FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA៖ World Cup គ្មានក្រុមខ្សោយទៀតទេ
08, Dec 2022 , 4:32 pm        
រូបភាព
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ថ្ងៃទី៧ ខែធ្នូ សរសើរការប្រកួតរបស់ក្រុមទាំងអស់ក្នុងវគ្គចែកពូលនៅក្នុងព្រឹត្តិការណ៍ World Cup ប្រទេសកាតាអស្ចារ្យមិនធ្លាប់មាន។ ប្រធាន ​FIFA បន្ថែមថា World Cup លែងមានក្រុមខ្សោយហើយ ដ្បិតក្រុមមកទ្វីបផ្សេងៗកាន់តែរីកចម្រើន។


ព្រឹត្តិការណ៍ World Cup 2022 បានបង្កើតរឿងរ៉ាវអស្ចារ្យប្លែកៗជាច្រើនសឹងមិនគួរឱ្យជឿ។ អតីតម្ចាស់ជើងឯកដូចជាអាហ្សង់ទីន, អេស្ប៉ាញ, អាល្លឺម៉ង់ និងប្រេស៊ីលសុទ្ធតែជួបរឿងខកចិត្ត ក្រោយចាញ់ការប្រកួតក្នុងវគ្គចែកពូលដូចគ្នា។ ចំណែកក្រុមមកពីទ្វីបអាហ្រ្វិក អាស៊ី និងអាម៉េរិកបង្ហាញវត្តមានក្នុងវគ្គ ១៦ក្រុមចុងក្រោយដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនិងក្រុមប្រជែងខ្លាំងប្រចាំប្រវត្តិសាស្ត្រ World Cup។
 
តាមរយៈសេចក្តីថ្លែងការណ៍មួយដែលបង្ហោះដោយ FIFA នាថ្ងៃទី៧ នេះប្រធាន FIFA លោក Infantino សរសើរការប្រកួតរបស់ក្រុមទាំងអស់ក្នុងវគ្គចែកពូល និងក្រុមតូចៗបានបំបាក់ក្រុមធំៗជារឿងដ៏ភ្ញាក់ផ្អើល ហើយការប្រកួតបានទាក់ទាញចំណាប់អារម្មណ៍មនុស្សទស្សនាតាមកញ្ចក់ទូរទស្សន៍ជាង ២ពាន់លាននាក់។ 
 
«ការប្រកួតតាមកីឡដ្ឋានដ៏ស្រស់ស្អាត បរិយាកាសពិតជាអស្ចារ្យ គ្រាប់បាល់ដ៏អស្ចារ្យច្រើនណាស់ រាល់ការប្រកួតមានភាពភ្ញាក់ផ្អើលមិនគួរឱ្យជឿ ក្រុមតូចៗបំបាក់ក្រុមធំៗ។ ពិតណាស់វាមិនមានក្រុមតូចៗទៀតទេ ឬក្រុមដែលធំៗទៀតដែរ គម្រិតនៃបាល់ទាត់ពេលនេះគឺមានសមត្ថភាពសឹងស្មើៗគ្នា។ ក្រុមជម្រើសជាតិមកពីទ្វីបទាំងអស់កំពុងតែបន្តដំណើរទៅវគ្គជម្រុះ លើកដំបូងក្នុងប្រវត្តិសាស្រ្ត នេះទើបបង្ហាញថាបាល់ទាត់ទើបជាពិភពលោកដ៏ពិតប្រាកដ។»។ លោក Infantino បាននិយាយបែបនេះ។
 
ព្រឹត្តិការណ៍ World Cup 2022 ដំណើរការបានយ៉ាងល្អខុសពីការគិត។ លោក Infantino បានបង្វែរការរិះគន់ជាច្រើនពីសំណាក់ប្រទេសទ្វីបអឺរ៉ុបមកលើប្រទេសម្ចាស់ផ្ទះកាតា ដោយក្នុងសេចក្តីថ្លែងការណ៍លោកបានលើកឡើងថា ការចូលរួមប្រកួតគឺជាមធ្យោបាយតែមួយគត់ដើម្បីកែលម្អសិទ្ធិមនុស្ស។
 
មិនត្រឹមប៉ុណ្ណោះប្រធានស្ថាប័នកំពូល FIFA រូបនេះក៏បានបង្ហាញអារម្មណ៍រីករាយជាមួយចំនួនអ្នកគាំទ្រក្នុងកីឡដ្ឋាន និងតាមតំបន់អ្នកគាំទ្រក្នុងប្រទេសកាតា។ លោក Infantino ក៏បង្ហាញក្តីរំពឹងថាចំនួនអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍នឹងអាចកើតឡើងទៅដល់ ៥ពាន់លានដង ខណៈការប្រកួតកន្លងមកមានអ្នកតាមដានជាង ២ពាន់លាននាក់រួចមកហើយ។
គួររំលឹងដែលថាលោក Infantino ដែលបានចូលកាន់តំណែងប្រធាន FIFA តាំងពីឆ្នាំ ២០១៦  បានធ្វើកំណែរទម្រង់នៃព្រឹត្តិការណ៍ World Cup 2022 នេះដោយបានបង្កើនចំនួនកីឡាករតាមក្រុមនីមួយៗពី ២៣នាក់ ដល់ ២៦នាក់។ ចំណែក World Cup 2026 ដែលមានអាម៉េរិក ម៉ិកស៊ិក និងកាណាដាជាសហម្ចាស់ផ្ទះនឹងបង្កើនចំនួនក្រុមពី ៣២ដល់ ៤៨ក្រុមសម្រាប់ការប្រកួតប្រជែង៕
 

Tag:
 World Cup
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com