អន្តរជាតិ
អាម៉េរិក ប្រកាសផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យចិនដើម្បីទប់ទល់ការផ្ទុះឡើងជាថ្មី
21, Dec 2022 , 3:39 pm        
រូបភាព
អាម៉េរិក នៅថ្ងៃទី២០ ខែធ្នូ បានប្រកាសចែកវ៉ាក់សាំងដែលខ្លួនមានទៅឱ្យចិន ដើម្បីទប់ស្កាត់ការកើនឡើងជាថ្មីនៃករណីឆ្លងជំងឺកូវីដ-១៩ ដោយចាត់ទុកការទប់ស្កាត់ជំងឺនេះ ជាផលប្រយោជន៍រួមរបស់ពិភពលោក។



ក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំងបន្ធូរបន្ថយគោលនយោបាយទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ស្ថានភាពឆ្លងក្នុងប្រទេសកើនឡើងគួរកត់សម្គាល់ ហើយថែមទាំងមានករណីស្លាប់ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះទៀត ក្រោយគ្មានករណីស្លាប់ជិត៦ខែមកហើយ។ ដោយស្ថានភាពមិនធូរស្រាលបែបនេះ អាម៉េរិក បានបង្ហាញការព្រួយបារម្ភ និងប្រកាសចែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យចិនដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងជាថ្មី។ 
 
«វាជារឿងសំខាន់ដែលគ្រប់ប្រទេសទាំងអស់ផ្តោតលើការចាក់វ៉ាក់សាំងឱ្យប្រជាជន និងធ្វើតេស្តរកវីរុស ក៏ដូចជាការព្យាបាលណាដែលមានភាពងាយស្រួល»។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price ប្រាប់អ្នកសារព័ត៌មានបែបនេះ។ លោក Price បាននិយាយទៀតថា អាម៉េរិកជាម្ចាស់ជំនួយវ៉ាក់សាំងដ៏ធំបំផុតក្នុងពិភពលោក ហើយប្រទេសនេះបានត្រៀមខ្លួនរួចរាល់ដើម្បីបន្តគាំទ្រមនុស្សជុំវិញពិភពលោក រួមទាំងនៅចិន ជាមួយជំនួយផ្នែកសុខាភិបាលដែលទាក់ទងជំងឺកូវីដ-១៩ ជាច្រើនទៀត។
 
លោក Price ក៏បានរៀបរាប់ថាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អាម៉េរិកមានសុវត្ថិភាព និងមានប្រសិទ្ធភាព ហើយបានផ្ដល់ទៅឱ្យប្រទេសក្នុងពិភពលោក ដោយមិនគិតពីការមិនចុះសម្រុងផ្នែកនយោបាយអ្វីឡើយ។ អ្នកនាំពាក្យរូបនេះថែមទាំងបានលើកឡើងពីសារសំខាន់នៃការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសដែលមានទំហំសេដ្ឋកិច្ចធំលំដាប់ទី២ ក្នុងពិភពលោកផងដែរ។
 
បច្ចុប្បន្ន ចិនប្រើប្រាស់វ៉ាក់សាំងផលិតក្នុងស្រុកក្នុងយុទ្ធនាការផ្ដល់វ៉ាក់សាំងរបស់ខ្លួន។ វ៉ាក់សាំងក្រុមហ៊ុន Sinopharm មានប្រសិទ្ធភាពត្រឹម ៧៩ភាគរយប្រឆាំងនឹងវីរុស បន្ទាប់ពីចាក់ចំនួន២ដូស។ វាមានប្រសិទ្ធភាពទាបជាងបើធៀបនឹងវ៉ាក់សាំងផលិតដោយក្រុមហ៊ុនអាម៉េរិក Moderna និង Pfizer ដែលមានប្រសិទ្ធភាពដល់ទៅ ៩៥ភាគរយ។ ម៉្យាងវិញទៀត ប្រជាជនចិនជាច្រើននៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឡើយ ពិសេសមនុស្សចាស់។ 
 
យ៉ាងណាមិញ ចិនទំនងជាមិនទទួលយកជំនួយពីអាម៉េរិកដែលជាគូប្រជែងរបស់ខ្លួនឡើយ ព្រោះតាំងពីបង្កើតវ៉ាក់សាំងបានយ៉ាងសន្ធឹកសន្ធាប់ ទីក្រុងប៉េកាំងបានវិនិយោគយ៉ាងខ្លាំងលើផ្នែកការទូតកូវីដ-១៩ តាមរយៈការផ្ដល់វ៉ាក់សាំងក្នុងស្រុករបស់ខ្លួនទៅប្រទេសជាច្រើនជុំវិញពិភពលោក។ កន្លងមក ចិនក៏មិនទទួលយកជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសលោកខាងលិចដែរ បើទោះខ្លួនជួបវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរក៏ដោយ៕ 
 

Tag:
 ចិន​
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com