រថយន្ត
អន្តរជាតិ
Bloomberg៖ គម្រោងរថយន្តរបស់ Apple បន្ត​ពន្យាដល់ឆ្នាំ២០២៦
12, Dec 2022 , 7:29 pm        
រូបភាព
ដោយ: ធីតា
ផ្តួចផ្តើម​ឡើង​នៅ​ឆ្នាំ២០១៤ និង​ឆ្នាំ២០១៥ គម្រោង​រថយន្តអគ្គិសនីស្វយ័ត​របស់ក្រុមហ៊ុន​បច្ចេក​វិទ្យា Apple នឹងមិន​លេច​រូប​រាង​ឡើងនៅ​ឆ្នាំ​២០២៤ ដូចការគ្រោងទុក​នោះឡើយ។ បើតាម​ការផ្សាយ​របស់សារព័ត៌មាន Bloomberg គម្រោងក្រោម​ឈ្មោះថា Project Titan នេះ ត្រូវពន្យា​ដល់​ឆ្នាំ​២០១៦ តែ​ទោះបីជាយ៉ាងណាកក៏ដោយ ក្រុម​ហ៊ុន Apple ផ្ទាល់ មិនដែល​ផ្តល់ព័ត៌មាន​អំពី​គម្រោង​ឡើយ។

 
Apple មានភាពជាក់​លាក់​លើ​ផលិត​ផល​ទូរសព្ទ​ដៃ​របស់​ខ្លួន ពីមួយម៉ូឌែល​ទៅមួយ​ម៉ូឌែល ប៉ុន្តែ​វា​មិន​ងាយ​ស្រួល​នោះឡើយ​ទាក់ទង​នឹង​គម្រោង​រថយន្តអគ្គិសនី​ស្វយ័ត។ តាមប្រភពដែល​ខ្លួន​ទទួល​បាន នោះ Bloomberg អះអាងថា រថយន្ត​អគ្គិសនី​ស្វយ័ត Apple Car អាច​នឹង​ត្រូវ​ពន្យា​រហូត​ដល់​ឆ្នាំ​២០២៦ ជាមួយ​នឹង​តម្លៃមូលដ្ឋាន១០ម៉ឺន​ដុល្លារអាម៉េរិក។


 
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុង Cupertino រដ្ឋកាលីហ្វនីញ៉ា បាន​ស្នើ​តម្លៃ​១០ម៉ឺន​ដុល្លារអាម៉េរិក សម្រាប់​រថយន្ត​នៃគម្រោង Project Titan របស់ខ្លួន ដោយដំបូងឡើយ គឺ​មានតម្លៃ​១២ម៉ឺន​ដុល្លារអាម៉េរិក។ គម្រោង​ត្រូវការពេល​វេលា​អភិវឌ្ឍនៅ​ឆ្នាំ​២០២៥ ដូច្នេះរថយន្តមិនអាចបង្ហាញវត្តមាន​មុន​ឆ្នាំ២០២៦នោះឡើយ។
 
Bloomberg បាន​បញ្ជាក់ថា គម្រោងនេះ ស្ថិតក្នុង​ភាពជាប់គាំងអស់​រយៈពេល​ជាច្រើន​ខែ​ ដោយ​ថ្នាក់​ដឹកនាំ​ Apple មិន​ទាន់ឈាន​ដល់​ការឯកភាព​គ្នា​លើ​ចក្ខុវិស័យ​ ដែល​សម​ស្រប​ទៅនឹង​បច្ចេក​វិទ្យា​បច្ចុប្បន្ន ជាពិសេស​បញ្ហា ឈ្នាន់ និង​ដៃចង្កូត ជាដើម។
 
ទោះបីជាមាន​ការផ្សព្វផ្សាយជាបន្ត​បន្ទាប់យ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple មិន​ដែលបាន​លើកឡើង​ពី​វត្តមាននៃគម្រោង Project Titan នោះឡើយ។ តាមការផ្សព្វផ្សាយ​តៗគ្នា គម្រោងនេះ ត្រូវបានអនុម័ត​ដោយ​អគ្គនាយក Apple លោក Tim Cook នៅ​ចុងឆ្នាំ២០១៤ ហើយ​ដឹកនាំ​ដោយ​ លោក Steve Zadesky៕





© រក្សាសិទ្ធិដោយ thmeythmey.com