ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ៖«បើមិនផ្ទេរសិទ្ធិអំណាច និងធនធានទៅឲ្យទេ រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រៀបដូចជាមានដៃទទេ»
08, Dec 2022 , 9:59 pm        
រូបភាព
 សាលាឃុំកំពង់ស្វាយ ក្នុងស្រុកកំពង់ស្វាយ កំពង់ធំ (រូបដោយសហការី)
សាលាឃុំកំពង់ស្វាយ ក្នុងស្រុកកំពង់ស្វាយ កំពង់ធំ (រូបដោយសហការី)
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លើកឡើងថា ក្នុងដំណើរការនៃការធ្វើវិមជ្ឈការ និងវិសហមជ្ឈការកន្លងមកនេះ ក្រសួងមហាផ្ទៃ បានផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវជាច្រើន ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

 
ធ្វើជាអធិបតីក្នុងប្រជុំនៃ គ.ជ.អ.ប. នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចរដ្ឋមន្រ្តី បញ្ជាក់ដូច្នេះថា៖«បើមិនមានការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដំណើរការកំណែទម្រង់នេះ មិនអាចចាត់ទុកថា ជាដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានឡើយ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនមានតួនាទី មុខងារ និងសិទ្ធិអំណាចជាក់លាក់ ប្រៀបដូចជា រដ្ឋបាលដែលមានដៃទទេ មិនអាចក្លាយជារដ្ឋបាលដែលត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាលឯកភាព និងតាមបែបប្រជាធិបតេយ្យ...បានឡើយ»។
 

សម្តេច ស ខេង ដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នូាំ២០២២។ 
 
សម្ដេច ថ្លែងទៀតថា កម្មវិធីជាតិដំណាក់កាលទី២ ជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់ សម្រាប់ជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឲ្យកាន់តែស៊ីជម្រៅ។ កម្មវិធីជាតិដំណាក់កាលទី២ សំដៅលើកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ដែលត្រូវអនុវត្តពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១០មក ហើយត្រូវបានអនុវត្តចប់ នៅ២០១៩៕ 
 

Tag:
 ស ខេង
  រដ្ឋបាលថ្នាក់ក្រោមជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com