ជាតិ
លោក ស៊្រឹង ឆវ័ន្ត អំពាវនាវ​ឱ្យស្ថាប័នរដ្ឋ-ឯកជន និងយុវជន​ ចូលរួមកម្មវិធីសប្បុរសធម៌ ដើម្បីកុមារជនបទ
17, Dec 2022 , 8:59 am        
រូបភាព
ភ្នំពេញ៖ កម្មវិធីសប្បុរសធម៌ ដើម្បីកុមារនិងយុវជន ក្រោមប្រធានបទ «សប្បុរសដែនកោះដើម្បីការអប់រំកុមារនិងយុវជន» នឹងធ្វើឡើងនូវថ្ងៃទី២៤ និង២៥ ខែធ្នូ ឆ្នាំ២០២២។ កម្មវិធីនេះ នឹងនាំយកសម្ភារៈសិក្សា ជូនដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រែកស្វាយ ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ លោក ស៊្រឹង ឆវ័ន្ត ប្រធានក្រុមមូលនិធិ ក៏បានអំពាវនាវឱ្យមានការចូលកាន់តែច្រើនពីវិស័យឯកជន ស្ថានប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន ជាពិសេសយុវជន។



មូលនិធិសប្បុរសធម៍ ដើម្បីកុមារនៅជនបទ (CFRC) ដែលដឹកនាំដោយលោក ស៊្រឹង ឆវ័ន្ត នឹងរៀបចំជាលើកទី១០ ក្រោមប្រធានបទ«សប្បុរសដែនកោះដើម្បីការអប់រំកុមារនិងយុវជន»។ មូលនិធិនេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអប់រំកុមារជនបទ ដែលផ្តោតសំខាន់លើអប់រំចំណេះដឹងទូទៅថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យនៅលើដែនដីកោះ។ 
  

ក្រុមការងារមូលនិធិសប្បុរសធម៍ ដើម្បីកុមារនៅជនបទ (CFRC)។ រូបភាពដោយ៖លោក ស៊្រឹង ឆវ័ន្ត 
 
មូលនិធិនេះ ក៏នឹងរួមចំណែកក្នុងការលើកទឹកចិត្តចំពោះការលះបង់របស់លោកគ្រូអ្នកគ្រូ ដែលស្ម័គ្រចិត្តបង្រៀនលើកោះ នៃភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ ក្រៅពីនេះ ក៏ជាឱកាសក្នុងការទំនាក់ទំនងរវាងយុវជននិងយុវជន ដើម្បីលើកកម្ពស់ការអប់រំរបស់កុមារនៅជនបទបន្ថែម។ 
 
មូលនិធិសប្បុរសធម៍ ដើម្បីកុមារនៅជនបទ (CFRC) នឹងនាំយកសម្ភារៈសិក្សា កីឡា អំពូលភ្លើងសូឡា របង់អង្គុយលេងសម្រាប់សិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រែកស្វាយ រួមទាំងប្រមូលថវិកាដើម្បីសាងសង់ខ្លោង​​​​ទ្វារថ្មីផងដែរ។ ទន្ទឹមនឹងភាពទ្រុឌទ្រោមនៃខ្លោងទ្វារ សាលានេះនៅមិនទាន់កម្រិតសិក្សាថ្នាក់វិទ្យាល័យឡើយ ដ្បិតជាទីអប់រំដែលនៅលើកោះ។ 
  
ទិដ្ឋភាពលោក ស៊្រឹង ឆវ័ន្ត និងយុវជន ក្នុងមូលនិធិសប្បុរសធម៌ ដើម្បីកុមារជនបទ។ រូបភាពដោយ៖ លោក ស៊្រឹង ឆវ័ន្ត
 
ក្រៅពីការនាំយកសម្ភារៈសិក្សា លោក ស៊្រឹង ឆវ័ន្ត ប្រធានក្រុមមូលនិធិសប្បុរសធម៍ ដើម្បីកុមារនៅជនបទ (CFRC) បានប្រាប់សារព័ត៌មានថ្មីៗឱ្យដឹងថា កម្មវិធីនេះ ជាការរួមចំណែកពីបណ្ដាសប្បុរសជននានា ជាពិសេសយុវជន ដែលនឹងចែករំលែកក្តីស្រឡាញ់ ភាពសប្បុរស និងការយកចិត្តទុកដាក់ចំពោះការអប់រំកុមារនិងយុវជននៅដែនកោះរ៉ុង។ 
 
ដ្បិតការធ្វើដំណើរតាមផ្លូវគោកផង និងផ្លូវទឹកផង លោក ឆវ័ន្ត ក៏បានអំពាវនាវឱ្យមានការចូលរួមសហការពីសប្បុរសជននានាទាំងវិស័យឯកជន ស្ថាប័នរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសការចូលរួមពីយុវជន និងមហាជនក្នុងការគាំទ្រ និងរួមចំណែកបរិច្ចាគសម្ភារៈ ឬថវិកា ដើម្បីកម្មវិធីនេះប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក៕


 លោក ស៊្រឹង ឆវ័ន្ត ​និងកុមារ ក្នុងមូលនិធិសប្បុរសធម៌ដើម្បីកុមារជនបទ។ រូបភាព៖ លោក ស៊្រឹង ឆវ័ន្ត
 
 

Tag:
 កម្មវិធីសប្បុរសធម៌
  កោះរ៉ុង
  ស៊្រឹង ឆវ័ន្ត
© រក្សាសិទ្ធិដោយ thmeythmey.com