FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Messi វិលទៅផ្ទះកំណើតដោយគ្មានពាន World Cup តែទទួលបានការស្វាគមន៍លើសលុប
21, Dec 2022 , 6:29 pm        
រូបភាព
Lionel Messi ខ្សែប្រយុទ្ធឆ្នើមក្រុមអាហ្សង់ទីន នៅថ្ងៃទី២១ ខែធ្នូ បានធ្វើដំណើរទៅកាន់ផ្ទះកំណើតរបស់ដែលស្ថិតនៅក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីនក្រោយជួយក្រុមឈ្នះពាន FIFA World Cup លើកទី៣ និងលើកដំបូងសម្រាប់អាជីពក្នុងអាជីព។ Messi ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកអ្នកគាំទ្រជាច្រើននាក់នៅពីមុខផ្ទះផ្ទាល់ខ្លួនរបស់គេ​ ទោះគ្មានវត្តមានពាន World Cup ទៅជាមួយ។



ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ អំឡុងការប្រកួតយកឈ្នះបារាំង រូបគេបានស៊ុតគ្រាប់បាល់ពីគ្រាប់ឱ្យអាហ្សង់ទីនក្នុងការប្រកួតខណៈមិត្តរួមក្រុមដែលរស់នៅក្នុងទីក្រុងកំណើតតែមួយនោះគឺ Angel Di Maria ជាអ្នកស៊ុតគ្រាប់ទី២ មុន ការប្រកួតរយៈពេល ១២០នាទីបញ្ចប់ដោយលទ្ធផលស្មើ ៣-៣ និងពេលអាហ្សង់ទីនប្រជែងឈ្នះបារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-២។ ការប្រកួតធ្វើឡើងក្នុងកីឡដ្ឋាន Lusail Iconic ប្រទេសកាតាថ្ងៃទី១៨ ខែធ្នូ។
  


ជាមួយពានរង្វាន់ World Cup លើកទី៣ ក្នុងប្រវត្តិសាស្រ្តក្រុមអាហ្សង់ទីនទាំងមូលបានធ្វើដំណើរទៅកាន់ទីក្រុង Buenos Aires នៃប្រទេសកំណើតដើម្បីធ្វើពិធីដង្ហែពានរង្វាន់បង្ហាញទៅកាន់អ្នកគាំទ្រជាង៤លាននាក់ដែលរង់ចាំទទួលស្វាគមន៍នៅតាមដងផ្លូវ។ 
 
តែទោះជាយ៉ាងណាអំឡុងក្បួនដង្ហែដែលធ្វើឡើងក្នុងថ្ងៃទី២០ ខែធ្នូ នោះបានកើតឡើងត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះដោយគម្រោងនៃការដង្ហែត្រូវបង្ខំចិត្តបញ្ឈប់ភ្លាមៗដោយសារបារម្ភបង្កគ្រោះថ្នាក់ពីសំណាក់អ្នកគាំទ្រប៉ុនប៉ង់ឡើងមកលើរថយន្តក្រុងដឹកកីឡាករ និងផ្សេងទៀតបានលោមព័ទក្បួនរថយន្ត។ 
 
នាពិធីដង្ហែពានរង្វាន់នោះក្រុមកីឡាករនិងគ្រូបង្វឹកត្រូវបានតម្រូវឱ្យផ្លាស់ប្តូរការធ្វើដំណើរតាមរថយន្តទៅកាន់ឧទ្ធម្ភាគចក្រវិញ ដើម្បីអាចជួយឱ្យកីឡាករបានបន្តអបអរពានរង្វាន់ជាមួយអ្នកគាំទ្រដែលរង់ចាំត្រង់ចំណុចវិមានឯករាជ្យ ​The Obelisco ។
 
អ្នកគាំទ្ររាប់រយនាក់បានស្រែកច្រៀងសម្រាប់ Messi និងក្រុមជម្រើសជាតិអាហ្សង់ទីនខណៈក្រុមមន្ត្រីប៉ូលិសបានព្យាយាមការពារសន្តិសុខដល់ម្ចាស់ពាន Ballon d’Or ៧សម័យ ពេលរូបគេកំពុងធ្វើដំណើរចូលក្នុងផ្ទះ។
 
ដោយឡែក ការធ្វើដំណើរមកកាន់ទីក្រុង Rosario ជាទីក្រុងកំណើតរបស់ Messi ដោយគ្នានពាន World Cup មកជាមួយរូបគេឡើយ ប៉ុន្តែរូបគេនៅតែទទួលបានការគាទ្រដ៏ច្រើនលើសលុប៕
 

Tag:
 World Cup
  Lionel Messi
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com