អន្តរជាតិ
អ៊ីរ៉ង់ កាត់ទោសប្រហារជីវិតបុរសម្នាក់ទៀតជុំវិញការតវ៉ាប្រឆាំងរដ្ឋាភិបាល
12, Dec 2022 , 6:29 pm        
រូបភាព
ដោយ:
អ៊ីរ៉ង់នៅថ្ងៃទី១២ ខែធ្នូ កាត់ទោសប្រហារជីវិតលោក Majidreza Rahnavard ពីបទចោទសម្លាប់សមាជិកកងកម្លាំងសន្តិសុខអ៊ីរ៉ង់។ លោកជាបុរសទីពីរហើយដែលត្រូវបានតុលាការកាត់ទោសប្រហារជីវិត ក្រោយអ៊ីរ៉ង់កំពុងវឹកវរក្នុងបាតុកម្មដែលកើតឡើងដោយសារការស្លាប់របស់កញ្ញា Masha Amini ក្នុងមន្ទីរឃុំឃាំង។

 
ជាច្រើនសប្តាហ៍មកនេះ រដ្ឋាភិបាលអ៊ីរ៉ង់ប្រឈមនឹងការតវ៉ាប្រឆាំងដ៏ខ្លាំងក្លាមិនធ្លាប់មានដែលចូលរួមដោយប្រជាជនអ៊ីរ៉ង់គ្រប់វ័យជាតិសាសន៍ និងភេទ ក្រោយកញ្ញា Masha Amini ជនជាតិឃើដ-អ៊ីរ៉ង់ វ័យ២២ឆ្នាំស្លាប់ក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃទី១៦ ខែកញ្ញា។ កញ្ញា Masha Amini ត្រូវបានប៉ូលិសខាងសីលធម៌ចាប់ខ្លួនពីបទបំពានច្បាប់សម្លៀកបំពាក់សម្រាប់ស្រ្តីដោយពាក់ក្រមាលើក្បាល (Hijab)មិនបានត្រឹមត្រូវ។ 
 
លោក Majidreza Rahnavard ត្រូវបានតុលាការក្រុង Mashhad កាត់ទោសប្រហារជីវិតពីបទចាក់សម្លាប់សមាជិកកងកម្លាំងសន្តិសុខ២នាក់ និងធ្វើឱ្យមនុស្ស៤នាក់ទៀតរងរបួស។ បើតាមទីភ្នាក់ងារព័ត៌មានអនឡាញរបស់តុលាការ Mizan ​ លោក Rahnavard នឹងត្រូវព្យួរកសម្លាប់នៅទីសាធារណក្នុងទីក្រុង ជាជាងក្នុងពន្ធនាគារ។
 
លោក Rahnavard ជាបុរសទីពីរហើយដែលត្រូវបានកាត់ទោសប្រហារជីវិតទាក់ទងនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាល។ លោក Mohsen Shekari វ័យ២៣ឆ្នាំ​កាលពី៨ ខែធ្នូ ត្រូវបានកាត់ទោសប្រហារជីវិតពីបទវាយប្រហារសមាជិកកងកម្លាំងសន្តិសុខអ៊ីរ៉ង់ដូចគ្នា។ ការប្រហារជីវិតនេះបង្កឱ្យបណ្តាប្រទេសអឺរ៉ុប ក៏ដូចជាអាម៉េរិករិះគន់ជាខ្លាំង។ 
 
ទាក់ទងបញ្ហានេះ ក្រុមសិទ្ធិមនុស្សនានាព្រមានកាលពីចុងសប្តាហ៍ថា​ បាតុករដែលត្រូវបានចាប់ខ្លួនជាច្រើននាក់កំពុងប្រឈមនឹងហានិភ័យប្រហារជីវិត។ 
 
បើតាមទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ ត្រឹមខែធ្នូ មនុស្សយ៉ាងតិចណាស់ ៤៥៨ នាក់ត្រូវបានសម្លាប់ ហើយជាច្រើនរយនាក់ទៀតរងរបួសអំឡុងការប៉ះទង្គិចគ្នារវាងបាតុករ និងកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ខណៈរដ្ឋាភិបាលអ៊ីរ៉ង់អះអាងថា សមាជិកកងកម្លាំងសន្តិសុខជាង៦០នាក់បានបាត់បង់ជីវិត៕
 

Tag:
 អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com