ជាតិ
លោក ពេជ្រ សារ៉ាត រំភើបចិត្ត ក្រោយសម្តែងចាប៉ីដងវែង២២ដើម ទ្រង់ទ្រាយធំលើកទី១ ជោគជ័យ
20, Dec 2022 , 10:12 am        
រូបភាព
ភ្នំពេញ៖ សិល្បៈករនៃសហគមន៍ចាប៉ីអមតៈបានទៅដល់ទឹកដីខេត្តកំពង់ឆ្នាំង និងសម្តែងទស្សនីយភាពចាប៉ីដងវែង២២ដើមរួមគ្នាជាលក្ខណៈទ្រង់ទ្រាយធំលើកទី១ ក្នុង​បុណ្យរដូវរំហើយ។



ក្រោយការសម្តែងបញ្ចប់ដោយជោគជ័យពលរដ្ឋជាច្រើនបានស្ងើចសរសើរចំពោះក្រុមសិល្បៈករជាពិសេសយុវជនជំនាន់ក្រោយ​បានស្វះស្វែងសុំលោក ពេជ្រ សារ៉ាត រៀនចាប៉ីដងវែង។  
 
ព្រឹទ្ធាចារ្យ យុវជន និងកុមារ ដែលមានទេពកោសល្យយ៉ាងប៉ិនប្រសព្វក្នុងការលេងចាប៉ីដងវែងបានសម្តែងរួមគ្នាលើឆាកតែមួយក្នុងបុណ្យរដូវរំហើយ។ នេះជាការសម្តែងលើកទី១
ដែលក្រុមសិល្បៈករសហគមន៍អមតៈ បីជំនាន់បានទៅដល់ភូមិដំណាក់កកោះ ឃុំពោធិ៍ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីសម្តែង បង្រៀននិងធ្វើបទបង្ហាញជូនពលរដ្ឋអំពីចាប៉ីដងវែងផងដែរ។ 
 
លោក ពេជ្រ សារ៉ាត ប្រធានក្រុមសហគមន៍ចាប៉ីអមតៈបានរៀបរាប់ពីអារម្មណ៍រំភើបរីករាយក្នុងការសម្តែងទ្រង់ទ្រាយធំជាលើកដំបូងរបស់ក្រុមប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ពលរដ្ឋខេត្តកំពង់ឆ្នាំងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ការណ៍នេះ បានធ្វើឱ្យក្រុមសិល្បៈករចាប៉ីដងវែងទាំងអស់សប្បាយរីករាយជាខ្លាំង។


   លោក ពេជ្រ សារ៉ាត បង្ហាញការលេងចាប៉ីដល់សិល្បៈករក្នុងបុណ្យរដូវរំហើយ ។ រូបភាពពីហ្វេសប៊ុកផេក សហគមន៍ចាប៉ីអមតៈ.
 
«នេះជាលើកទី១ របស់ខ្ញុំដែលជាសិល្បៈករចូលប្រឡូកចាប៉ីដងវែងតាំងពីឆ្នាំ២០០២ រហូតដល់បច្ចុបប្បន្ន ២០ឆ្នាំហើយគ្រាន់តែពេលខ្ញុំហាត់សមមានក្មេងច្រោងច្រាងមកមើល ហើយសុំមួយបទទៀតរហូត។
 
គាត់ធ្វើដូចជាហ្វេនផ្កាប់មុខរបស់ចាប៉ីដងវែងហើយក្នុងនាមខ្ញុំជាសិល្បៈករសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានទេ ព្រោះវាជាលើកទី១ជាប្រវត្តិសាស្រ្តហើយ មកកាន់ទឹកដីខេត្តកំពង់ឆ្នាំ»។
 
នេះជាការលើកឡើងរបស់លោក ពេជ្រ សារ៉ាត ប្រធានក្រុមសហគមន៍សិល្បៈចាប៉ីអមតៈ។ 
 
មិនត្រឹមតែពលរដ្ឋច្រើនទស្សនាការសម្តែងសម ក្រុមសិល្បៈករ៣ជំនាន់ក៏បានទទួលការគាំទ្រកាន់តែខ្លាំងអំឡុងពេលសម្តែងដ្បិតពលរដ្ឋជាច្រើនកុះករបានក្រាលកន្ទេលអង្គុយទស្សនាដូចការរំពឹងទុករបស់លោក ពេជ្រសារ៉ាត។ សន្ទុះនៃការគាំទ្រ បានធ្វើឱ្យប្រធានក្រុមសហគមន៍ចាប៉ីអមតៈ រំភើបជាខ្លាំងជាពិសេសនៅពេលពលរដ្ឋជាច្រើនស្ងើចសរសើរនិងបង្ហាញការស្រលាញ់ចំពោះក្រុមសិល្បៈបីជំនាន់។ 
  

ទិដ្ឋភាពពលរដ្ឋក្រាលកន្ទេសអង្គុយទស្សនាការសម្តែងចាប៉ីដងវែង២២ដើម។ រូបភាពពីហ្វេសប៊ុកផេក សហគមន៍ចាប៉ីអមតៈ
 
លោកបានរៀបរាប់ពីសេចក្តីរំភើបរីករាយប្រាប់សារព័ត៌មានThmeyThmey25 នារសៀលថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២ ទាំងអួលដើមកថា៖« ពីម្សិលមិញយើងទទួលបានសិស្សដែលចង់រៀន គាត់បានសុំលេខទូរសព្ទ ហើយគាត់ថា គាត់ចង់រៀនយូរហើយ។
 
ខ្ញុំរំភើបចិត្តមែនទែន និយាយរម្លឹកវិញនេះ ខ្ញុំអួលដើមក ពេលនឹកឃើញចាស់ៗគាត់និយាយថាឃើញអាចៅតាមទូរទស្សន៍ចេះបង្រៀនគេចេះចែករំលែកពិតជាខំប្រឹងប្រែងចំពោះចាប៉ីដងវែងមែនទែន»។ 
 
ត្រង់ចំណុចនេះ បានធ្វើឱ្យលោករំភើបចិត្តដ្បិតការខិតខំប្រឹងប្រែងកន្លងមកទទួលបានការឆ្លើយតបជាច្រើន។ សកម្មភាពកន្លងមកពិតជាមិនឥតប្រយោជន៍និងបានទាក់ចិត្តកូនខ្មែរជំនាន់ក្រោយឱ្យងាកមកគាំទ្រសិល្បៈវប្បធម៌ខ្មែរ។ ទន្ទឹមនោះលោក សារ៉ាត ក៏បានបង្ហាញការដឹងគុណដល់លោកព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃដែលបានបង្ហាត់បង្រៀនលោក និងបានណែនាំរហូតមក។ 
  

ទិដ្ឋភាពក្រុមសិល្បៈករបីជំនាន់ទាំង២២ដើម សម្តែងក្នុងបុណ្យរដូវរំហើយ។រូបភាពពីហ្វេសប៊ុកផេក សហគមន៍ចាប៉ីអមតៈ.
 
« លោកតា គង់ ណៃ គាត់បានមានប្រសាសន៍ថារៀនចាប៉ីមិនពិការភ្នែកទេ គាត់បានលាតត្រដាងការពិតហើយ ប៉ុន្តែនៅឡើយតែយើងនៅពិការបេះដូងខ្លួនឯងដល់ណាទៀត ដែលរៀនចាប៉ីដងវែងមកដល់បច្ចុប្បន្ននេះ។ ពេលនោះខ្ញុំគិតថា បើទោះជាមិនដល់លទ្ធផលជាដុំកំភួន តែក៏ចេះជាលទ្ធផលមួយឆ្លើយតបនឹងការខំប្រឹងប្រែងរួមគ្នានៃចាប៉ីដងវែងនេះ»។ 
 
គួរបញ្ជាក់ផងដែរថា ក្រុមសិល្បៈករសហគមន៍អមតៈ បានសម្តែងនៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២២ រយៈពេល៤០នាទី ដោយក្រុមសិល្បៈករនឹងធ្វើបទបង្ហាញអំពីចាប៉ីដងវែងបន្ទាប់មកនឹងមានការស្មូត ដើម្បីដាស់ចិត្តប្រជាពលរដ្ឋឱ្យងាកមកចាប់អារម្មណ៍ចាប៉ីដងវែង។
 
ទន្ទឹមនោះ ក៏មានការប្រគុំតន្ត្រីក្រុមធំ ក្នុងទម្រង់ថ្មី ដែលមានការអភិរក្សផងនិងច្នៃប្រឌិតអភិវឌ្ឈផង។ 
 
 ក្រុមចាប៉ីដងវែង២២ដើមបានបង្ហាញទស្សនីយភាពច្រៀងចម្រៀងឆ្លងឆ្លើយនៃក្រុមសិល្បៈករទាំងបីជំនាន់ដោយចាប៉ីមួយជាអ្នកច្រូតស្រូវ មួយជាអ្នកបង្ហោះខ្លែង ហើយមួយទៀតជាអ្នកដាល់អំបុក។

ចុងបញ្ចប់ គឺការច្រៀងចម្រៀង រាំវង់គង់តែមានកេរ្តិ៍ឈ្មោះ និងបទកុមារអភិរក្សដែលច្រៀងដោយក្រុមកុមារ តែការជំនួយពីក្រុមធំទាំងពីរផងដែរ៕
 

 ក្រុមសិល្បៈករទាំងបីជំនាន់។ រូបភាពពីហ្វេសប៊ុកផេក សហគមន៍ចាប៉ីអមតៈ.

 ក្រុមសិល្បៈករទាំងបីជំនាន់។ រូបភាពពីហ្វេសប៊ុកផេក សហគមន៍ចាប៉ីអមតៈ.
 

Tag:
 ចាប៉ីដងវែង
  សហគមន៍ចាប៉ីអមតៈ
  បុណ្យរដូវរំហើយ
© រក្សាសិទ្ធិដោយ thmeythmey.com