អន្តរជាតិ
ក្រសួងការបរទេសចិន៖ ជនជាតិចិន៥នាក់រងរបួសក្នុងហេតុការណ៍វាយប្រហារនៅអាហ្វហ្កានីស្ថាន
13, Dec 2022 , 5:39 pm        
រូបភាព
ផ្សែងហុយចេញពីសណ្ឋាគារក្នុងទីក្រុងកាប៊ុលដែលរងការប្រហារ។ រូបថត Xinhua
ផ្សែងហុយចេញពីសណ្ឋាគារក្នុងទីក្រុងកាប៊ុលដែលរងការប្រហារ។ រូបថត Xinhua
ដោយ:
ការវាយប្រហារបំផ្ទុះគ្រាប់បែក និងបាញ់កាំភ្លើងនាកណ្តាលក្រុងកាប៊ុលកាលពីថ្ងៃទី១២​ ខែធ្នូ បង្កឱ្យជនជាតិចិន៥នាក់រងរបួស។ អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់បែបនេះនៅថ្ងៃទី១៣ ខែធ្នូ។ ក្រុមភេរវកររដ្ឋឥស្លាម ISIS ប្រកាសជាអ្នកបើកការវាយប្រហារនេះ។

 
« ចិនទាមទារឱ្យភាគីអាហ្វហ្កានីស្ថានខិតខំឱ្យអស់ពីសមត្ថភាពក្នុងការស្វែងរក និងជួយសង្រ្គោះបុគ្គលជនជាតិចិន ហើយជាមួយគ្នានេះបើកការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ ដាក់ទោសឱ្យខ្លាំងក្លាលើអ្នកវាយប្រហារ ហើយពង្រឹងការការពារប្រជាជន និងអង្គការចិននៅអាហ្វហ្កានីស្ថានឱ្យបានម៉ឺងម៉ាត់»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Webin ថ្លែងបែបនេះទៅកាន់អ្នកកាសែតជុំវិញការវាយប្រហារនៅសណ្ឋាគារមួយដែលសម្បូរជនជាតិចិនក្នុងរដ្ឋធានីកាប៊ុល។ 
 
បើតាមលោក Wang ក្រោមហេតុផលស្ថានភាពសន្តិសុខនៅអាហ្វហ្កានីស្ថាន ក្រសួងការបរទេសចិនជាថ្មីម្តងទៀតជំរុញឱ្យអង្គការ និងប្រជាពលរដ្ឋចិនចេញពីអាហ្វហ្កានីស្ថានឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
 
រដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលដឹកនាំដោយពួកតាលីបង់មិនទាន់ផ្តល់សេចក្តីលម្អិតជាផ្លូវការទាក់ទងនឹងការវាយប្រហារនេះទេ ប៉ុន្តែបញ្ជាក់ថាមិនមានជនបរទេសស្លាប់ទេ។ បើតាមប្រភពរបស់ក្រុមតាលីបង់ ការវាយប្រហារនេះធ្វើឡើងនៅសណ្ឋាគារ​ Longan ទីដែលជនបរទេស និងជនជាតិចិនស្នាក់នៅ។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់បញ្ជាក់ថា ខ្មាន់កាំភ្លើងយ៉ាងតិច៣នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ខណៈមន្ទីរពេទ្យសង្រ្គោះបន្ទាន់របស់អ៊ីតាលីនាក្រុងកាប៊ុលរាយការណ៍ថាទទួលអ្នករងរបួស១៨នាក់ ហើយ៣នាក់ស្លាប់នៅពេលទៅដល់។
 
ប៉ុន្មានខែថ្មីៗនេះ ការបំផ្ទុះគ្រាប់បែកជាច្រើនកើតឡើងនៅអាហ្វហ្កានីស្ថានដែលរួមមានស្ថានទូតប៉ាគីស្ថាននៅដើមខែនេះ និងនៅជិតស្ថានទូតរុស្ស៊ី។ ក្រុមរដ្ឋឥស្លាម ISIS ក៏អះអាងថាជាអ្នកនៅពីក្រោយហេតុការណ៍វាយប្រហារនេះទាំងពីរដែរ៕
 

Tag:
 ចិន
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com