FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup វគ្គ៨ក្រុម៖ ក្រូអាស៊ី ជួបម្ចាស់ពាន៥សម័យប្រេស៊ីល មុនជំនួបហូឡង់និងអាហ្សង់ទីន
09, Dec 2022 , 2:59 pm        
រូបភាព
ក្រុមជើងឯករងឆ្នាំ ២០១៨ ក្រូអាស៊ី នឹងត្រូវតតាំងជាមួយម្ចាស់ពាន ៥សម័យកាលប្រេស៊ីល នៅវគ្គ ៨ក្រុមចុងក្រោយ FIFA World Cup 2022 ក្នុងកីឡដ្ឋាន Education City វេលាម៉ោង ១០យប់ ថ្ងៃទី៩ ខែធ្នូ។ គូទីពីរជាការប៉ះគ្នាជាថ្មីម្តងទៀតតាំងពីឆ្នាំ ២០១៤ រវាងហូឡង់ ទល់អាហ្សង់ទីនម្ចាស់ពាន ២សម័យ វេលាម៉ោង ២យប់រំលងអាធ្រាត្រ ក្នុងកីឡដ្ឋាន Lusail Iconic។



នេះជាការជួបគ្នាលើកទីបី សម្រាប់ក្រូអាស៊ី និងប្រេស៊ីលក្នុង World Cup ដោយពីរលើកបានកើតឡើងនៅឆ្នាំ ២០០៦ និង​ ២០១៤ ហើយក្រុមសាំបាប្រេស៊ីលយកឈ្នះទាំង ២ប្រកួត។ ក្រូអាស៊ីកំពុងសម្លឹងរកការឆ្លងផុតទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី៣ ខណៈប្រេស៊ីលនឹងក្លាយជាលើកទី៨។
 
ក្រូអាស៊ីបញ្ចប់ចំណាត់ថ្នាក់លេខ២ នៅវគ្គចែកពូល ក្រោយប្រកួតស្មើម៉ារ៉ុក​ ០-0 ស្មើបែលហ្ស៊ិក ១-១ និងឈ្នះកាណាដា ៤-១ ហើយឈ្នះជប៉ុននៅវគ្គ ១៦ក្រុមដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៣-១ តែយ៉ាងណាក្រូអាស៊ីហាក់បីមិនទាន់បានបង្ហាញទម្រង់លេងដ៏ល្អដែលធ្លាប់បានជួយនាំពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រដូចឆ្នាំ​២០១៨​ នៅឡើយ។ ក្រុមជើងឯក ៥សម័យប្រេស៊ីលក្នុងនាមជាក្រុមកំពូលតារាងពូល G ឆ្លងកាត់ការប្រកួតកន្លងមកឈ្នះស៊ែប៊ី ២-០ ឈ្នះស្វ៊ីស ១-០ ចាញ់កាមេរូន ១-០ ហើយវគ្គ១៦ក្រុម យកឈ្នះកូរ៉េខាងត្បូង ៤-១ ដោយងាយស្រួល ប្រេស៊ីលហាក់បីធ្វើបានល្អជាងឆ្នាំ​ ២០១៨ នៅរុស្ស៊ីដែលពួកគេបានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។
 
ជើងឯករងក្រូអាស៊ី រាត្រីនេះនឹងត្រូវអវត្តមានកីឡាករសំខាន់ដូចជា Borna Sosa ខ្សែការពារស្លាបឆ្វេងរងរបួស ខណៈប្រេស៊ីលខ្សែការពារស្លាបឆ្វេង Alex Sandro រងរបួស ព្រមទាំង Alex Telles និង Gabriel Jesus អវត្តមានពីការប្រកួតតែម្តងដោយសាររបួសធ្ងន់ធ្ងរ។
 
ក្រឡែកទៅកាន់ជំនួបរវាងហូឡង់ជើងឯករង ៣សម័យ តទល់អាហ្សង់ទីនម្ចាស់ពាន ២សម័យ ប្រជែងគ្នាដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Lusail Iconic វេលាម៉ោង ២យប់វិញ នេះនឹងក្លាយជាការប៉ះគ្នាជាថ្មីម្តងទៀតហើយរវាងក្រុមទាំងពីរចាប់តាំងពី World Cup ឆ្នាំ ២០១៤ នៅប្រេស៊ីលរួចមក។ 
 
Lusail Iconic ក្លាយជាទីតាំងកាត់សេចក្តីការប្រកួតរបស់ហូឡង់ និងអាហ្សង់ទីន ដែលជាការជួបគ្នាលើកទី៦ ក្នុងព្រឹត្តិការណ៍ World Cup ដោយការជួបគ្នា ៥លើកមុនកើតឡើងនៅឆ្នាំ ១៩៧៤ ហូឡង់ឈ្នះ ៤-០ ចូលដល់ឆ្នាំ១៩៧៨ អាហ្សង់ទីនយកឈ្នះវិញ ៣-១ ប៉ះលើកទី៣ ឆ្នាំ​ ១៩៩៨ ហូឡង់ឈ្នះ ២-១ ជួបគ្នាម្តងទៀតលើកទី៤ ឆ្នាំ​២០០៦ លទ្ធផលស្មើ ០-០ និងលើកទី៥ នៅប្រេស៊ីល អាហ្សង់ទីនទម្លាក់ហូឡង់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ។
 
ទាំងហូឡង់និងអាហ្សង់ទីនឡើងមកប៉ះគ្នានៅវគ្គ​ ៨ក្រុមចុងក្រោយសុទ្ធសឹងតែជាក្រុមឈរនៅកំពូលតារាងដូចគ្នារៀងៗខ្លួន។ ហូឡង់កាន់តំណែងកំពូលតារាងពូល A ដោយប្រកួតយកឈ្នះម្ចាស់ផ្ទះកាតា ២-០ ស្មើអេក្វាទ័រ ១-១ និងឈ្នះសេណេហ្កាល់​ ២-០ ឆ្លងផុតវគ្គ ១៦ក្រុមហូឡង់បានយកឈ្នះលើក្រុមអាម៉េរិក ៣-១ ចំណែកអាហ្សង់ទីនលេង១ ពូល C ប្រកួតឈ្នះម៉ិកស៊ិក ២-០ ឈ្នះប៉ូឡូញ ២-០ និងចាញ់អារ៉ាប៊ីសាអូឌីត ២-១ កាលពីប្រកួតវគ្គ ១៦ក្រុមចុងក្រោយអាហ្សង់ធ្វើបានល្អខ្លាំងដោយទម្លាក់អូស្តា្រលីលទ្ធផល ២-១៕
 
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com