ជាតិ
រដ្ឋាភិបាលជប៉ុន បន្តជួយអាជ្ញាធរជាតិអប្សរាលើកិច្ចការអភិរក្សនិងជួសជុលប្រាសាទបាយ័ន
17, Dec 2022 , 5:00 pm        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយតំណាងរដ្ឋាភិបាលជប៉ុន លើគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន។ គម្រោងនេះ ជាមូលនិធិផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការយូណេស្កូ។ នេះបើតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា។


 
គណៈកម្មការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី២៩ ដើម្បីពង្រឹងកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ស្របតាមផែនការប្រកបដោយចីរភាព។ ក្នុងកិច្ចប្រជុំ អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាអនុស្សារណៈយោគយល់ ជាមួយជប៉ុន លើគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន។


លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ រូបភាព៖ អាជ្ញាធរជាតិអប្សរា

គម្រោងនេះ មានការចុះហត្ថលេខាជាពីរផ្នែក ដោយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជ។ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Sardar Umar ALAM តំណាងអង្គការយូណេស្កូ។
 
គួរបញ្ជាក់ថា ការអនុវត្តគម្រោងដែលជប៉ុនផ្តល់ឱ្យនេះ មានអាយុកាល២៨ឆ្នាំមកហើយ ដោយចាប់ផ្តើមនៅឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២២នេះ។ គម្រោងនេះមាន ៦ដំណាក់កាល ដោយត្រឹមខែមីនា ឆ្នាំ២០២២នេះ ក្រុមអ្នកជំនាញសម្រេចបាន ៥ដំណាក់កាល។ ចំណែកដំណាក់កាលទី ៦ គិតចាប់ពីខែមេសា មកដល់បច្ចុប្បន្ន។ 
 
លទ្ធផលនៃការស្រាវជ្រាវ និងវាយតម្លៃ តាមបែបវិទ្យាសាស្រ្តជាបន្តបន្ទាប់ ក្នុងដំណាក់កាលទី ១ដល់ទី៥ បានបង្ហាញថា លំនឹងប៉មកណ្តាល ទាមទារឱ្យមានអន្តរាគមន៍បច្ចេកទេស។ ចំពោះដំណាក់កាលទី៦ គឺផ្តោតលើការអន្តរគមន៍ផ្នែកជារូបវ័ន្ត ដើម្បីឱ្យមានលំនឹងដល់ប៉មកណ្តាល ព្រមទាំងកំណត់វិធីសាស្រ្ត អភិរក្សចម្លាក់លៀន នៃថែវខាងក្នុង។ លើសពីនេះ ការកែលម្អសោភ័ណភាព តួប្រាសាទបាយ័ន មុខបែរទៅទិសខាងកើត (ផ្នែកខាងកើត) ក៏នឹងត្រូវអនុវត្តផ្តលើប៉ម៦៩។
 
នៅឆ្នាំ២០២៤ គម្រោងអភិរក្សប្រាសាទបាយ័ន នឹងប្រារព្ធខួបលើកទី៣០ ដែលជាព្រឹត្តិការណ៍សំខាន់មួយ ផ្សព្វផ្សាយដោយអង្គការសន្និសីទអន្តរជាតិ និងការបោះពុម្ពបែបវិទ្យាសាស្រ្ត។ កម្មវិធី នឹងមានការពិព័រណ៍អំពីប្រាសាទបាយ័ន ដើម្បីផ្សព្វផ្សាយសមិទ្ធផលរបស់ក្រុមការងារ JASA ក្នុងរយៈពេល៣០ឆ្នាំកន្លងមក។ 
 
ប្រាសាទបាយ័ន ជាប្រាសាទមួយដ៏សំខាន់ក្នុងបរិវេណអង្គរ ដែលសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅកណ្តាលនៃកំពែងក្រុងអង្គរធំ។ បាយ័ន ត្រូវបានសាងសង់ដំបូង ជាប្រាសាទព្រះពុទ្ធសាសនា ដោយមានតួប្រាសាទមានទំហំ ១៤៤ម៉ែត្រ គុណនឹង ២២៨ម៉ែត្រ មានថែវខាងក្រៅ និងខាងក្នុង បណ្ណាល័យខាងជើង និងខាងត្បូង និងតួប៉មជាច្រើន៕
 

Tag:
 អាជ្ញាធរជាតិអប្សរា
  ជប៉ុន
  អភិរក្ស
  ប្រាសាទបាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com