ជាតិ
ទឹកឃ្មុំ កាន់តែថយចុះ ដោយសារការប្រែប្រួលអាកាសធាតុ
03, Dec 2022 , 8:00 pm        
រូបភាព
សហគមន៍ប្រមូលទឹកឃ្មុំចំនួនបីទទួលបានវិញ្ញាបនបត្រពីគម្រោងPaFF3នៅឆ្នាំ២០២២
សហគមន៍ប្រមូលទឹកឃ្មុំចំនួនបីទទួលបានវិញ្ញាបនបត្រពីគម្រោងPaFF3នៅឆ្នាំ២០២២
ដោយ:
ភ្នំពេញ៖ សហគមន៍ប្រមូលទឹកឃ្មុំព្រៃអណ្ដូងដងផ្លិត  សហគមន៍ភូមិក្រោម និងសហគមន៍ប្រាសាទទឹកខ្មៅ ទទួលបានវិញ្ញាបនបត្រការអនុវត្តប្រព័ន្ធធានាគុណភាពទឹកឃ្មុំ ក្រោមគម្រោងកម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល PaFF3 នៅឆ្នាំនេះ។ អ្នកជំនាញ បញ្ជាក់ថា ទឹកឃ្មុំក៏បានថយចុះ ដោយសារកត្តាអាកាសធាតុ។

 
 
គម្រោងកម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល PaFF3 ត្រូវបានគាំទ្រថវិកាពី ទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស SDC និងស៊ុយអែត។ គម្រោង PaFF3 នេះ បានអនុវត្តលើសហគមន៍ចំនួន៦រួមមាន សហគមន៍ប្រាសាទទឹកខ្មៅ សហគមន៍វាលកន្សែង ក្នុងខេត្តក្រចេះ សហគមន៍ក្រោម សហគមន៍ក្រឡាពាស់ នៅខេត្តស្ទឹងត្រែង និងសហគមន៍ដងផ្លឹត សហគមន៍គុណភាព នៅក្នុងខេត្តព្រះវិហា។


ដំណើរការនាំការយកទឹកឃ្មុំ។រូបភាពដោយ Sambath Set។

លោក ឡាច វល័ក្ខ មន្ត្រីអភិវឌ្ឍសហគ្រាសសហគមន៍ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ក្នុងចំណោមសហគមន៍ទាំងអស់ ដែលធ្វើការជាមួយគម្រោងនៅដំណាក់កាលទីបីនេះ មានសហគមន៍ចំនួនបី ត្រូវបានជ្រើសប្រគល់វិញ្ញាបនបត្រជូន។ គម្រោងនេះចាប់ផ្ដើមពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២៣ ដែលត្រូវបែងចែកជា៣វគ្គ។ វគ្គទី១ បានចាប់ពីឆ្នាំ២០១៥ ដល់២០១៧។ វគ្គទី២ បានចាប់ពីឆ្នាំ២០១៧ដល់២០២១។ វគ្គទី៣ បានចាប់ផ្ដើមពីឆ្នាំ២០២១ដល់២០២៣។ 


លោក ឡាច វល័ក្ខ មន្ត្រីអភិវឌ្ឍសហគ្រាសសហគមន៍

លោក វល័ក្ខ ថ្លែងដូច្នេះ៖ « យើងធ្វើការជាមួយសហគមន៍ច្រើនដែរ ប៉ុន្ដែនៅចុងបច្ចប់នៃវគ្គទី៣ នៃគម្រោងយើង បានចម្រាញសហគមន៍ចំនួនបី ដែលអនុវត្តតាមស្ដង់ដាបានល្អ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលកន្លងមក»។ 
 

រូបភាពដោយ Sambath Set។

ជាមួយគ្នានេះ មន្ត្រីខាងលើបានបញ្ជាក់ថា ក្នុងដំណើរការគម្រោងពីវគ្គទី១ រហូតដល់វគ្គទី៣ ក្រុមការងារបានបញ្ជ្រាបនូវជំនាញ និងស្ដង់ដាក្នុងការប្រមូលទឹកឃ្មុំពីព្រៃដោយនិរន្ដភាព ការរក្សា និងការវេចខ្ចប់ រួមជាមួយដំណើរការនៃជំនាញក្នុងការរកទីផ្សារសម្រាប់ផលិតផលផងដែរ។ 
«ពីដំណាក់កាលមួយទៅដំណាក់កាលមួយ យើងបានបណ្ដុះបណ្ដាល និងព្យាយាមធ្វើយ៉ាងណាឱ្យគាត់អាចពឹងខ្លួនឯងបាន ទោះបីជាគម្រោងត្រូវបានបញ្ចប់។ កន្លងមក សហគមន៍ បានរៀន អនុវត្ត និងអាចរកទីផ្សារខ្លះៗហើយ។ បច្ចុប្បន្នទឹកឃ្មុំនៅខាងសហគមន៍ក្នុងខេត្តក្រចេះ អាចលក់បានចន្លោះពីមួយតោន ទៅពីរតោនក្នុងមួយឆ្នាំៗ»។ លោក វល័ក្ខ ប្រាប់ ThmeyThmey25 ដូច្នេះ។ 


សហគមន៍ បានបំភាយផ្សែងយកឃ្មុំតាមបច្ចេកទេស។ រូបភាពដោយ។រូបភាពដោយ Sambath Set។

បន្ទាប់ពីធ្វើការលើគម្រោងនេះចាប់ពីឆ្នាំ២០១៥មក ទិន្នផលទឹកឃ្មុំ ដែលដកហូតចេញពីព្រៃអាចមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។  លោក វល័ក្ខ លើកឡើងថា អាចមានកត្តាបីដែលបណ្ដាលឱ្យទឹកឃ្មុំព្រៃធ្លាក់ចុះរួមមាន បញ្ហាការប្រែប្រួលអាកាសធាតុ ជម្រក និងអាហារ។ 
 

ផលិតផលទឹកឃ្មំដែលបានវេចខ្ចប់សម្រាប់លក់លើទីផ្សារ។ រូបភាពដោយ Sambath Set។

លោក វល័ក្ខ បង្ហាញបែបនេះ៖« កន្លងមកទាក់ទងទិន្នន័យដែលយើងទទួលបាន ទឹកឃ្មុំមានការថយចុះ។ ការណ៍នេះអាចបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដោយហេតុថាឆ្នាំខ្លះក្តៅខ្លាំងពេក ជាហេតុធ្វើឱ្យស្ងួតខ្លាំង។ ដូច្នេះប្រភពចំណី និងទឹកអាចផ្គត់ផ្គង់មិនគ្រប់គ្រាន់សម្រាប់ឃ្មុំ »។ 
 
បញ្ហាប្រែប្រួលអាកាសធាតុ ជារឿងសកលតម្រូវឱ្យមានការចូលរួមទាំងអស់គ្នា ពីគ្រប់ភាគីពាក់ព័ន្ធ។ ទន្ទឹនេះមានអង្គការដៃគូមួយចំនួន ក៏កំពុងបង្កើតកម្មវិធី ដែលជាប់ពាក់ព័ន្ធទៅលើការស្ដារនិងថែរក្សា អភិរក្សព្រៃឈើ ប្រកបដោយនិរន្តភាព ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវបញ្ហាដែលកំពុងជួបប្រទះ៕ 

Tag:
 អង្គការ NIFP EP
  គម្រោងឃ្មុំព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com