊ាន បញ្ជាក់ទៀតថា បណ្ឌិតសភាគុនល្បុក្កតោកម្ពុជា បង្កើតមកដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស និងអ្នកជំនាន់ក្រោយឲ្យបានដឹង និងចេះអំពីក្បាច់គុននេះ។ ម្យ៉ាងវិញទៀត នេះ ក៏ផ្នែកមួយក្នុងការនៃការចងក្រង ឲ្យមានភាពរួមតែមួយ នៃក្បាច់គុនល្បុក្កតោ និងដើម្បីឲ្យមានក្បួនខ្នាតត្រឹមត្រូវ។ បើទោះជាមានការពិបាកចងក្រងរួមនូវក្បាច់គុនល្បុក្កតោ ប៉ុន្ដែមិនប្រឈមមុខក្នុងការបាត់បង់ស្នៀតណាមួយឡើយ។ លោកព្រឹទ្ធាចារ្យ គឹមស៊ាន បានអះអាងថា៖«យើង នឹងអភិរក្ខគ្រប់តំបន់ ហើយអ្នកណាចេះអីខ្លះ ត្រូវយករក្សាទុក ហើយប្រមូលចងក្រង។ ហើយយើង នឹងរៀបចំកម្មវិធីមួយដើម្បីឲ្យអ្នកទាំងនោះ បង្ហាត់អ្នកជំនាន់ក្រោយនៅតំបន់គាត់។ ហើយ ក៏រៀបចំប្រកួត ក្នុងន័យដើម្បីអភិរក្សផងដែរ។»។

តាមរយៈការអះអាង លោកព្រឹទ្ធាចារ្យ ក្បាច់គុននេះ នឹងមិនមានបាត់ស្នៀតគុន ឬកត្តាក្បាច់គុនណាមួយឡើយ។ បើទោះជាគ្រូខ្លះ ចេះមិនបានទាំងអស់ ឬក៏ភ្លេចខ្លះ ប៉ុន្ដែការចងក្រងនោះ គឺនឹងប្រមូលនូវស្នៀតដូចគ្នាដាក់មួយក្រុម ហើយស្នៀតដែលខ្វះខាត់ នឹងត្រូវរកបំពេញបន្ថែម ដើម្បីឲ្យការចងក្រងក្បួនខ្នាតទាំងអស់បានសម្រេច ដោយជោគជ័យ។

កត្តាក្បាច់គុន ឬស្នៀតគុន អាចមានភាពខុសគ្នា ដោយស្ថិតតាមតំបន់ ទីកន្លែងរស់នៅរបស់ប្រជាជន។ កាលពីជំនាន់ដើម មិនមានយានជំនិះ អាចជិះបានលឿនទេ ដូចនេះការហាត់ក្បាច់គុន គឺរៀនតាមដំណរគ្រួសារ ពីឪពុក ទៅកូន ពីតាទៅចៅ ជាដើម។ ចំណែកក្បាច់គុន ខ្លាំងឬខ្សោយទៅលើផ្នែកណាមួយ អាស្រ័យទៅតាមតំបន់។ គ្រូគុនល្បុក្កតោនេះ បានលើកឧទាហរណ៍ពន្យល់ថា នៅខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពូកែក្បាច់គុនវាយ ក្បាច់ដាល់ទាត់ធាក់ រីឯ ខេត្តកំពង់ឆ្នាំ ពោធិ៍សាត់ ខេត្តកណ្ដាល ពូកែខាងក្បាច់ចំបាប់។ ចំណែក ព្រៃវែង ស្វាយរៀង ពូកែគុនដាវ និងគុនដំបង។ ម្យ៉ាងវិញទៀត គ្រូគុននីមួយៗ មានជំនាញខុសគ្នា ដូចនេះ អ្នកទាំងនោះ អាចបន្ដនូវអ្វី ដែលគាត់ចេះ ទៅកូនចៅ ឬសិស្សគុនរបស់ខ្លួន។ 

ម្យ៉ាងវិញទៀត ជនបទខ្លះ  មានភ្លៀងច្រើន ហើយមានភក់រអិល ដូចនេះ អ្នកទាំងនោះ ពូកែ ខាងដៃ ជើងគាត់លើកទាត់មិនកើតទេ ដោយគាត់ត្រូវការរៀនទប់ជំហរ រួចប្រើដៃដើម្បីចេញក្បាច់គុន។ ក្បាច់ខ្លះ ដូចគ្នា ប៉ុន្ដែឈ្មោះដូចគ្នា រីឯខ្លះទៀត ក្បាច់ខុសគ្នា ហើយឈ្មោះដូចគ្នា ដោយសារតែខុសតំបន់គ្នា។

លោកគ្រូក្រមាមាស បានពន្យល់ថា ក្បាច់គុនល្បុក្កតោ មានដើមកំណើតចេញពីសត្វ និងធម្មជាតិ ព្រោះពិភពលោកនេះ ត្រូវបានបង្កើតសភាវទាំងនោះ មុនការករកើតមនុស្សជាតិ។ ព្រឹទ្ធាចារ្យ គឹមស៊ាន បាននិយាយថា៖«មនុស្ស ពេលកើតមកដំបូង មិនមានក្បាច់គុនទេ។ ប៉ុន្ដែក្នុងក្បាច់គុនល្បុក្កតោ សម្បូរ ដោយក្បាច់គុនសត្វ។ មកពីសត្វគ្រូរបស់យើង។ ធម្មជាតិបង្កើតសត្វមកមុន បង្កើតធម្មជាតិមុន។ ពេល ដែលមនុស្សកើតមកយើងរៀនតាមសត្វ។ ឧទាហរណ៍ យើងចង់ហូបផ្លែឈើ យើងត្រូវមើលគំរូសត្វស្វា ហើយបើចង់មានកម្លាំងដៃខ្លាំង ដូចសត្វខ្លា យើងត្រូវមើលរបៀបទះរបស់ខ្លា។ ដូច្នេះបានជាយើង មានក្បាច់ ក្រពើហា ខ្លាក្រាប ស្រង៉ែពែន ជាដើម...។ល។»។

អង្គការយូណេស្កូ ធ្លាប់បានបដិសេធជាច្រើនលើក ប៉ុន្ដែតាមរយៈការព្យាយាមដាក់ឯកសារ ម្ដងហើយៗម្ដងទៀត បូករួមជាមួយឯកសារសម្បូរបែប ទើបអាចបញ្ជាក់បានថានេះ គឺជារបស់មរតករបស់កម្ពុជាពិតប្រាកដមែន។ ព្រឹទ្ធាចារ្យគុនល្បុក្កតោ ក៏បានចាត់ទុកការចូលក្នុងបញ្ជីអង្គការយូណេស្កូ គឺជាការនាំយកកិត្តិយស ដ៏ធំធេងមួយសម្រាប់កម្ពុជា ដោយឲ្យពិភពលោកទទួលស្គាល់នូវ ក្បាច់គុនបុរាណខ្មែរមួយនេះ ម្យ៉ាងវិញទៀត ក៏ជាការរក្សានូវមរតកដូនតាផងដែរ៕

Tag:
 បាល់ទាត់
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com