អន្តរជាតិ
កូរ៉េ​ខាង​ត្បូង​​ថា​នឹងសម្របសម្រួលជាមួយ​អាម៉េរិក​ និងជប៉ុន ដើម្បី​ដាក់​ទណ្ឌកម្មលើ​កូរ៉េ​ខាង​ជើង
13, Dec 2022 , 9:13 pm        
រូបភាព
លោក Sung Kim តំណាងភាគីអាម៉េរិក (កណ្តាល) ចាប់ដៃជាមួយលោក Kim Gunn តំណាងពិសេសរបស់កូរ៉េខាងត្បូង (ខាងឆ្វេង) និងលោក លោក Funakoshi Takehiro តំណាងជប៉ុន។ រូបភាព៖ Reuters
លោក Sung Kim តំណាងភាគីអាម៉េរិក (កណ្តាល) ចាប់ដៃជាមួយលោក Kim Gunn តំណាងពិសេសរបស់កូរ៉េខាងត្បូង (ខាងឆ្វេង) និងលោក លោក Funakoshi Takehiro តំណាងជប៉ុន។ រូបភាព៖ Reuters
​ប្រេសិតកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែធ្នូ បានលើកឡើងថា កូរ៉េខាងត្បូង ជប៉ុន និងអាម៉េរិក នឹងពង្រឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង និងធ្វើឱ្យទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងកូរ៉េខាងជើងកាន់តែមានប្រសិទ្ធភាព។

 
លោក Kim Gunn តំណាងពិសេសរបស់កូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ីជាមួយសមភាគីអាម៉េរិក និងជប៉ុន បានលើកឡើងថា កូរ៉េខាងជើង​កាន់តែបង្កការគំរាមគំហែង និងពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនដែលជារឿងគួរឱ្យព្រួយបារម្ភ។ លោក Kim ក៏បានសង្កត់ធ្ងន់ថា ការកើនឡើងនៃការគំរាមគំហែងពីកូរ៉េខាងជើងនឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសហគមន៍អន្តរជាតិទាំងមូល។ 
 
លើសពីនេះ លោក Kim ក៏បានអំពាវនាវឱ្យចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង និងមានឥទ្ធិពលលើទីក្រុងព្យុងយ៉ាងបន្តដើរតួក្នុងន័យស្ថាបនាក្នុងការរក្សាស្ថេរភាពនិងសន្តិសុខក្នុងតំបន់។ 
 
ទន្ទឹមនឹងនេះ តំណាងពិសេសរបស់អាម៉េរិកប្រចាំកូរ៉េខាងជើង លោក Sung Kim ក្នុងកិច្ចប្រជុំដដែលបានលើកឡើងថា អាកប្បកិរិយារបស់ទីក្រុងព្យុងយ៉ាងបង្ហាញពីបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងតំបន់ និងអាចបង្កការគំរាមគំហែងលើសពីនេះ។
 
«កូរ៉េខាងជើងបានបង្កជាបញ្ហាប្រឈមមួយដែលអាចដោះស្រាយបានដោយជោគជ័យ លុះត្រាតែសហគមន៍អន្តរជាតិរួមគ្នា និងនិយាយក្នុងសំឡេងឯកភាពគ្នាតែមួយ»។ លោក Sung Kim បានបន្តបែបនេះ។ 
 
ស្របគ្នានេះ អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី និងមហាសមុទ្ររបស់ក្រសួងការបរទេសជប៉ុនលោក Funakoshi Takehiro បាននិយាយថា សម្ព័ន្ធមិត្តទាំងបីបានបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ លើសពីនេះ ភាគីទាំងបីនឺងធ្វើការរួមគ្នាប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង ខណៈនៅតែបើកចំហសម្រាប់ការសន្ទនាជាមួយទីក្រុងព្យុងយ៉ាង។
 
គួរបញ្ជាក់ថា សម្ព័ន្ធមិត្តទាំងបី កូរ៉េខាងត្បូង ជប៉ុន និងអាម៉េរិក ក្នុងខែនេះ បានដាក់ទណ្ឌកម្មបន្ថែមទៀតលើមន្ត្រីកូរ៉េខាងជើង ដែលបានចូលរួមចំណែកក្នុងកម្មវិធីអាវុធរបស់កូរ៉េខាងជើង​ បន្ទាប់ពីការធ្វើតេស្តមីស៊ីល​បាលីស្ទិកអន្តរទ្វីបរបស់ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ។
 
ការដាក់ទណ្ឌកម្មនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល​បាលីស្ទិកអន្តរទ្វីប​នៅពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ​ ដែលជាផ្នែកមួយនៃការបាញ់មីស៊ីលជាង ៦០ ដងក្នុងឆ្នាំនេះ។ ខណៈការបាញ់សាកល្បងអាវុធជាហូរហែនេះ សហគមន៍អន្តរជាតិក៏បង្ហាញការព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញបន្ទាប់ពីផ្អាកក្នុងឆ្នាំ ២០១៧ ផងដែរ៕
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com