FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ អាហ្សង់ទីនទម្លាក់ហូឡង់បាល់កាត់សេចក្តី ១១ម៉ែត្រ ៤-៣ ឡើងវគ្គ ១/២ផ្តាច់ព្រ័ត្រជួបដៃគូចាស់ក្រូអាស៊ី
10, Dec 2022 , 4:56 am        
រូបភាព
អាហ្សង់ទីនបន្តក្តីសង្ឃឹមខ្លួនសារជាថ្មីម្តងទៀតនៅដំណើរស្វែងរកពានរង្វាន់ World Cup 2022 ក្នុងនាមជាក្រុមតែមួយចុងក្រោយមកពីទ្វីបអាម៉េរិកខាងត្បូងដែលឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយឡើងទៅជួបក្រូអាស៊ីដៃគូចាស់ឆ្នាំ ២០១៨ ក្រោយយកឈ្នះហូឡង់បាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-៣ ក្រោយប្រកួត ១២០នាទីលទ្ធផល ២-២ ក្នុងកីឡដ្ឋាន Lusail Iconic។

 
ការប្រកួតដែលមានវ័យចំណាស់មួយរវាងហូឡង់និងអាហ្សង់ទីនបានចាប់ផ្តើមប្រកួតក្នុងវគ្គទីមួយយ៉ាងអស្ចារ្យ នៅដើមវគ្គទីមួយហូឡង់បានដាក់សម្ពាធគូប្រកួត ប៉ុន្តែមិនប៉ុន្មានអាហ្សង់ទីនគូប្រកួតដ៏ខ្លាំងបានវាយមកដាក់សម្ពាធសម្រុកខ្លាំងលើហូឡង់វិញ។ ការបង្កើតឱកាសច្រើនលើកដែលអាហ្សង់ទីនបានព្យាយាមទទួលបានផ្លែផ្កានៅក្នុងនាទី៣៥ កីឡាករ Nahuel Molina ដែលទើបបង្ហាញខ្លួនឱ្យជម្រើសលើកដំបូងស៊ុតគ្រាប់បាល់នាំមុខមុនលើហូឡង់ដែលជាការបញ្ជូនបាល់យ៉ាងល្អពីតារាបាល់ទាត់ឆ្នើម Lionel Messi ជាប្រធានក្រុម។ វគ្គទីមួយបានបញ្ចប់ដោយអាហ្សង់ទីននាំមុខ ១-០ បណ្តោះអាសន្ន។
 
ការប្រកួតដ៏ស្វិតស្វាញចាប់ផ្តើមនៅវគ្គទីពីរ ហូឡង់បានព្យាយមរកឱកាសខ្លួនដើម្បីរកគ្រាប់តាមស្មើលើអាហ្សង់ទីនវិញ ខណៈក្រុមជើងខ្លាំងអាម៉េរិកឡាទីនមួយនេះមិនបណ្តែតបណ្តោយឱ្យឱកាសនាំមុខរបូតដោយងាយ។ អាហ្សង់ទីនទទួលបានបាល់ពិន័យ ១១ម៉ែត្រនៅនាទី៧០ ក្រោយការបង្កកំហុសពីខ្សែការពារហូឡង់ Lionel Messi ជាអ្នកសម្រេចស៊ុតបញ្ចូលទីនាទី៧៣។ ចំណែក ១គ្រាប់របស់ហូឡង់តាមបានមកវិញនៅនាទី៨៣ ដោយការតែតយ៉ាងល្អពីកីឡាករ Wout Weghorst ហើយនៅនាទី៩០+១១ ហៀបបញ្ចប់ការប្រកួតទៅហើយ Weghorst ដដែលអាចស៊ុតបាល់តាមស្មើ ២-២ លើអាហ្សង់ទីន។ 

ការប្រកួតឈានចូលវគ្គបន្ថែម ១៥នាទី ២ដង ក្រុមតាំងពីនៅតែរក្សាលទ្ធផលស្មើ ២-២ រហូតបញ្ចប់ ១២០នាទី ការស៊ុតបាល់កាត់សេចក្តី ១១ម់ែត្រជាការសម្រេចចុងក្រោយក្នុងការនាំក្រុមមួយរវាងក្រុមតាំងពីរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អាហ្សង់ទីនមានសំណាងដណ្តើមបានកៅអីវគ្គបន្ទាប់ ក្រោយយកឈ្នះការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-៣ លើហូឡង់ ហើយនេះជាលើកទីពីរហើយដែលហូឡង់ត្រូវខកចិត្តដោយអាហ្សង់ទីនក្នុងការស៊ុតបាល់កាត់សេចក្តីនេះ។

អាហ្សង់ទីនយកបានជ័យជម្នះជាថ្មីម្តងទៀតលើហូឡង់ដើម្បីធ្វើដំណើរឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយកាលឆ្នាំ ២០១៤ អាហ្សង់ទីនបំបាក់ហូឡង់ការស៊ុតបាល់កាត់សេចក្តី ១១មែ់ត្រឈ្នះ ៤-២ ឡើងវគ្គផ្តាច់ព្រ័ត្រកាលនោះ។
 
ម្ចាស់ជើងឯក ២សម័យ អាហ្សង់ទីនសម្រេចក្តីស្រមៃខ្លួនខិតកាន់តែជិតដល់វគ្គផ្តាច់ព្រ័ត្រសារជាថ្មី ដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី៦ ក្នុងប្រវត្តិសាស្ត្រ ពីការបង្ហាញខ្លួន ១៨លើកនៅព្រឹត្តិការណ៍ World Cup។ អាហ្សង់ទីនរកបានជ័យជម្នះ ៤លើកជាប់គ្នាក្នុងការប្រកួត World Cup ក្រោយចាញ់អារ៉ាប៊ីសាអូឌីតនៅថ្ងៃប្រកួតបើកឆាកពូល C។
 
ជ័យជម្នះនេះនឹងធ្វើឱ្យអាហ្សង់ទីនត្រូវបន្តដំណើរខ្លួនបន្តទៅជួបក្រុមជើងឯករងក្រូអាស៊ីដើម្បីប្រជែងគ្នាដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ៕
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com