ជាតិ
សុវត្តិភាព ចរាចរណ៍
សម្ដេច ស ខេង មិនគាំទ្រឱ្យអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងររួចខ្លួន ត្រឹមតែបង់សំណងឡើយ
× សម្ដេច ស ខេង មិនគាំទ្រឱ្យអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដល់អ្នកដទៃ រួចផុតពីសំណាញ់ច្បាប់ ដោយត្រឹមតែបង់ប្រាក់សំណងឡើយ។ សម្ដេច ស ខេង ថ្លែងក្រោយបិទបញ្ចប់ទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ ប្រានៅសួនច្បារមុខវត្តបុទមវតី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ធ្នូនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា កំពុងតាមដានលើករណីជនបង្ករគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដល់អ្នកដទៃហើយ បញ្ចប់បញ្ហាដោយការបង់ប្រាក់សំណង។ «ខ្ញុំគិតថា មិនមែនជារឿងទូទៅទេ កន្លែងខ្លះជាបុគ្គល ។ ខ្ញុំ ក៏ចង់ដឹងព័ត៌មានជាក់លាក់ ដើម្បីចាត់វិធានការឱ្យបានសមស្របដែរ ហើយខ្ញុំមិនគាំទ្ររឿងអ៊ីចឹងទេ»។ សម្ដេច ស ខេង ឆ្លើយតបបែបនេះ ទៅកាន់អ្នកសារព័ត៌មាន ។
ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វា កាលពីថ្ងៃទី៥ធ្នូ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ពិសេសកុមារមានអាយុប្រមាណ១ខែ កំពុងសង្គ្រោះបន្ទាន់។ ករណីនេះ ភាគីបង្កហេតុនិងជនរងគ្រោះ បានព្រមព្រៀងគ្នាដោះស្រាយសំណងក្រៅប្រព័ន្ធតុលាការ ក្នុងទឹកប្រាក់២,៥០០ដុល្លារ។
តែយ៉ាងណាស្នងការដ្ឋានរាជធានីភ្នំពេញ បានបន្ថែមថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនបញ្ចប់ត្រឹមនេះឡើយ ព្រោះនៅជាប់បណ្ដឹងអាជ្ញា។ «ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះ នៅជាប់បណ្តឹងអាជ្ញា ហើយកម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់»។ ស្នងការដ្ឋានរាជធានីភ្នំពេញ សរសេរបែបនេះ លើហ្វេសប៊ុក។
ដោយឡែកក្រុមមេធាវីសម្ដេច ហ៊ុន សែន ក៏ចុះទៅប្រមូលភស្តុតាងនានាលើករណីនេះ ដើម្បីបន្តនីតិវិធីច្បាប់។
Tag:
ស ខេង
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com