ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ប្រេស៊ីល នឹងបង្កើតស្ថានទូតរវាងប្រទេសទាំង២ នាពេលឆាប់ៗ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស ចាប់ដៃ ជាមួយលោក Carlos Alberto Franco França រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-ប្រេស៊ីល លើកទី១។ រូបថត៖ ក្រសួងការបរទេស
× កម្ពុជា និងប្រេស៊ីល គ្រោងបង្កើតស្ថានទូតរវាងប្រទេសទាំងពីរ នាពេលអនាគតដ៏ឆាប់ខាងមុខ។ លើសពីនេះប្រទេសទាំងពីរ ក៏ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ ក្នុងពេលដែលកំពុងបន្តកសាងទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
គម្រោងបង្កើតស្ថានទូតរវាងកម្ពុជា-ប្រេស៊ីលនេះ ត្រូវបានលើកឡើងនាអំឡុងពេលដែលលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅបំពេញទស្សនកិច្ចនៅសាធារណសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី២៩វិច្ឆិកា ដល់ ថ្ងៃទី១ធ្នូ ឆ្នាំ២០២២។ បេសកកម្មការងារ៣ថ្ងៃរបស់លោក អ៊ុច បូររិទ្ធ គឺដើម្បីធ្វើជាសហប្រធានជាមួយលោក Carlos Alberto Franco França រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-ប្រេស៊ីល លើកទី១។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងកម្ពុជា និងប្រស៊ីល បានបញ្ជាក់ថា រដ្ឋមន្ត្រីប្រទេសទាំងពីរបានពិភាក្សាគ្នាលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានទាំងទំនាក់ទំនងការទូត ពាណិជ្ជកម្ម វិនិយោគ អប់រំ កីឡា ទេសចរណ៍ កសិកម្ម ការជួញដូរមនុស្ស ការដោះមីន និងបេសកកម្មថែរក្សាសន្តិសុខ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញនូវសុទិដ្ឋនិយមថា៖« ប្រទេសទាំងពីរ នៅមានវិស័យសក្កានុពលជាច្រើនទៀត ដើម្បីស្វែងយល់ពីគ្នា និងទាញយកប្រយោជន៍ ក្នុងពេលដែលប្រទេសទាំងពីរកំពុងបន្តកសាងទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលអាចសម្រេចបាន»។ ក្រសួងការបរទេសបន្តរៀបរាប់យ៉ាងដូច្នេះ៖ «ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចសហការក្នុងការបើកស្ថានទូតរៀងៗខ្លួន ទាំងនៅរាជធានីភ្នំពេញ និងទាំងនៅទីក្រុងប្រេស៊ីល ក្នុងពេលអនាគត ដ៏ឆាប់ខាងមុខ»។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រសួងការបរទេស។
ដោយឡែក ទំហំពាណិជ្ជកម្មរវាងប្រទេសមានកម្រិតនៅឡើយនោះ លោក អ៊ុច បូររិទ្ធ បានស្នើឱ្យមានវេទិកាធុរកិច្ច រៀបចំឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅរាជធានីភ្នំពេញ ដើម្បីពង្រីកសកម្មភាពធុរកិច្ចរវាងប្រទេសទាំងពីរ។ ចំពោះវិស័យអប់រំ ប្រទេសប្រេស៊ីលសម្រេចផ្តល់អាហារូបករណ៍៥កន្លែង ដល់សិស្សនិស្សិតកម្ពុជាក្នុងមួយឆ្នាំៗ។
សម្រាប់វិស័យកសិកម្ម ប្រទេសទាំងពីរបានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ តាមរយៈការចែករំលែកបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីជំនាញទៅវិញទៅមក៕
© រក្សាសិទ្ធិដោយ thmeythmey.com