សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រដ្ឋចំនួន១៩ នៅអាម៉េរិកដាក់បម្រាមការប្រើប្រាស់ TikTok
21, Dec 2022 , 10:29 pm        
រូបភាព
រហូតមកដល់ពេលនេះរដ្ឋប្រហែល ១៩ ក្នុងចំណោមរដ្ឋទាំង ៥០ នៅអាម៉េរិកបានដាក់បម្រាមលើកម្មវិធី TikTok ដោយសារតែមានការព្រួយបារម្ភថាទិន្នន័យអ្នកប្រើប្រាស់ដែលប្រមូលបានដោយ TikTok អាចត្រូវបានគេប្រើប្រាស់ខុសច្បាប់។



កាលពីថ្ងៃទី១៩ ធ្នូ រដ្ឋ Louisiana និងរដ្ឋ West Virginia បានក្លាយជារដ្ឋចុងក្រោយពីរទៀតនៅអាម៉េរិក ដែលដាក់បម្រាមលើការចូលប្រើកម្មវិធីចែករំលែកវីដេអូទម្រង់ខ្លី TikTok នៅលើឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាម៉េរិក ។
 
មកទល់ពេលនេះមានរដ្ឋប្រមាណ១៩ ក្នុងចំណោមរដ្ឋចំនួន៥០ នៅអាម៉េរិកបានដាក់បម្រាមនេះដោយផ្នែក ឬទាំងស្រុង ដោយសារតែមានការព្រួយបារម្ភថាទិន្នន័យអ្នកប្រើប្រាស់ដែលប្រមូលបានដោយ TikTok ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន។ ការរឹតបន្តឹងទាំងនេះភាគច្រើនត្រូវបានធ្វើឡើងក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ។ សមាជិកមួយចំនួននៃសភាអាម៉េរិកកាលពីសប្តាហ៍មុន ថែមទាំងបានស្នើសុំការហាមប្រាមទូទាំងប្រទេស ដែលការនេះស្រដៀងនិងប្រទេសមួយចំនួនដែលកំពុងអនុវត្ត ដូចជាឥណ្ឌាជាដើម។ 
 
ក្រុមហ៊ុន Jamf Holding Corp ដែលផ្តល់កម្មវិធីសុវត្ថិភាពលើឧបករណ៍ Apple បានឱ្យដឹងថា រដ្ឋាភិបាលអាម៉េរិកដែលជាអតិថិជនរបស់ក្រុមហ៊ុននេះ បានបង្កើនការទប់ស្កាត់ការចូលប្រើ TikTok ចាប់តាំងពីពាក់កណ្តាលឆ្នាំនេះ។ តួលេខរបស់ក្រុមហ៊ុនបង្ហាញថា ក្នុងខែនេះប្រហែល ៦៥ភាគរយនៃការព្យាយាមភ្ជាប់ទៅ TikTok ត្រូវបានរារាំងនៅលើឧបករណ៍សាធារណៈ។
ទន្ទឹមនេះក្រុមហ៊ុន TikTok បានសម្តែងការខកចិត្តចំពោះគោលការណ៍ដែលបានចេញដោយផ្អែកលើអំណះអំណាងដែលគ្មានមូលដ្ឋានអំពី TikTok ខណៈពេលដែលទាំងនេះនឹងមិនជួយបង្កើនសុវត្ថិភាព និងសន្តិសុខជាតិរបស់អាមេរិកនោះទេ។
 
អស់រយៈពេលជាច្រើនខែមកនេះ មន្ត្រីអាម៉េរិក និងក្រុមហ៊ុន​ TikTok បាននឹងកំពុងចរចារលើកតិកាសញ្ញាសន្តិសុខជាតិ ដែលដោះស្រាយជុំវិញការព្រួយបារម្ភទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok ជាង ១០០លាននាក់នៅក្នុងអាម៉េរិក តើវាត្រូវបានប្រើប្រាស់ដោយកម្មវិធីដែលមានមូលដ្ឋាននៅប្រទេសចិននេះយ៉ាងដូចម្តេច៕

 

Tag:
 Tik Tok អាម៉េរិក ចិន
© រក្សាសិទ្ធិដោយ thmeythmey.com