FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
សម្តេច ហ៊ុន សែន ថាបារាំងមានឱកាសលើកពាន World Cup 2022 ច្រើនជាងគេ
12, Dec 2022 , 11:59 am        
រូបភាព
«បាល់មូលចៅ តែតាមការពិនិត្យបារាំងមានឱកាសច្រើនជាងគេ»។ នេះជាសំណេរសម្តេច ហ៊ុន សែន តបទៅកាន់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ដែលខំមិនសួរសម្តេចជុំវិញព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup នៅកាតា។


នៅថ្ងៃទី១១ ខែធ្នូ សម្តេច ហ៊ុន សែន បានបង្ហោះសារលើផេកហ្វេសប៊ុកផ្លូវការអំពីការចាកចេញរបស់សម្តេច និងគណៈប្រិតភូកម្ពុជាទៅបែលហ្ស៊ិកដើម្បីចូលរួមប្រជុំអាស៊ាន និងទស្សនកិច្ចនៅបារាំង។ នៅក្នុងសារនោះ មានម្ចាស់គណនីម្នាក់បានសរសេរខំមិន (comment) ក្នុងសាររបស់សម្តេច ពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់ពិភពលោកដែលកំពុងដំណើរការនៅប្រទេសកាតា។
 
សម្តេចនាយករដ្ឋមន្ត្រី ក៏បានតបនឹងសាររបស់គណនីនោះវិញថា៖«បាល់មូលចៅ តែតាមការពិនិត្យបារាំងមានឱកាសច្រើនជាងគេ»។ ការយល់ឃើញរបស់សម្តេច ហ៊ុន សែន បែបនេះ បន្ទាប់ពីម្ចាស់ការពារតំណែងជើងឯកបារាំង បានទម្លាក់តោកំណាចអង់គ្លេសនៅវគ្គ៨ក្រុមចុងក្រោយ ដើម្បីបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
ឈានដល់វគ្គ៤ក្រុមចុងក្រោយ បារាំងត្រូវប៉ះម៉ារ៉ុកដែលបានទម្លាក់ព័រទុយហ្កាល់នៅវគ្គ៨ក្រុមចុងក្រោយ។ ម៉ារ៉ុក ក្រុមពីតំបន់ហ្វ្រិកលើកដំបូងដែលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup បានទម្លាក់អេស្ប៉ាញវគ្គ១៦ក្រុម និងឈ្នះបែលហ្ស៊ិកនៅវគ្គចែកពូល។
 
ប៉ះម៉ារ៉ុកដែលជាក្រុមធ្វើឱ្យអ្នកគាំទ្រលើពិភពលោកនឹកស្មានមិនដល់ ប៉ុន្តែនៅពេលជួបបារាំងនៅវគ្គ១/២ផ្តាច់ព្រ័ត្រ ត្រូវបានគេមើលឃើញថា ក្រុមដែលដឹកនាំដោយលោក Didier Deschamps មានឱកាសច្រើនទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីការពារជើងឯករបស់ខ្លួននៅឆ្នាំ២០២២ ប្រទេសកាតា។
 
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ អាហ្សង់ទីន នឹងត្រូវប៉ះក្រូអាស៊ី។ អាហ្សង់ទីនបានយកឈ្នះហូឡង់ទាំងត្រដាបត្រដូសនៅវគ្គ៨ក្រុម​ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ឯក្រូអាស៊ី ទម្លាក់សាំបាប្រេស៊ីលដែលជាក្រុមត្រូវបានគេទាយថាជាម្ចាស់ជើងឯកព្រឹត្តិការណ៍លើកទី២២នេះ។
 
បាល់មូល អ្វីៗសុទ្ធតែអាចកើតឡើងបានទាំងអស់។ តើការមើលឃើញរបស់សម្តេច ហ៊ុន សែន ថាបារាំងអាចលើកពាន World Cup ជាលើកទី៣ ក្លាយជាការពិតឬទេ ខណៈនៅសល់ពីរប្រកួតទៀតនឹងដឹងលទ្ធផល។
 
ជំនួបវគ្គ១/២ផ្តាច់ព្រ័ត្រ នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែធ្នូ។ ក្នុងនោះ អាហ្សង់ទីននិងក្រូអាស៊ី ត្រូវប្រកួតនៅម៉ោង២អាធ្រាត្រ មុនពេលបារាំងប៉ះម៉ារ៉ុកនៅម៉ោង២អាធ្រាត្រ ថ្ងៃទី១៥ ខែធ្នូ៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com