ជាតិ
បីឆ្នាំចុងក្រោយ ចំនួនសត្វក្រៀលនៅកម្ពុជា បន្តធ្លាក់ចុះ
19, Dec 2022 , 8:59 pm        
រូបភាព
រូបថតដោយ ឈឿន សុជាតិ, អង្គការជីវិតធម្មជាតិ
រូបថតដោយ ឈឿន សុជាតិ, អង្គការជីវិតធម្មជាតិ
ដោយ:
ភ្នំពេញ៖ សត្វក្រៀលចំនួន២៦ក្បាលបានធ្វើដំណើរមករកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅក្នុងខេត្តតាកែវនៅអំឡុងខែធ្នូនេះ។ យោងតាមរបាយការណ៍បណ្ដោះអាសន្ន នៅឆ្នាំ២០២០ សត្វក្រៀលមានចំនួន ១៩៤ក្បាល,ឆ្នាំ២០២១ មានចំនួន១៦៤ក្បាល និងនៅឆ្នាំ២០២២ មានចំនួន១៥០ក្បាល ដែល​ជាទិន្នន័យបណ្ដោះអាសន្ន។



សត្វក្រៀលចំនួន ២៦ក្បាល បានធ្វើដំណើរដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ បន្ទាប់ពីបញ្ចប់រដូវពងកូនក្នុងភាគឦសាននៅក្នុងប្រទេសកម្ពុជា។ នៅចន្លោះខែធ្នូនេះ សត្វក្រៀលនឹងបន្តធ្វើដំណើរទៅរកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បន្ទាប់មកនឹងបន្តដំណើរទៅតំបន់ទេសភាពអន្លង់ព្រីង មុនពេលធ្វើដំណើរបន្តទៅតំបន់ពងកូននៅភាគឦសាននៃប្រទេសកម្ពុជា។
 
ក្រសួងបរិស្ថាន កំពុងសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា អង្កេតតាមដានរបាយនៃសត្វក្រៀល ជាលទ្ធផលនៅក្នុងឆ្នាំ២០២០ កម្ពុជាមានសត្វក្រៀលចំនួន ១៩៤ក្បាល។ នៅឆ្នាំ២០២១ មានសត្វក្រៀល មានចំនួន ១៦៤ក្បាល ហើយជារបាយការណ៍បណ្តោះអាសន្នក្នុងឆ្នាំ២០២២ សត្វក្រៀលមានចំនួន១៥០ក្បាល។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងមួយឆ្នាំៗសត្វក្រៀលធ្លាក់ចុះមិនក្រោម១០ក្បាលនោះឡើយ។
 
​នៅកម្ពុជាសត្វក្រៀលតែងបង្ហាញវត្តមាននៅទីតាំង ៣ សំខាន់ គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ, តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅខេត្តតាកែវ។
 
នៅចន្លោះពីខែធ្នូដល់ខែកុម្ភះ​ សត្វក្រៀលតែងធ្វើដំណើរទៅរកចំណីនៅខេត្តតាកែវ និងកំពត បន្ទាប់មកទើបធ្វើដំណើរទៅពងកូននៅតំបន់ព្រៃរបោះ ក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ។
 
ការសិក្សា​របស់​អ្នកជំនាញ​ ​ចំនួន​សត្វ​ក្រៀល​នៅ​លើ​ពិភពលោក​សព្វថ្ងៃនេះ​ ​មាន​ចន្លោះ​ពី​ ​១​៣​០០០ ​ទៅ​ ​១​៥​០០០ ​ក្បាល​ ​ដែល​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​អូស្ត្រាលី​ ​វៀតណាម​ ​ឡាវ​ ​និង​កម្ពុជា​។
បច្ចុប្បន្នបញ្ហាដែលធ្វើឱ្យប៉ះពាល់​ដល់ការរស់នៅ និងការអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា អាចបណ្ដាលមកពី​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ការ​គ្រប់គ្រង​តំបន់​ដីសើម​នៅមានកម្រិត​៕
 
 
 
 
 
 

Tag:
 សត្វក្រៀល
  តំបន់ការពារទេសភាពបឹងព្រែកល្ពៅ
 
© រក្សាសិទ្ធិដោយ thmeythmey.com