៨ក្រុមកំពុងបោះជំហានបន្តទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅតាកា បន្ទាប់ពីពួកគេទទួលជ័យជម្នះរៀងៗខ្លួន។ ក្រុមទាំងនោះ រួមមាន ហូឡង់, អាហ្សង់ទីន, ក្រូអាស៊ី, ប្រេស៊ីល, អង់គ្លេស, បារាំង, ម៉ារ៉ុក និងព័រទុយហ្កាល់។
ខណៈក្រុមទាំង៨ត្រូវបន្តដំណើរទៅកាន់តំណែងជើងឯក ២៤ក្រុមផ្សេងទៀតក្នុងចំណោម៣២ក្រុមបានហាលអាវជាបន្តបន្ទាប់ ក្នុងនោះមាន៨ក្រុមនៅវគ្គ៨ក្រុមចុងក្រោយ និង១៦ក្រុមនៅវគ្គជម្រុះតាមពូល។

លទ្ធផលបានបង្ហាញថា ជប៉ុនជាក្រុមដែលមានចំណោមថ្នាក់ខ្ពស់ជាងគេ គឺលេខ៩ក្នុងចំណោមក្រុមដែលបានហាលអាវ។ ក្នុងការប្រកួត៣លើកក្នុងពូល E ជប៉ុនស៊ីអាល្លឺម៉ង់ ២-១, ចាញ់កូស្តារីការ ១-០ និងឈ្នះអស្ប៉ាញ ២-១។
ក្នុងនាមជាក្រុមលេខ១ក្នុងពូល ក្រុមសាមួរ៉ៃមួយនេះ បន្តប៉ះក្រូអាស៊ី ប៉ុន្តែសំណាងមិនល្អ បានចាញ់ ៣-១ ដោយការទាត់ប៉េណាល់ទីសម្រេចសេចក្តី ក្រោយលទ្ធផល ១២០នាទី ស្មើ ១-១។ ក្រោយលទ្ធផលទាំង៤ប្រកួត ជប៉ុនមាន៧ពិន្ទុ (+១)។
ក្រុមដែលឈរលេខរៀង Top 16 ជាបន្តបន្ទាប់រួមមាន សេណេហ្កាល់, អូស្ត្រាលី, ស្វ៊ីស, អេស្ប៉ាញ, អាម៉េរិក, ប៉ូឡូញ និងកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងស្ថិតនៅលេខរៀងទី១៦ ដោយសារលទ្ធផលចុងក្រោយ បានប្រកួតចាញ់ប្រេស៊ីល ៤-១។
រីឯក្រុមដែលធ្លាក់ចេញតាំងពីវគ្គជម្រុះតាមពូលវិញ អាល្លឺម៉ង់ ជាក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ (លេខ១៧) ដោយមាន៤ពិន្ទុ (+១) ដូចអេក្វាទ័រ (លេខ១៨) តែមានប្រៀបលើចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់។
កាមេរូនស្ថិតនៅលេខ១៩ ដោយមានលទ្ធផលល្អជាងអ៊ុយរូហ្កាយ, ទុយនីស៊ី, ម៉ិកស៊ិក, បែលហ្សិក, ហ្កាណា, អារ៉ាប៊ីសាអូឌីត, អ៊ីរ៉ង់, ដាណឺម៉ាក, ស៊ែប៊ី, វេលស៍, កាណាដា និងម្ចាស់ផ្ទះកាតា។
ក្នុងការប្រកួតជម្រុះតាមពូល កាណាដា និងកាតា ចាញ់ទាំងបីប្រកួតដូចគ្នា។ កាណាដា ស្ថិតនៅលេខ៣១ ដោយសារស៊ុតបាល់បញ្ចូលទីលើគូប្រកួតបាន២គ្រាប់ និងធ្លាយវិញ៧គ្រាប់ រីឯម្ចាស់ផ្ទះកាតា ជាប់លេខចុងគេ ដោយសារស៊ុតបញ្ចូលទីតែ១គ្រាប់ ហើយធ្លាយវិញ៧គ្រាប់៕