អន្តរជាតិ
G7 បង្កើតក្លិបអាកាសធាតុ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី
13, Dec 2022 , 8:29 pm        
រូបភាព
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល នៅថ្ងៃទី១២ ខែធ្នូ បានលើកឡើងថា ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) បានបង្កើតក្លិបអាកាសធាតុអន្តរជាតិមួយដោយបើកចំហរសម្រាប់ប្រទេសដែលចង់សហការក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី។



បន្ទាប់ពីចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយជាមួយមេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នៅថ្ងៃទី១២​ ខែធ្នូ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល ប្រកាសថាក្រុមប្រទេស G7 បានបង្កើតក្លិបអាកាសធាតុអន្តរជាតិដោយបើកឱ្យចូលរួមពីសំណាក់បណ្ដាប្រទេសក្នុងពិភពលោកដែលមានបំណងប្រយុទ្ធប្រឆាំងនឹងការកើតឡើងកម្ដៅផែនដី។ លោក ស្ហូល អះអាងថា វេទិកាអាកាសធាតុថ្មីនេះមិនមែនត្រឹមជាគំនិតផ្តួចផ្តើមរបស់ក្រុមប្រទេស G7 ឡើយ តែ​ជា​កិច្ចការ​រួមជាសកល​មួយ។ 
 
អធិការបតីអាល្លឺម៉ង់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបែរឡាំងថា ការបង្កើតក្លឹបអាកាសធាតុនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានគោលដៅអាកាសធាតុពិភពលោក។ លោក ស្ហូល ក៏បានអំពាវនាវឱ្យអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទាំងទីភ្នាក់ងារថាមពលអន្តរជាតិ រួមគ្នាបង្កើតលេខាធិការដ្ឋានមួយសម្រាប់ទទួលបន្ទុកកិច្ចការការប្រែប្រួលអាកាសធាតុ និងជួយដល់សមាគមអាកាសធាតុ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បើយោងតាមរដ្ឋាភិបាលទីក្រុងបែរឡាំង ក្រុមប្រទេសដែលធ្វើការលើអាកាសធាតុ បង្កើតឡើងក្នុងគោលបំណងគាំទ្រកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យសម្រេចបានឆាប់រហ័ស ដែលកំណត់អត្រាឡើងកម្ដៅផែនដីមិនឱ្យលើសពី១,៥អង្សាសេ បន្ថែមលើសីតុណ្ហភាពបច្ចុប្បន្ន។ រដ្ឋាភិបាលអាល្លឺម៉ង់អះអាងដែរថា ក្លិបអាកាសធាតុថ្មី នឹងជួយពន្លឿនការផ្លាស់ប្តូរទម្រង់ឧស្សាហកម្មទៅប្រើប្រាស់ថាមពលស្អាត ក៏ដូចជាបង្កើតវិធានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ 
 
លើសពីនេះ បណ្ដាប្រទេសទាំងឡាយដែលចូលរួមសហការជាមួយសមាគម ទាំងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍហើយក្ដី នឹងត្រូវទទួលបានការគាំទ្រដើម្បីជំរុញការផ្លាស់ប្តូរទម្រង់ឧស្សាហកម្មក្នុងប្រទេសរបស់ពួកគេដោយប្រើប្រាស់ថាមពលស្អាត។
 
ក្នុងឆ្នាំ ២០២២ អាល្លឺម៉ង់មានតំណែងជាប្រធានកិច្ចប្រជុំ G7។ ជុំវិញសមិទ្ធផលលើបញ្ហាអាកាសធាតុនេះ អាល្លឺម៉ង់នៅមានភាពយឺតយ៉ាវនៅឡើយក្នុងសកម្មភាពទាញយកថាមពលពីប្រភពកកើតឡើងវិញ។ ទីក្រុងបែរឡាំង​មាន​គោលដៅបង្កើន​សមត្ថភាព​ទាញយកថាមពល​ខ្យល់​នៅតំបន់​ឆ្នេរសមុទ្រឱ្យបាន​​ពី៨ជីហ្គាវ៉ាត់​ទៅ២០ជីហ្គាវ៉ាត់នៅ​ឆ្នាំ២០៣០។ យ៉ាងណាមិញ ក្នុងឆ្នាំ ២០២២ អាល្លឺម៉ង់បង្កើនការទាញយកថាមពលពីកម្លាំងខ្យល់បានប្រហែល៣ភាគរយប៉ុណ្ណោះ ដែលស្មើនឹង០,២ជីហ្គា​វ៉ាត់ ខណៈបង្កើនការទាញយកថាមពលពន្លឺព្រះអាទិត្យបានត្រឹម១០ភាគរយ។
 
គួរបញ្ជាក់ថា នាសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុរបស់អង្គការ​សហប្រជាជាតិ​លើកទី២៧ (COP27) ក្រុមប្រទេស G7 ក៏បានជួយលើបញ្ហាអាកាសធាតុដោយបង្កើតមូលនិធិ «Global Shield» ដើម្បីជាជំនួយសងការខូចខាតទៅប្រទេសក្រីក្ររងគ្រោះមហន្តរាយអាកាសធាតុ។ មូលនិធិនេះមានជាង ២០០លានដុល្លារ ខណៈចូលរួមដោយអាល្លឺម៉ង់ប្រហែល ១៧០លានដុល្លារ៕ 
 

Tag:
 G7
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com