ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ដោយសារប្តូរទីតាំង សាលាឧទ្ធរណ៍ នឹងផ្អាកបើកសវនាការជិតមួយខែពេញ
09, Dec 2022 , 11:39 am        
រូបភាព
សាលាឧទ្ធរណ៍ ស្ថិតក្នុងបរិវេណក្រសួងយុត្តិធម៌។
សាលាឧទ្ធរណ៍ ស្ថិតក្នុងបរិវេណក្រសួងយុត្តិធម៌។
ដោយសារជាប់រវល់នឹងការប្តូរទីតាំងថ្មី សាលាឧទ្ធរណ៍ នឹងត្រូវផ្អាកបើកសវនាការ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយលើកលែងតែសំណុំរឿងមួយចំនួន ដែលមានភាពចាំបាច់ប៉ុណ្ណោះ ដែលត្រូវបន្តបើកសវនាការ។ នេះបើតាមសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយលោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍។



លោក សេង ស៊ីវុត្ថា អះអាងក្នុងសេចក្តីជូនដំណឹងថា ការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈ អគ្គលេខាធិការដ្ឋានរដ្ឋបាលនៃសាលាឧទ្ធរណ៍ នៅដំណើរការជាធម្មតា។ យោងតាមសេចក្តីជូនដំណឹងដាច់ដោយឡែក១ទៀតរបស់លោក សាលាឧទ្ធរណ៍ នឹងត្រូវប្តូរទៅទីតាំងថ្មី ដែលស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ទៅ។ បច្ចុប្បន្ន សាលាឧទ្ធរណ៍ ស្ថិតក្នុងបរិវេណក្រសួងយុត្តិធម៌ នៅខាងមុខប៉ែកខាងត្បូងនៃព្រះបរមរាជវាំង ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 
 
សាលាដំបូងរាជធានីភ្នំពេញ ក៏នឹងត្រូវប្តូរទៅទីតាំងថ្មី ដែលស្ថិតក្នុងសង្កាត់ព្រែកលៀបដែរ។ លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗថា តុលាការភ្នំពេញ អាចនឹងចាប់ផ្តើមប្តូរទៅទីតាំងថ្មី នៅខែមីនា ឆ្នាំ២០២៣។ បច្ចុប្បន្ន តុលាការភ្នំពេញ ស្ថិតនៅទាល់មុខពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
 
សូមរម្លឹកថា កាលពីសីហា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹង (សជណ) ស្តីពីគម្រោងប្តូរទីតាំងសាលាឧទ្ធរណ៍ និងតុលាការភ្នំពេញ ទៅទីតាំងថ្មី ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប៕ 
 

Tag:
 សាលាឧទ្ធរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com