កម្មវិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២២ បានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស មកពីក្រសួងស្ថាប័ន វិស័យឯកជន សហគមន៍ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍នានា ដែលបានរៀបចំឡើងនៅអគាររ៉ូយ៉ាល់ត្រេនសឃ្វែរ (Royal Train Square)។
ក្រុមហ៊ុនជ័យលាភីចំនួន៥ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង១៧២ ស្ថាប័ន ដោយគណៈវិនិច្ឆ័យមកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានសិក្សា ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ៤ ចំណុច គឺការច្នៃប្រឌិតបច្ចេកវិទ្យា ការដោះស្រាយបញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ។ ជ័យលាភីទាំង ៥ ប្រភេទពានរង្វាន់ រួមមាន៖

(១). ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) ត្រូវបានផ្តល់ជូន “ EdTech Video ” របស់ E-School Cambodia ទទួលបានថវិការង្វាន់ចំនួន ពីរពាន់ដុល្លារអាម៉េរិក។
(២). ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) ត្រូវបានផ្តល់ជូន “ The Khmer Identification Card (ID) OCT API ” របស់មជ្ឈមណ្ឌលធុរកិច្ចថ្មី “ តេជោ ” (Techo Startup Center) ទទួលបានថវិការង្វាន់ចំនួន ពីរពាន់ដុល្លារអាម៉េរិក។
(៣). ពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) ត្រូវបានផ្តល់ជូន ក្រុមហ៊ុន EZECOM ទទួលបានថវិការង្វាន់ចំនួន ពីរពាន់ដុល្លារអាម៉េរិក។
(៤). ពានរង្វាន់បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) ត្រូវបានផ្តល់ជូន “ CarnetDia App ” របស់ស្ថាប័ន CarnetDia ទទួលបានថវិការង្វាន់ចំនួន ពីរពាន់ដុល្លារអាម៉េរិក។
(៥). ពានរង្វាន់ពិសេសមួយត្រូវបានរៀបចំឡើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី លើកកម្ពស់ការប្រកួតប្រជែង នៃការចាប់ផ្តើម អាជីវកម្មឌីជីថលថ្នាក់ជាតិ តាមរយៈការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងសមត្ថភាពក្នុងការច្នៃប្រឌិត ក៏ដូចជាគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងប្រទេស គឺពានរង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សម្រាប់ធុរកិច្ចថ្មី (Minister of Post and Telecommunication Startup Award) ត្រូវបានផ្តល់ជូន " CheckinMe App " របស់ក្រុមហ៊ុន CheckinMe ដែលទទួលបានថវិការង្វាន់ចំនួន ១ម៉ឺនដុល្លារអាម៉េរិក ។

នៅក្នុងការថ្លែងសុន្ទរកថា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ “ពានរង្វាន់ឌីជីថលកម្ពុជា គឺជាគំរូនៃភាពជោគជ័យ របស់សហគ្រិនបច្ចេកវិទ្យា នវានុវត្តន៍ជន និងធុរកិច្ចថ្មីឌីជីថលរបស់យើង សំដៅបំផុសគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចឌីជីថល និងសង្គមសម្រាប់ប្រទេសយើង។"
បណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានគូសបញ្ជាក់ថា ៖“សម្រាប់រយៈពេល ៨ ឆ្នាំចុងក្រោយនេះ កម្មវិធីនេះបានរីកចម្រើន ពីការប្រកួតតូចតាច ប្រែក្លាយទៅជាពានរង្វាន់ថ្នាក់ជាតិ ដ៏មានកិត្យានុភាព ដែលក្រុមហ៊ុន ធុរកិច្ចថ្មីឌីជីថល សាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាល បានដាក់សំណើប្រកួតរបស់ពួកគេ ដើម្បីមានឱកាសឈ្នះក្លាយជាម្ចាស់ជ័យលាភី និងការទទួលស្គាល់ជាគំរូ សម្រាប់ភាពជោគជ័យទាក់ទងនឹងភាពច្នៃប្រឌិត។”

លោកបានបន្តទៀតថា តាមរយៈពានរង្វាន់នេះ យើងបាននាំក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកចាប់ផ្តើមធុរកិច្ចថ្មីឌីជីថលរបស់យើង ទៅកាន់កម្រិតបន្ទាប់ ដោយក្លាយជាតំណាងឱ្យប្រទេសកម្ពុជា ក្នុងឆាកក្នុងតំបន់ និងអន្តរជាតិ សម្រាប់បង្ហាញពីភាពជោគជ័យ របស់យើងក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល និងដាក់ប្រទេសកម្ពុជា នៅលើផែនទីនៃប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ក្នុងតំបន់។
កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើង ក្រោមការគាំទ្រ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងការសហការឧបត្ថម្ភ ដោយក្រុមហ៊ុន Smart Axiata និង Huawei Technologies (Cambodia) ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ដៃគូ បេក្ខជនចូលរួម និងគណៈកម្មការរៀបចំ ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទី (CEO) នៃក្រុមហ៊ុន Smart Axiata បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍នេះ និងបានអបអរសាទរសម្រាប់ ជ័យលាភីទាំងអស់ ចំពោះសមិទ្ធផលរបស់ពួកគេ។

"ក្រុមហ៊ុន Smart Axiata មានមោទកភាពជាខ្លាំង ដែលបានធ្វើការជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីរៀបចំកម្មវិធីពានរង្វាន់ ICT ថ្នាក់ជាតិដ៏ធំបំផុត ប្រកបដោយជោគជ័យ ដែលជាចូលរួមអបអរ ក្នុងការទទួលស្គាល់នូវគំនិតច្នៃប្រឌិត និងដំណោះស្រាយដ៏ល្អបំផុតមួយ ពីសំណាក់ស្ថាប័នជ័យលាភី នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។"
លោកក៏បានបន្ថែមថា ៖ “នៅឯក្រុមហ៊ុន Smart ចក្ខុវិស័យរបស់យើង គឺការក្លាយជាជើងឯកឌីជីថលរបស់កម្ពុជា។ យើងជឿជាក់ថា គំនិតវ័យក្មេងដ៏ភ្លឺស្វាង ដូចជាអ្នកចូលរួមពីកម្មវិធី Cambodia Digital Awards នឹងមានសក្ដានុពលដ៏អស្ចារ្យ ក្នុងការផ្តល់អត្ថប្រយោជន៍ដល់សង្គមឌីជីថលរបស់យើង»។
គណៈកម្មការរៀបចំពានរង្វាន់ឌីជីថលកម្ពុជា សូមចូលរួមអបអរសាទរ ចំពោះជ័យលាភី ទាំងអស់ ដែលជាអ្នកផ្តួចផ្តើម ក្នុងការផលិតនូវផលិតផល និងសេវាកម្មឈានមុខ សម្រាប់សង្គមឌីជីថលនៅកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែម៖

(អត្ថបទពាណិជ្ជកម្ម)