អន្តរជាតិ
រុស្ស៊ីព្រមានពីផលវិបាក ប្រសិនបើអាម៉េរិកបញ្ជូនខែលមីស៊ីលទៅអ៊ុយក្រែន
16, Dec 2022 , 11:29 am        
រូបភាព
ប្រព័ន្ធមីស៊ីល Patriot របស់អាម៉េរិក។ រូបភាព៖ AFP
ប្រព័ន្ធមីស៊ីល Patriot របស់អាម៉េរិក។ រូបភាព៖ AFP
ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃទី១៥ ខែធ្នូ​ បានព្រមានថា ប្រសិនបើអាម៉េរិកបញ្ជាក់របាយការណ៍បញ្ជូនខែលមីស៊ីល Patriot ទៅអ៊ុយក្រែនជាការពិត វាអាចជាសកម្មភាពបង្ករឿងមួយកម្រិតទៀតពីសំណាក់អាម៉េរិក ហើយអាម៉េរិកក៏អាចរងការឆ្លើយតបពីរុស្ស៊ីវិញដែរ។

 
ខណៈសង្រ្គាមនៅអ៊ុយក្រែនជិតឈានចូលដល់ខែទី១០ សារព័ត៌មានធំជាច្រើន បានចុះផ្សាយថា អាម៉េរិក កំពុងបញ្ចប់គម្រោងរបស់ខ្លួន ដើម្បីបញ្ជូនខែលមីស៊ីល Patriot របស់ខ្លួនទៅអ៊ុយក្រែន។ ស្របពេលមានរបាយការណ៍បែបនេះ រុស្ស៊ី បានព្រមានពីផលវិបាក ប្រសិនបើអាម៉េរិកហ៊ានផ្តល់ប្រព័ន្ធមីស៊ីលដ៏ទំនើបមួយនេះ ទៅអ៊ុយក្រែន។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៥ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងថា អាម៉េរិកបានក្លាយជាភាគីនៃសង្រ្គាមនៅអ៊ុយក្រែនហើយ ក្រោយមានរបាយការណ៍ផ្តល់ខែលមីស៊ីលទៅអ៊ុយក្រែន។ 
 
ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេស បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបង្កើនជំនួយយោធា រួមទាំងអាវុធទំនើបៗទៅអ៊ុយក្រែន ដែលអាចធ្វើឱ្យមានផលវិបាកកើតមាន។ យ៉ាងណាមិញ មន្រ្តីរុស្ស៊ីរូបនេះ មិនបានបញ្ជាក់ពីផលវិបាកបែបណាឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
នេះមិនមែនជាលើកទីមួយឡើយ ដែលរុស្ស៊ីព្រមានអាម៉េរិក។ មុនរបាយការណ៍ខាងលើ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានថ្លែងថា ប្រសិនបើប្រព័ន្ធ Patriot ត្រូវបានបញ្ជូនទៅអ៊ុយក្រែន រួមជាមួយកម្លាំងសម្ព័ន្ធយោធាណាតូ (NATO) ពួកគេនឹងក្លាយជាគោលដៅដ៏ស្របច្បាប់សម្រាប់កម្លាំងទ័ពរុស្ស៊ី។ 
 
សូមបញ្ជាក់ថា ប្រព័ន្ធមីស៊ីលដែលបាញ់ពីដីទៅអាកាស Patriot តម្រូវឱ្យមានកម្លាំងទ័ពចំនួន ៩០នាក់ ដើម្បីប្រតិបត្តិការ ដើម្បីថែទាំ។ ប្រព័ន្ធមីស៊ីលដ៏ទំនើបនេះ អាចមានសមត្ថភាពក្នុងការទប់មីស៊ីលរបស់រុស្ស៊ីជាច្រើនគ្រាប់ ដែលចង់វាយប្រហារអ៊ុយក្រែន៕ 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com