ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​រលាក​ទងសួត (Bronchitis)
06, Dec 2022 , 10:59 pm        
រូបភាព
ជំងឺ​រលាក​ទងសួត​គឺជា​ជំងឺឆ្លង​តាម​ទងសួត​ដែល​ជា​ផ្លូវដង្ហើម​ភ្ជាប់​បំពង់ខ្យល់​ទៅ​នឹង​សួត​។ វា​ច្រើន​តែ​បង្ករ​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​នៅ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ ហើយ​ប្រសិនបើ​វា​មិនជា​នោះ​ទេ វា​អាច​បង្ករ​ឱ្យ​មាន​ជំងឺ​រលាក​សួត (pneumonia)​។

 
គ្រូពេទ្យ Barbara Phillips និយាយ​ថា ក្នុង​ករណី​ជា​ច្រើន ថ្នាំ​អង់​ទី​ប៊ី​យូ​ទិច​មិន​អាច​ព្យាបាល​ជំងឺ​រលាក​ទងសួត​ដែល​បង្ករ​ឡើង​ដោយ​មេរោគ​បាន​ទេ ប៉ុន្តែ​វា​អាច​ព្យាបាល​បាន​ប្រសិនបើ​ជំងឺ​នេះ​បង្ករ​ឡើង​ដោយ​បាក់តេរី​។ ជំងឺ​រលាក​សួត​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង ១ ទៅ ២​ស​ប្តា​ហ៍ ប៉ុន្តែ​ចំពោះ​អ្នកមាន​ឈឺ​ធ្ងន់ធ្ងរ​អាច​ក្អក​និង​ដកដង្ហើម​ដង្ហក់​រយៈពេល​ជា​ច្រើន​ខែ​។ ទោះជា​អ្នក​ត្រូវ​ព្យាបាល​វា​តាម​សម្រួល ប៉ុន្តែ​មាន​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​ឱ្យ​អ្នក​ដកដង្ហើម​បាន​ស្រួល​។
 
បញ្ឈប់​ការ​ជក់បារី​៖ វា​ជា​រឿង​សំខាន់​ក្នុង​ការ​បញ្ឈប់​ការ​ជក់បារី ជា​ពិសេស​ប្រសិនបើ​អ្នក​ឈឺ​ធ្ងន់​។ ៩០ ទៅ ៩៥​ភាគរយ​នៃ​ជំងឺ​រលាក​ទងសួត​បង្ករ​ឡើង​ដោយ​ការ​ជក់បារី​។
គេច​ចេញពី​ផ្សែង​បារី​៖ គេច​ពី​អ្នក​ដែល​ជក់បារី ហើយ​ប្រសិនបើ​ដៃគូ​របស់​អ្នក​ជក់បារី ត្រូវ​ហាម​គាត់​មិន​ឱ្យ​ជក់​។ ការ​បឺត​យក​ផ្សែង​បារី​ដែល​អ្នក​ដទៃ​ជក់​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​កើត​ជំងឺ​រលាក​ទងសួត​បាន​ដែរ​។
 
ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​៖ ការ​ទទួលទាន​ទឹក​ពី ៤ ទៅ ៦​កែវ ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ឱ្យ​អ្នក​ងាយស្រួល​ក្អក​ជាង​មុន​។ ចៀសវាង​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ឬ​គ្រឿង​ស្រវឹង ព្រោះ​វា​ធ្វើ​ឱ្យ​អ្នក​នោម​ច្រើន​ដែល​ធ្វើ​ឱ្យ​បាត់បង់​ជាតិ​ទឹក​ច្រើន​។
 
ដកដង្ហើម​ដោយ​ប្រើ​ខ្យល់​ឧណ្ហ​ៗ៖ ខ្យល់​ក្តៅ​ឧណ្ហ​ៗ​ជួយ​ធ្វើ​ឱ្យ​សំបោ​ដែល​កកស្ទះ​នៅ​ករ​លាយ ដែល​ជួយ​ឱ្យ​អ្នក​ងាយស្រួល​ក្អក​ជាង​មុន​។
យកចិត្តទុកដាក់​លើ​វិធី​បង្ការ​៖ ទារក​, កុមារ​, អ្នក​ជក់បារី​, អ្នកមាន​ជំងឺ​បេះដូង​ឬ​សួត​, និង​មនុស្ស​ចាស់​សុទ្ធតែ​ងាយ​នឹង​មាន​ជំងឺ​រលាក​ទងសួត ឬ​អាច​នឹង​ដល់​ថ្នាក់​មាន​ជំងឺ​រលាក​សួត​។ ពួក​គេ​គួរ​ចៀសវាង​ធ្វើការ​ខាងក្រៅ​និង​ហាត់ប្រាណ​ពេល​ដែល​មាន​ជាតិពុល​ក្នុង​បរិយាកាស​ខ្លាំង​។
 
ករណី​ត្រូវ​រក​គ្រូពេទ្យ​៖
  • ការ​ក្អក​កាន់តែ​ខ្លាំង​ឡើង​ៗ មិន​មានការ​អន់​ថយ​សោះ
  • អ្នក​ក្តៅខ្លួន ឬ ក្អកមាន​ឈាម
  • អ្នក​ដកដង្ហើម​ដង្ហក់​និង​ឧស្សាហ៍​ក្អក
  • អ្នកជា​មនុស្ស​ចាស់
  • អ្នកមាន​ជំងឺ​បេះដូង​ឬ​សួត
ត្រួតពិនិត្យដោយ៖ www.health.com.kh
 



© រក្សាសិទ្ធិដោយ thmeythmey.com