ជាតិ
សេដ្ឋកិច្ច
លោក អូន ព័ន្ធមុនីរ័ត្ន អះអាង កម្ពុជាអាចគ្រប់គ្រង​បាន​លើ​បំណុល​​ជិត​៩,៥ពាន់លាន​ដុល្លារ
16, Dec 2022 , 10:40 am        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ រូបថត MEF
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ រូបថត MEF
កម្ពុជាមានបំណុលសាធារណៈសរុប ៩ ៤៧៤លានដុល្លារអាម៉េរិក។​ ក្នុងនោះ មាន៩ ៤៦៤លានដុល្លារ គឺជាបំណុលក្រៅបរទេស និងជាង១០លានដុល្លារ  ជាបំណុលក្នុងប្រទេស។ បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បំណុលដែលកម្ពុជាមាននេះ គឺត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២។​

 
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា​ដែលចេញដោយក្រសួងសេដ្ឋកិច្ច បានបង្ហាញថាក្នុងចំណោមបំណុលក្រៅប្រទេសចំនួន ៩ ៤៦៤លានដុល្លារ គឺមានជាង ៦ ៤៣៥លានដុល្លារ (ប្រមាណ៦៨ភាគរយ) ជាបំណុលក្នុងក្របខ័ណ្ឌទ្វេភាគី។ រីឯ ថវិកា៣ ០២៨លានដុល្លារទៀត(ប្រមាណ៣២ភាគរយ) ជាបំណុលក្នុងក្របខ័ណ្ឌពហុភាគី។

ប្រភពដដែលបានបញ្ជាក់ថា បំណុលក្រៅប្រទេសដែលកម្ពុជាជំពាក់ច្រើនជាងគេ គឺចិនដែលមានដល់៤១ភាគរយ ស្មើនឹងទំហំទឹកប្រា​ក់​ ៣ ៨៨០លានដុល្លារ​នៃបំណុលក្រៅប្រទេសសរុប។​ ក្រៅពីនេះ​ កម្ពុជាជំពាក់ជប៉ុន ៩៤៦,៤លានដុល្លារ(១០ភាគរយ), ជំពាក់កូរ៉េខាងត្បូងចំនួន៤៧៣,២លានដុល្លារ(៥ភាគរយ), ជំពាក់បារាំងចំនួន៤៧៣,២លានដុល្លារ(៥ភាគរយ), បំណុលមរតកមាន៦៦២,៤លានដុល្លារ(៧ភាគរយ) និងបំណុលទ្វេភាគីផ្សេងៗទៀតមានក៏មាន១ភាគរយផងដែរ។
 
ចំពោះបំណុលពហុភាគីវិញ កម្ពុជាជំពាក់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ១ ៨៩២,៨លានដុល្លារ(២០ភាគរយ), ជំពាក់ធនាគារពិភពលោក(WB) ៨៥១,៧លានដុល្លារ(៩ភាគរយ) និងបំណុលពហុទ្វេភាគីផ្សេងៗទៀតមាន ១៨៩,២លានដុល្លារ(២ភាគរយ)ផងដែរ​​ នៃបំណុលក្រៅប្រទេសរបស់កម្ពុជាសរុប៩ ៤៦០ល្លារ។​
 
ដ្បិតកម្ពុជាជំពាក់បំណុលបរទេសច្រើនក៏ពិតមែន​ ប៉ុន្តែ លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្ននេះ គឺស្ថិតក្នុងភាពអាចគ្រប់គ្រងបាន។ « ពោលគឺ បំណុលទាំងនោះ នៅតែមានចីរភាព  ​និងហានិភ័យកម្រិតទាប បើទោះបីសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី»។  នេះជាការរបស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក្នុងអារម្ភកថានៃ​ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា។
 

 រាជធានីភ្នំពេញ

បើតាមលោក អូនព័ន្ធ មុនីរ័ត្ន ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោ​យកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលក្នុងនោះមាន៖ ១.ក្របខ័ណ្ឌគតិយុត្តិ ២.​គោលនយោបាយ យុទ្ធសាស្រ្ត និងនិតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ៣. សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់។ ៤. ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។
 
លោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នខ្ពស់បំផុតនូវវិធានការជាយុទ្ធសាស្រ្តនានា ដែលដាក់ចេញក្នុងយុទ្ធយុទ្ធសាស្រ្ត ស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣។ ជាពិសេសគោលការណ៍គន្លឹះទាំង៥ សំដៅពង្រឹងប្រសិទ្ធភាព និងការគ្រប់គ្រង់បំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ។
 
គន្លឹះទាំង៥នោះរួមមាន៖ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ច អាចទ្រទ្រង់បាន,  ខ្ចីឥណទាន ដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់, ខ្ចីសម្រាប់តែវិស័យអទិភាពទ្រទ្រង់ចីរភាពកំណើនសេដ្ឋកិច្ច វិស័យបង្កើនផលិតភាពសេដ្ឋកិច្ច  ឬផលិតភាពផលិតកម្ម, ប្រើឥណទានប្រកបដោយតម្លាភាព គណនេយ្យ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ ។ ជាពិសេស ប្រើប្រាស់ឥណទានម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដារ និងគុណភាពខ្ពស់។​
 
សម្រាប់ឆ្នាំ២០២៣ រដ្ឋគ្រោងខ្ចីពីបរទេសប្រមាណ១ ៥០០លានដុល្លារ ដើម្បីបំពេញចំណាយជាតិប្រចាំឆ្នាំដែលមានដល់៩,៦ពាន់លានដុល្លារ។​ ក្រៅពីនេះ​រដ្ឋ នឹងខ្ចីអ្នកក្នុងស្រុកចំនួន២០០លានដុល្លារ​ ផងដែរតាមការបោះផ្សាយមូលបត្ររដ្ឋ៕
 
 
 
 

Tag:
 បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com