ជាតិ
សេដ្ឋកិច្ច
អាម៉េរិក មានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា បន្ទាប់ពីចិន
19, Dec 2022 , 10:18 am        
រូបភាព
 រូបតំណាង៖ ទូកុងតឺន័រផ្ទុកទំនិញជាច្រើនសម្រាប់បម្រើដល់សេវានាំចេញនាំចូលរបស់កម្ពុជាតាមរយៈកំពង់ផែស្វ័យក្រុងព្រះសីហនុ។​
រូបតំណាង៖ ទូកុងតឺន័រផ្ទុកទំនិញជាច្រើនសម្រាប់បម្រើដល់សេវានាំចេញនាំចូលរបស់កម្ពុជាតាមរយៈកំពង់ផែស្វ័យក្រុងព្រះសីហនុ។​
ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូក្នុងពិភពលោកនារយៈពេល១១ខែមកនេះ មានតម្លៃប្រមាណ៤៨,២ពាន់លានដុល្លារដែលកើន១២,៨ភាគរយ បើធៀបនឹងគ្រាដូចកាលឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញមានជាង២០,៤ពាន់លានដុល្លារ ខណៈការនាំចូលវិញមាន២៧,៧ពាន់លានដុល្លារ។​ បើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

 
ជុំវិញទំនាក់ទំនងពាណិជ្ជកម្មនេះ សារព័ត៌មានថ្មីៗ(ThmeyThmey)សូមលើកយកប្រទេស-តំបន់ចំនួន១០ដែលមានទំហំពាណិជ្ជកម្មច្រើនជាងគេជាមួយកម្ពុជា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២។  ប្រទេស-តំបន់ទាំងនោះមានដូចខាងក្រោម៖
 
លេខ១ ចិន៖  មានទំហំពាណិជ្ជកម្មជាង១០,៥៨ពាន់លានដុល្លារ កើនក្នុងអត្រា៦,៣ភាគរយ។ ក្នុងនោះ ការចេញរបស់មានត្រឹម១,១ពាន់ដុល្លារ ដែលធ្លាក់ចុះជាង១៩ភាគរយ។ ប៉ុន្តែ ការនាំចូលពីប្រទេសនេះវិញ មានដល់ជិត៩,៤៧ពាន់ដុល្លារ ដែល១០,៤ភាគរយ។​
 
លេខ២ អាម៉េរិក៖ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយមហាអំណាចពិភពលោកមួយនេះចំនួន៨,៥ពាន់លានដុល្លារ ជាមួយកំណើន២១,៨ភាគរយ។ សម្រាប់ការនាំចេញរបស់កម្ពុជា មានជាង៨,២ពាន់ដុល្លារ​ កើន២៣ភាគរយ ខណៈនាំចូលវិញ គឺមានត្រឹមជាង​២៩២លានដុល្លារ  ធ្លាក់ចុះ​៤,៨ភាគរយ។​
 
លេខ៣ វៀតណាម​៖  ទំហំពាណិជ្ជកម្មមានក្នុងតម្លៃជាង៥,៥ពាន់លានដុល្លារ ជាមួយកំណើន​១៩,៥ភាគរយ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានជិត១,៩ពាន់លានដុល្លារ​ ដែលកើន៤,៨ភាគរយ  តែនាំចូលពីប្រទេសជាប់ព្រំដែននេះវិញមានដល់ជាង៣,៦ពាន់ដុល្លារជាមួយកំណើន ២៩ភាគរយ។​
 
លេខ៤ ថៃ៖ ទំហំពាណិជ្ជកម្មមានតម្លៃជិត៤,៣ពាន់លានដុល្លារ​ ដែលកើន១៨,៣ភាគរយ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន ៧៥៦លានដុល្លារ​ កើន៣៥,៤ភាគរយ ខណៈនាំចូលពីប្រទេសនេះវិញ គឺមានដល់ជាង៣,៥៤ពាន់ដុល្លារ ក្នុងកំណើន១៥,២ភាគរយ។​
 
លេខ៥ សិង្ហបុរី៖ ទំហំពាណិជ្ជកម្មមានតម្លៃជាង៣,២៥ពាន់ដុល្លារ​ ធា្លក់ចុះ២៨,៨ភាគរយ។ ចំពោះការចេញរបស់កម្ពុជាទៅកា​ន់ប្រទេសសមាជិកអាស៊ានមួយនេះ គឺមានត្រឹមជាង៨៦លានដុល្លារ​ ដែលធ្លាក់ចុះ២៥,៣ភាគរយ និងនាំចូលវិញមានជិត៣,១៧ពាន់ដុល្លារ ប៉ុន្តែក៏ធ្លាក់ចុះក្នុងអត្រា២៨,៩ភាគរយ ផងដែរ។​
 
លេខ៦ ជប៉ុន៖ ទំហំពាណិជ្ជកម្មមានតម្លៃជិត១,៧៩ពាន់លានដុល្លារ ដែលកើនក្នុងរង្វង់១៣ភាគរយ។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសនេះ គឺមានតម្លៃជិត​១,០៧ពាន់លានដុល្លារ​ កើន៦,៨ភាគរយ និងនាំចូលវិញមាន ៧២០លានដុល្លារ ២៤ភាគរយ។ 
 
លេខ៧ ស្វ៊ីស៖ ទំហំពាណិជ្ជកម្មមានតម្លៃប្រមាណ១,៤៤ពាន់លានដុល្លារ។ ទំហំនេះ គឺកើនរហូតដល់៧៩ភាគរយបើធៀបនឹងរយៈពេល១១ខែដូចគ្នា កាលឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅប្រទេសនេះមានត្រឹម៨,៥លានដុល្លារ ដែលធ្លាក់ចុះ​៧,១ភាគរយ ប៉ុន្តែនាំចូល គឺកើនដល់៨០,៥ភាគរយ។ 
 
លេខ៨ អាល្លឺម៉ង់៖ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះជាង១,១៥ពាន់លានដុល្លារ​ ដែលមានកំណើនក្នុងរង្វង់២៣ភាគរយ។ ការនាំចេញមាន​តម្លៃប្រមាណ១ពាន់លានដុល្លារ កើន២៦,៧ភាគរយ និងនាំចូលមាន១៥៣លានដុល្លារ កើន៥,១ភាគរយ ផងដែរ។​
 
លេខ៩ តៃវ៉ាន់៖ ទំហំពាណិជ្ជកម្មមានតម្លៃ១,០៦ពាន់លានដុល្លារ​ ជាមួយកំណើន១០ភាគរយ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា​មានជាង១០០លានដុល្លារ កើន១៩,៦ភាគរយ និងនាំចូលកើន​៩,១ភាគរយ ដែលមានតម្លៃជិត៩៦៦លានដុល្លារ។ 
 
លេខ១០ កាណាដា៖ ទំហំពាណិជ្ជកម្មមានតម្លៃ១,០៥ពាន់លានដុល្លារ​ ជាមួយកំណើន១៩ភាគរយ។ ​ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសក្នុងទ្វីបអាម៉េរិកខាងជើងនេះមាន១,០២ពាន់ដុល្លារ កើន២០,៦ភាគរយ ប៉ុន្តែនាំចូលវិញ​ គឺធ្លាក់ក្នុងអត្រា​១៧,៣ភាគរយ​ ដែលមានតម្លៃទឹកប្រាក់៣១លានដុល្លារ៕
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com