អន្តរជាតិ
អភិបាលក្រុងបាងកកសរសើរការរីកចម្រើនរបស់ភ្នំពេញ និងការដឹកនាំរបស់សម្តេចហ៊ុន សែន ដែលផ្តល់ឱកាសដល់យុវជន
08, Dec 2022 , 8:43 am        
រូបភាព
លោក ឆាត់ឆាត ស៊ីធីផាន់ អភិបាលរាជធានីបាងកក កំពុងចូលរួមប្រជុំអភិបាលរាជធានី/រដ្ឋធានីអាស៊ាន នានារសៀលថ្ងៃទី២ខែធ្នូ ឆ្នាំ ២០២២ ក្នុងរាជធានីភ្នំពេញ
លោក ឆាត់ឆាត ស៊ីធីផាន់ អភិបាលរាជធានីបាងកក កំពុងចូលរួមប្រជុំអភិបាលរាជធានី/រដ្ឋធានីអាស៊ាន នានារសៀលថ្ងៃទី២ខែធ្នូ ឆ្នាំ ២០២២ ក្នុងរាជធានីភ្នំពេញ
សារព័ត៌មានថៃ បានមួង បានចុះផ្សាយពីប្រសាសន៍របស់លោកអភិបាលរាជធានីបាងកក លោក ឆាត់ឆាត ស៊ីធីផាន់ ដែលបាននិយាយសរសើរអំពីសម្រស់ និងការរីកចម្រើនរបស់រាជធានីភ្នំពេញ។ សារព័ត៌មានថៃដដែលបានកត់សម្គាល់ថា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន ភ្នំពេញ ដែលបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ បានក្លាយជារាជធានីទំនើបមួយដែលប្រទេសមហាអំណាចស្វែងរក និងដាក់ការវិនិយោគក្នុងចំណោមប្រទេសសមាជិកអាស៊ាន។

 
លោកអភិបាលរាជធានីក្រុងបាងកក បានថ្លែងសរសើរដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងឱ្យបម្រើការនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាក់ស្ដែង លោកបានកត់សម្គាល់ពីសមត្ថភាពរបស់អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន ក្នុងវ័យ៤២ឆ្នាំ ដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំង និងអាចប្រើប្រាស់បារាំង និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ហើយមានទស្សនវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ។
 

ពីខាងឆ្វេង៖ លោក Athsaphanthong Siphandone អភិបាលរដ្ឋធានីវៀងច័ន្ទ, លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ, លោក ឃួង  ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឆាត់ឆាត ស៊ីធីផាន់ អភិបាលរាជធានីបាងកក នៅក្នុងកិច្ចប្រជុំ អភិបាលរាជធានី/រដ្ឋធាន អាស៊ាន ដែលរៀបចំដោយ រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី២-៣ ធ្នូ ២០២២ នៅសណ្ឋាគារ សុខា។

លោកអភិបាលរាជធានីបាងកកបានកត់សម្គាល់អំពីការរីកចម្រើនរបស់រាជធានីភ្នំពេញ នៅពេលដែលលោកបានមានវត្តមាននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២-៣ ខែធ្នូកាលពីសប្ដាហ៍មុន។ លោក ឆាត់ឆាត ស៊ីធីផាន់ អភិបាលរាជធានីបាងកកបានទទួលយកការអញ្ជើញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីចូលរួមក្នុងកិច្ចប្រជុំអភិបាលរាជធានី/រដ្ឋធានីអាស៊ាន និងវេទិកាទីក្រុងអាស៊ាន។
 
រដ្ឋបាលរាជធានីភ្នំពេញបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់តំបន់អាស៊ានចំនួន២ទន្ទឹមគ្នាជាលើកដំបូង ដោយមានការផ្តល់កិត្តិយសបើកព្រឹត្តិការណ៍ទាំងពីរនេះពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ដោយសារតែសារព័ត៌មានថៃបានចេញផ្សាយអត្ថបទដែលដកស្រង់ប្រសាសន៍លោកអភិបាលរាជធានីបាងកក ដែលអធិប្បាយសរសើររាជធានីភ្នំពេញ និងបានលើកឡើងពីលោកអភិបាលរង នួន ផារ័ត្ន សារព័ត៌មានថ្មីៗបានទាក់ទងសម្ភាសលោក នួន ផារ័ត្ន ដើម្បីស្នើសុំចំណាប់អារម្មណ៍របស់លោក។ ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ លោកអភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះលោកអភិបាលក្រុងបាងកកដែលបានកោតសរសើរសម្រស់ និងការរីកចម្រើនរបស់រាជធានីភ្នំពេញ ពិសេសដែលបានផ្តល់តម្លៃដល់ការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
 

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ (រូបស្ដាំ) ស្វាគមន៍ លោក ឆាត់ឆាត ស៊ីធីផាន់ អភិបាលរាជធានីបាងកក នៅក្នុងកិច្ចប្រជុំអភិបាល រាជធានី/រដ្ឋធានីអាស៊ាន នៅក្នុង រាជធានីភ្នំពេញ។
 
លោក នួន ផារ័ត្ន បានមានប្រសាសន៍យ៉ាងដូច្នេះ៖«ខ្ញុំសូមអរគុណលោកអភិបាលរាជធានីបាងកកដែលបានកត់សម្គាល់ និងមានចំណាប់អារម្មណ៍ចំពោះការរីកលូតលាស់របស់រាជធានីភ្នំពេញ ជាពិសេសលោកបានកោតសរសើរការដឹកនាំរបស់សម្តេចតេជោ។ កាយវិការរបស់លោកអភិបាលរាជធានីបាងកក បានបង្ហាញអំពីសាមគ្គីភាព និងមិត្តភាពរវាងអភិបាលរាជធានី និងរដ្ឋធានីនៅក្នុងតំបន់អាស៊ានរបស់យើង។»។
 
លោក នួន ផារ័ត្ន បានបន្តបញ្ជាក់ឱ្យដឹងផងដែរថា លោកអភិបាលរាជធានីបាងកក ឆាត់ឆាត ស៊ីធីផាន់ គឺជាមនុស្សពូកែ រួសរាយ សាមញ្ញ និងមានចរិតមហាជន។ លោកអភិបាលរងរាជធានី ផារ័ត្ន បញ្ជាក់ដូច្នេះ៖«លោក ឆាត់ឆាត ជាមនុស្សមានសមត្ថភាព។ លោកតែងបានចែករំលែកពិសោធន៍ជាច្រើនអំពីការអភិវឌ្ឍរាជធានីបាងកក នៅក្នុងកិច្ចប្រជុំផ្លូវការ និងក្រៅផ្លូវការ។ គំនិតរបស់លោកបានផ្តល់ពិសោធន៍ជាច្រើនដល់ខ្ញុំ ដើម្បីខ្ញុំអាចចូលរួមចំណែកក្នុងការអភិវឌ្ឍរាជធានីភ្នំពេញរបស់យើង។»។ 
 
គួរម្លឹកថា ក្នុងខែមិថុនាឆ្នាំ២០១៧ លោក នួន ផារ័ត្ន ត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ ហើយត្រូវបានតែងតាំងបន្តក្នុងអាណត្តិទី២រហូតពេលបច្ចុប្បន្ននេះ៕






 
 

© រក្សាសិទ្ធិដោយ thmeythmey.com