អន្តរជាតិ
លោក ហ្សេលេនស្គី ទៅអាម៉េរិកក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងក្រោយរុស្ស៊ីឈ្លានពាន
21, Dec 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ជួបប្រធានាធិបតីអាម៉េរិក​ ចូ បៃឌិន មុនរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ជួបប្រធានាធិបតីអាម៉េរិក​ ចូ បៃឌិន មុនរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២១ ខែធ្នូ ទៅធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាជុំវិញរឿងសង្គ្រាមក្នុងប្រទេស។ នេះជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់ប្រធានាធិបតីអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសក្នុងខែកុម្ភៈ។ ស្របគ្នានេះ អាម៉េរិករំពឹងផ្ដល់កញ្ចប់ជំនួយថ្មីមានតម្លៃជិត២ពាន់លានដុល្លារឱ្យអ៊ុយក្រែនបន្ថែមផងដែរ។



ក្រោយអ៊ុយក្រែនធ្លាក់ក្នុងសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ី ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនដែលបានធ្វើដំណើរចេញពីប្រទេសឡើយ ហើយជួបបណ្ដាមេដឹកនាំពិភពលោកតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។ ប៉ុន្តែលោកចាកចេញទៅអាម៉េរិកហើយក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង។
 
បើតាមសេចក្ដីថ្លែងការណ៍មួយរបស់សេតវិមាននៅយប់ថ្ងៃទី២០ ខែធ្នូ មេដឹកនាំអ៊ុយក្រែនធ្វើដំណើរទៅអាម៉េរិកនៅថ្ងៃទី២១ ខែធ្នូ។ ដំណើរទស្សកិច្ចមេដឹកនាំអ៊ុយក្រែន ធ្វើឡើងដោយសម្ងាត់ ដោយមិនមានការប្រកាសពីគម្រោងធ្វើទស្សនកិច្ចមុនច្រើនថ្ងៃឡើយព្រោះព្រួយបារម្ភពីសុវត្ថិភាពពេលធ្វើដំណើរ។
 
លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា ដំណើរទស្សនកិច្ចនៅអាម៉េរិកធ្វើឡើងដើម្បីពង្រឹងភាពធន់ និងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ក៏ដូចជាដើម្បីជួបជាមួយប្រធានាធិបតី លោក ចូ បៃឌិន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអ៊ុយក្រែន និងអាម៉េរិក។ លោក ហ្សេលេនស្គី ក៏មានបំណងចូលរួមប្រជុំជាមួយសភាអាម៉េរិកផងដែរ។ 
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល លេខាធិការសារព័ត៌មានរបស់សេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយថា លោក បៃឌិន ធ្លាប់បានអញ្ជើញលោក ហ្សេលេនស្គី ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់អាម៉េរិកចំពោះអ៊ុយក្រែន។ លោកស្រីបន្ថែមថា អាម៉េរិកនឹងគាំទ្រអ៊ុយក្រែនឱ្យបានយូរតាមដែលអាចធ្វើបាន តាមរយៈការផ្ដល់ជំនួយផ្នែកសេដ្ឋកិច្ច មនុស្សធម៌ និងយោធា។
 
លើសពីនេះ លោកស្រី Jean-Pierre អះអាងថា លោក បៃឌិន នឹងប្រកាសកញ្ចប់ជំនួយសព្វាវុធថ្មីតម្លៃជិត២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននៅក្នុងជំនួប ដែលក្នុងនោះក៏នឹងមានប្រព័ន្ធការពារមីស៊ីល Patriot ដើម្បីជួយការពារទីក្រុងកៀវទប់ទល់នឹងមីស៊ីលរុស្ស៊ី។ លោក បៃឌិន នឹងមិនជំរុញឱ្យអ៊ុយក្រែនយល់ព្រមអង្គុយក្នុងតុចរចារជាមួយរុស្ស៊ីឡើយ។ រហូតមកដល់ពេលនេះ អាម៉េរិកបានផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនសរុបមានតម្លៃប្រហែ ២០ពាន់លានដុល្លារមកហើយ។ 
 
គួរបញ្ជាក់ថា មុនពេលចេញដំណើរមកអាម៉េរិក លោក ហ្សេលេនស្គី នៅថ្ងៃទី២០ ខែធ្នូ បានធ្វើដំណើរទៅកាន់តំបន់សង្គ្រាមជួរមុខក្នុងទីក្រុង Bakhmut ខេត្ត Donetsk ដើម្បីពិនិត្យស្ថានភាពសង្គ្រាម និងជួបកងទ័ពនៅទីនោះ។ ប្រធានាធិបតីរូបនេះបានសរសើរកងទ័ពអ៊ុយក្រែនចំពោះភាពក្លាហាន ភាពធន់ និងរឹងមាំ របស់ពួកគេទៀតផង៕ 
 

Tag:
 អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com