FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់ត្រា World Cup៖ ម៉ារ៉ុកឡើងដល់វគ្គ១/២ផ្តាច់ព្រ័ត្រ ដោយគ្មានក្រុមណាស៊ុតចូលទីឡើយ
14, Dec 2022 , 9:29 pm        
រូបភាព
ក្រុមជម្រើសជាតិម៉ារ៉ុក ក្លាយជាក្រុមទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក ក្រោយបង្ហាញភាពខ្លាំងគួរឱ្យភ្ញាក់ផ្អើលនៅ FIFA World Cup 2022។ មិនតែប៉ុណ្ណោះ ក្រុមរហស្សនាមតោកំណាចអាហ្រ្វិកខាងជើង បង្កើតកំណត់ត្រាប្រវត្តិសាស្ត្រ World Cup ថ្មី ដោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគ្មានក្រុមណាស៊ុតចូលទីខ្លួនឡើយ។



ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅ World Cup 2022 ម៉ារ៉ុកឈានជើងឡើងដល់វគ្គ ១/២ផ្តាច់ព្រ័ត្រជួបបារាំង ដោយពួកគេបានបង្កើតប្រវត្តិសាស្ត្រជាច្រើន។ ម៉ារ៉ុកជាក្រុម ដំបូងគេប្រចាំទ្វីបអាហ្រ្វិកឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងរយៈពេល ៩២ឆ្នាំនៃប្រវត្តិសាស្ត្រ FIFA។ 
 
ទោះយ៉ាងនេះក្តីកំណត់ត្រាមួយដ៏គួរឱ្យចាប់អារម្មណ៍បំផុតដែលម៉ារ៉ុកធ្វើបានក្រោយឆ្លងកាត់ ៥ប្រកួតនៃ World Cup 2022 នេះ គឺពួកគេរក្សាមិនឱ្យកីឡាកររបស់ក្រុមគូប្រកួតបញ្ចប់សំណាញ់ទីរបស់ខ្លួនឡើយ។ ម៉ារ៉ុករបូតតែមួយគ្រាប់ប៉ុណ្ណោះមុនពេលឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែដោយគ្រាប់ចូលទីខ្លួនឯង (own goal) របស់ខ្សែការពារ Nayef Aquerd ក្នុងជំនួបវគ្គចែកពូលទល់កាណាដា។
 
៥ប្រកួតដែលម៉ារ៉ុកឆ្លងកាត់ចាប់ពីវគ្គចែកពូលមក៖ 
 
-ម៉ារ៉ុកប្រកួតស្មើក្រូអាស៊ី ០-០
-ម៉ារ៉ុកប្រកួតឈ្នះបែលហ្ស៊ិក ២-០
-ម៉ារ៉ុកប្រកួតឈ្នះកាណាដា ២-១ (១គ្រាប់សម្រាប់កាណាដាខ្សែការពារម៉ារ៉ុក Nayef Aquerd ធ្វើឱ្យចូលទីខ្លួនឯង)
-ម៉ារ៉ុកប្រកួតឈ្នះអេស្ប៉ាញបាល់កាត់សេចក្តី ១១ម៉ែត្រ ៣-០ ក្រោយប្រកួត ១២០នាទីស្មើ ០-០ វគ្គ ១៦ក្រុម
-ម៉ារ៉ុកប្រកួតឈ្នះព័រទុយហ្កាល់ ១-០ នៅវគ្គ ៨ក្រុមចុងក្រោយ។
 
ម៉ារ៉ុកឡើងដល់វគ្គ ១/២ផ្តាច់ព្រ័ត្រ ដោយជួបតទល់ជាមួយបារាំងដែលជាក្រុមការពារតំណែងជើងឯកថ្ងៃទី១៤ ខែធ្នូ ក្នុងកីឡដ្ឋាន Al Bayt ប្រទេសកាតា។ តើម៉ារ៉ុកអាចបង្កើតប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតឬយ៉ាងណា?៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com