ជាតិ
ព្រះពុទ្ធ​បដិមា​កម្ពស់​១០៨​ម៉ែត្រ ចាប់ផ្ដើម​សង់​នៅ​ដើមឆ្នាំ​២០២៣ លើ​ខ្នងភ្នំ​បូកគោ
17, Dec 2022 , 6:19 pm        
រូបភាព
រចនាបថ ព្រះពុទ្ធបដិមា កម្ពស់១០៨ម៉ែត្រ ដែលនឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០២៣។ រូបភាពផ្ដល់ដោយ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន
រចនាបថ ព្រះពុទ្ធបដិមា កម្ពស់១០៨ម៉ែត្រ ដែលនឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០២៣។ រូបភាពផ្ដល់ដោយ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន
ភ្នំពេញ​៖ ព្រះពុទ្ធ​បដិមា កម្ពស់​១០៨​ម៉ែត្រ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ដើមឆ្នាំ ២០២៣ លើ​ខ្នងភ្នំ​បូកគោ ត្រង់ចំណុច​វា​ស្រែ ៥០០​។ ពុទ្ធបដិមា​ក៏​ខ្ពស់​នេះ ត្រូវបាន​ផ្ដួចផ្ដើម​គំនិត​ដោយ ក្រុមហ៊ុន សុខាអូតែល របស់​អ្នកឧកញ៉ា សុខ គង់​។



​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​សារព័ត៌មាន​ថ្មីៗ នៅ​រសៀល​ថ្ងៃទី​១៧ ខែធ្នូ​នេះ​ថា គម្រោង​សង់​ព្រះពុទ្ធ​បដិមា​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​នេះ ត្រូវបាន​ឯកភាព​ដោយ​រដ្ឋាភិបាល​កម្ពុជា​រួចរាល់​ហើយ ទាំង​ផ្នែក​បច្ចេកទេស និង​រចនាបថ​។ ក្នុងនោះដែរ រចនាបថ​មួយចំនួន ត្រូវបាន​ដកស្រង់​ចេញពី​ក្បាច់​ប្រាសាទ​នានា​របស់​កម្ពុជា​។ ក្រុមហ៊ុន សុខាអូតែល នឹង​ចាប់ផ្ដើម​បញ្ចុះបឋមសិលា​សាងសង់ នៅ​ដើមឆ្នាំ​២០២៣​ខាងមុខ​។ 
 
​លោក បញ្ជាក់​ដូច្នេះ​ថា​៖ «​រដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្ដីសម្រេច​ហើយ តាមរយៈ​សេចក្ដីជូនដំណឹង​មួយ នៅ​ខែ​ថ្ងៃទី​១ ខែកញ្ញា​ឆ្នាំ​២០២២ ដោយ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន សុខាអូតែល​ហ្នឹង សាងសង់​ព្រះពុទ្ធ​បដិមា កម្ពស់​១០៨​ម៉ែត្រ នៅ​ឧទ្យាន​ជាតិ​បូកគោ​»​។ 
 


​ការ​ដែលមាន​ពុទ្ធបដិមា​ខ្ពស់​នេះ គឺជា​មោទកភាព​មួយ​របស់​កម្ពុជា ក្នុងនាម​ជា​ប្រទេស​កាន់​ពុទ្ធសាសនា​។ មិនតែប៉ុណ្ណោះ ពុទ្ធបដិមា​ដ៏​ខ្ពស់​នេះ នឹង​ជួយ​ប្រែក្លាយ រមណីយដ្ឋាន​បូកគោ ទៅ​កន្លែង​ទេសចរណ៍​បែប​សាសនា ដ៏​មាន​សក្ដានុពល​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក នេត្រ ភក្ត្រា ដោយ​បន្ថែមថា​៖ «​អ្វីដែល​យើង​យល់ថា​ជា​មោទកភាព​សំខាន់​របស់​ជាតិ​នោះ គឺជា​ទី​១ យើង​ព្រះពុទ្ធ​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ ទី​២ ឧទ្យាន​ជាតិ​បូកគោ នឹង​ប្រែ​ក្លាយទៅជា​រមណីយ​ទេសចរណ៍​សាសនា ដោយសារ​ទីតាំង​មាន​កម្ពស់​ខ្ពស់​។ ទី​៣ ជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​ការគោរព​ព្រះពុទ្ធសាសនា​ក្នុងប្រទេស​កម្ពុជា​យើង​»​។​
 
​ការសាងសង់​ព្រះពុទ្ធ​បដិមា​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៣០ ទៅ​៤០​លាន​ដុល្លារ​។ ដោយឡែក ចំពោះ ពេល​វា​លា​នៅ​ការសាងសង់ មិនទាន់មាន​ការបញ្ជា​ក់​ច្បាស់លាស់​នៅឡើយ​ទេ​៕
 

Tag:
 ព្រះពុទ្ធ​បដិមា​
  ក្រុមហ៊ុន​សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com