FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ តើម្ចាស់ការពារជើងឯកបារាំង ឬម៉ារ៉ុក ឡើងទៅជួបអាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ?
14, Dec 2022 , 4:45 pm        
រូបភាព
ក្រុមការពារតំណែងជើងឯកបារាំង នឹងត្រូវជួបម៉ារ៉ុក ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2022 នាកីឡដ្ឋាន Al Bayt វេលាម៉ោង ២យប់ រាត្រីថ្ងៃទី១៤ ចូលទី១៥ ខែធ្នូ។ តើរវាងក្រុមអឺរ៉ុបបារាំង និងអាហ្រ្វិកម៉ារ៉ុក នឹងអាចក្រសោបបានកៅអីវគ្គផ្តាច់ព្រ័ត្រទៅជួបអាហ្សង់ទីនដែលកំពុងរង់ចាំ?



ព្រឹត្តិការណ៍ World Cup មិនទាន់មានក្រុមតំណាងប្រទេសណាផ្សេងទៀតឡើយ ក្រៅពីអ៊ីតាលី និងប្រេស៊ីលដែលអាចលើកពាននេះ ២លើកជាប់គ្នា។ អ៊ីតាលីធ្វើបាននៅឆ្នាំ ១៩៣៤ និងឆ្នាំ ១៩៣៨ មុនប្រេស៊ីលសម្រេចតាមក្រោយក្នុងឆ្នាំ ១៩៥៨ និង ១៩៦២។ សម្រាប់បារាំងក្នុងនាមជាក្រុមជើងឯកឆ្នាំ ២០១៨ មានឱកាសលើកពាននេះពីរព្រឹត្តិការណ៍ជាប់គ្នាផងដែរ ដោយត្រូវឆ្លងកាត់២ប្រកួតទៀតប៉ុណ្ណោះ។
  


បារាំងមុនមកប៉ះម៉ារ៉ុកនៅវគ្គ ១/២ផ្តាច់ព្រ័ត្រនេះ ពួកគេបានឆ្លងកាត់ការប្រកួតដ៏អស្ចារ្យ ដោយនៅវគ្គចែកពូល ពួកគេបញ្ចប់លេខ១ ពូល D បំបាក់អូស្ត្រាលី ៤-១ យកឈ្នះដាណឺម៉ាក ២-១ និងចាញ់ទុយនីស៊ី ១-០។ ឈានដល់វគ្គ ១៦ក្រុមចុងក្រោយ មាន់គកបារាំងទម្លាក់ប៉ូឡូញក្នុងលទ្ធផល ៣-១ យ៉ាងងាយស្រួល និងវគ្គ ៨ក្រុមយកជ័យជម្នះលើអង់គ្លេសទាំងលំបាក ២-១។ 
ចំណែកម៉ារ៉ុកជាក្រុមមិនធម្មតាឡើយនៅកាតានេះ ដ្បិតពួកគេឈានដល់វគ្គ ១/២ផ្តាច់ព្រ័ត្រដោយទម្លាក់ក្រុមខ្លាំងៗដូចអេស្ប៉ា និងព័រទុយហ្កាលជាដើម។ ម៉ារ៉ុក ជាក្រុមអាហ្រ្វិកលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៩២ឆ្នាំដែលបង្ហាញខ្លួនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup។
 
 ម៉ារ៉ុកឆ្លងមកដល់វគ្គនេះ ពួកគេមិនទាន់មានក្រុមណាអាចស៊ុតទម្លុះសំណាញ់ទីបានឡើយ ហើយម៉ារ៉ុកផ្ទាល់ក៏ជាក្រុមស្ថិតនៅកំពូលតារាងនៃពូល F ផងដែរ ដោយយកឈ្នះបែលហ្ស៊ិក ២-០ ឈ្នះកាណាដា ២-១ ស្មើក្រូអាស៊ី ០-០។ ឡើងមកកាន់វគ្គ​ ១៦ក្រុមចុងក្រោយម៉ារ៉ុកទម្លាក់អេស្ប៉ាញបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៣-០ និងទម្លាក់ព័រទុយហ្កាល់ក្នុងលទ្ធផល ១-០។ 
 
មិនមែនជាលើកដំបូងឡើយដែលក្រុមទាំងពីរបានជួបគ្នា ពោលគឺជាលើកទី៨ សម្រាប់ក្រុមទាំងពីរ ដោយគិតទាំងការជួបគ្នាក្នុងព្រឹត្តិការណ៍ ​World Cup 2022 ជាលើកដំបូងនេះ។ ការប៉ះគ្នា ៧លើកមុនចាប់តាំងពីឆ្នាំ ១៩៧៥ រហូតដល់ឆ្នាំ ២០០៧ បារាំងមិនដែលប្រកួតចាញ់ម៉ារ៉ុកម្តងឡើយដោយយកឈ្នះ៥លើក និងស្មើ ២លើក។ 
 
បារាំងជាក្រុមដែលត្រូវបានរំពឹងខ្លាំងថាអាចនឹងយកឈ្នះក្នុងការប្រកួតរាត្រីនេះ ប៉ុន្តែម៉ារ៉ុកជាក្រុមមិនធម្មតាមួយដែលបានទម្លាក់ក្រុមខ្លាំងមកពីអឺរ៉ុបដូចជាបែលហ្ស៊ិក អេស្ប៉ាញ និងព័រទុយហ្កាល់ ដែលជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ព្រឹត្តិការណ៍ World Cup 2022។ បារាំងរាត្រីនេះកីឡាករដែលជួបបញ្ហារបួសរួមមានខ្សែការពារ Dayot Upamecano និងខ្សែបម្រើ Adrien Rabiot ខ្សែបម្រើ Tchouameni ចំណែកម៉ារ៉ុកកីឡាករ Romain Saiss និងខ្សែការពារ Nayef Aquerd មានបញ្ហារបួសតែពួកគេនឹងត្រូវមានឈ្មោះសម្រាប់ប្រកួតទល់បារាំង។
 
​​​នាសន្និសីតកាសែតមុនការប្រកួតមកដល់លោក Didier Deschamps បាននិយាយដូច្នេះថា៖«បារាំងជួបបញ្ហាកាលប្រកួតទល់អង់គ្លេសធ្វើឱ្យកីឡាករសំខាន់មួយចំនួនមានបញ្ហារបួសមុនការប្រកួតទល់ម៉ារ៉ុក ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ម៉ារ៉ុកនឹងក្លាយជារឿងដ៏ពិបាកមួយព្រោះជាក្រុមដែលមានការតាំងចិត្តខ្ពស់ តែយើងក៏នឹងផ្តោតខ្លាំងលើការស្វែករកគ្រាប់បាល់ និងរកដំណោះស្រាយនៅការប្រកួតមួយនេះ។»។
 
ចំណែកលោក Walid Regagrui គ្រូបង្វឹកម៉ារ៉ុកវិញបានបង្ហាញអារម្មណ៍មុនការប្រកួតមកដល់ថា៖«វាជាការប្រកួតប្រជែងដ៏អស្ចារ្យសម្រាប់យើង យើងបានជួបក្រុមខ្លាំងៗមកពីតំបន់អឺរ៉ុប។ វាក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់យើងក្នុងការអនុវត្ត។ ប្រកួតទល់បារាំងនឹងក្លាយជាការប្រកួតដ៏តានតឹងផ្សេងមួយបន្ថែមទៀត។ យើងគោរពបារាំង តែយើងត្រូវផ្តល់ឱ្យពួកគេនៅអ្វីដែលយើងមាន។ យើងចង់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយឈ្នះ។»៕
 
 
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com