អន្តរជាតិ
លោកវ៉ាង យី៖ ការថែរក្សាទំនាក់ទំនងអូស្រ្តាលី-ចិន ជាផលប្រយោជន៍របស់ប្រជាជនទាំងពីរ
22, Dec 2022 , 9:39 am        
រូបភាព
លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ជាមួយសមភាគីចិន លោក វ៉ាង យី។ រូបភាព៖ Xinhua
លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ជាមួយសមភាគីចិន លោក វ៉ាង យី។ រូបភាព៖ Xinhua
លោកវ៉ាង​ យី រដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី២១ ខែធ្នូ បានថ្លែងប្រាប់សមភាគីអូស្រ្តាលី​ លោកស្រី Penny Wong ថា ការថែរក្សាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន និងអូស្រ្តាលីឱ្យបានល្អ និងស្ថិរភាព ជាផលប្រយោជន៍មូលដ្ឋាននៃប្រជាជនប្រទេសទាំងពីរ ហើយវាក៏សំខាន់ក្នុងការលើកតម្កើងសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

 
ប៉ុន្មានឆ្នាំចុងក្រោយទំនាក់ទំនងក្រុងប៉េកាំង និងក្រុងកង់បេរ៉ា ហាក់មិនល្អឡើយ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ការដំឡើងពន្ធ និងយោធាចិនជាដើម។ យ៉ាងណាមិញ ទំនាក់ទំនងប្រទេសទាំងពីរ កំពុងតែប្រសើរឡើងវិញ ក្រោយលោក អាន់ថូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលីចូលកាន់តំណែង។ 
 
ក្រោយជំនួបរវាងលោកអាន់ថូនី និងលោកស៊ី ជិនភីង ប្រធានាធិបតីចិន នៅឥណ្ឌូណេស៊ី លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានធ្វើទស្សនកិច្ចទៅចិនលើកដំបូង។ 
 
ក្នុងជំនួបជាមួយសមភាគីអូស្រ្តាលី លោកវ៉ាង យី​ រដ្ឋមន្រ្តីការបរទេសចិន បានប្រាប់ថា ការរក្សាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន និងអូស្រ្តាលី ប្រកបដោយស្ថិរភាព និងស្ថានភាពល្អ ជាផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ។ 
 
បើតាមលោកវ៉ាង ទំនាក់ទំនងល្អបែបនេះ គឺពិតជាសំខាន់ណាស់ ក្នុងលើកតម្កើងសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោកផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ 
 
ប្រមុខការទូតរូបនេះ បានបន្ថែមថា ចិន និងអូស្រ្តាលី គួរតែ និងអាចក្លាយជាដៃគូដ៏សំខាន់មួយ ដោយប្រទេសទាំងពីរគ្មានភាពចម្រូងចម្រាសនៅក្នុងប្រវត្តិសាស្រ្ត។ ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ក៏បានយល់ស្របលើបញ្ហានេះដែរ។ ទន្ទឹមនេះ ភាគីអូស្រ្តាលី និងចិន បានយល់ព្រមចាប់ផ្តើមកិច្ចចរចាលើបញ្ហាជាច្រើនឡើងវិញ រួមទាំងបញ្ហាសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ ការពារជាតិ បញ្ហាតំបន់ និងអន្តរជាតិផង។ 
 
ក្នុងកិច្ចចរចាយុទ្ធសាស្រ្ត និងការទូតចិន-អូស្រ្តាលីលើកទី៦ក្នុងក្រុងប៉េកាំង លោកស្រី Wong បានលើកឡើងពីបញ្ហារបាំងពាណិជ្ជកម្ម សិទ្ធិមនុស្ស វិធាន និងបទដ្ឋានសកល ដែលគាំទ្រដល់សន្តិសុខ និងវិបុលភាពរបស់ពិភពលោក៕  
 

Tag:
 អូស្រ្តាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com