ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ថា ប្រតិភូសភានិយាយភាសាបារាំង ឲ្យតម្លៃនិងគោរពដល់ការតស៊ូរបស់លោក
05, Dec 2022 , 4:09 pm        
រូបភាព
លោក កឹម សុខា (កាន់របស់ម្យ៉ាងមើលទៅដូចខ្សែកងអង្កាំ) និងសហការី ថតជាមួយគណៈប្រតិភូសភានិយាយភាសាបារាំង នៅមុខទ្វារផ្ទះរបស់លោក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។ រូបពីហ្វេសប៊ុករបស់លោក កឹម សុខា
លោក កឹម សុខា (កាន់របស់ម្យ៉ាងមើលទៅដូចខ្សែកងអង្កាំ) និងសហការី ថតជាមួយគណៈប្រតិភូសភានិយាយភាសាបារាំង នៅមុខទ្វារផ្ទះរបស់លោក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។ រូបពីហ្វេសប៊ុករបស់លោក កឹម សុខា
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូសភានិយាយភាសាបារាំង (APF) បានចូលជួបពិភាក្សាជាមួយលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានរបស់លោក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។ គណៈប្រតិភូមនេះ ដឹកនាំដោយលោក គ្រិសស្តុប ហ្រ្វាសា (Christophe Frassa) សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានគណ:កម្មការនយោបាយរបស់សភានិយាយភាសាបារាំង។



លោក កឹម សុខា បានសរសេរលើទំព័រហ្វសប៊ុកថា៖«គណ:ប្រតិភូសភា APF ដែលបានសរសេរលើទំព័រហ្វសប៊ុកថា៖«គណ:ប្រតិភូសភា APF ដែលបានមកជួបសម្តែងការគួរសមជាមួយខ្ញុំ បានផ្តល់តម្លៃ គោរពចំពោះការតស៊ូដោយអហិង្សា និងដោយការអត់ធ្មត់របស់ខ្ញុំ ដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។ 
 
គណៈប្រតិភូសភានិយាយភាសាបារាំង បានជួបមន្រ្តីកម្ពុជាមួយចំនួន រួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេស និងលោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាដើម។ 
 
តាមរយៈសំណេរលើទំព័រហ្វេសប៊ុកដដែល លោក កឹម សុខា លើកឡើងពីជំនួបរបស់លោកជាមួយបរទេសជាបន្តបន្ទាប់ថា លោក បានជួបពិភាក្សាការងារជាមួយបណ្តាបរទេសប្រចាំកម្ពុជា មន្ត្រីជាន់ខ្ពស់នៃប្រទេសជាមិត្តរបស់កម្ពុជា និងគណ:ប្រតិភូសភានៃប្រទេសជាមិត្តរបស់កម្ពុជា។ មេដឹកនាំប្រឆាំង ដែលកំពុងជាប់ក្តីក្តាំនៅតុលការរូបនេះ មើលឃើញថា មន្រ្តីបរទេសទាំងនោះ ដែលទៅជួបលោក គឺគោរពរាប់អាន និងចង់ឃើញប្រជាពលរដ្ឋខ្មែរ ទទួលបានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព។  
 
សូមរម្លឹកថា សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានបិទបញ្ចប់ការសួរដេញដោលហើយ ហើយអំឡុងពេលនេះ គឺជាដំណាក់កាល ដែលភាគីពាក់ព័ន្ធ នាំគ្នាសរសេរសេចក្តីសន្និដ្ឋានរៀងៗខ្លួន ដើម្បីដាក់ជូនតុលាការ។ តុលាការ នឹងបើកសវនាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងដ៏ធំមួយនេះ។ 
 
មុនឈានដល់ការបិទបញ្ចប់នូវការសួរដេញដោល សំណុំរឿងរបស់លោក កឹម សុខា ត្រូវអូសបន្លាយអស់រយៈពេលជាង៥ឆ្នាំ។ លោក ត្រូវបានចោទប្រកាន់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ពីបទលួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ 
 
 
 
 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com