អន្តរជាតិ
លោក ពូទីន សន្យាផ្ដល់ការគាំទ្រគ្រប់យ៉ាងដែលយោធាត្រូវការដើម្បីបន្តប្រយុទ្ធនៅអ៊ុយក្រែន
22, Dec 2022 , 11:29 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ជួបជាមួយបណ្ដាមេបញ្ជាការជាន់ខ្ពស់កងទ័ព។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ជួបជាមួយបណ្ដាមេបញ្ជាការជាន់ខ្ពស់កងទ័ព។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២១ ខែធ្នូ បានលើកឡើងថា ទាហានរុស្ស៊ីបានរៀន​ពី​ការ​ដោះស្រាយបញ្ហាដែលពួកគេបានជួបប្រទះក្នុងជម្លោះនៅអ៊ុយក្រែន ហើយសន្យាផ្ដល់ឱ្យ​ទាហាន​នូវ​អ្វី​ដែលពួកគេចង់បានដើម្បីបន្តសកម្មភាព។ ស្របពេលជាមួយគ្នានេះ លោក ពូទីន បានលើក​ឡើង​ពី​ផលវិបាកនៃការប្រមូលផ្ដុំទ័ពផងដែរ។

 
ក្នុងសុន្ទរកថាមួយនៅទីក្រុងមូស្កូ ប្រធានាធិបតីរុស្ស៊ីថ្លែងថា មិនមានការកំណត់​លើហិរញ្ញវ​ត្ថុ​ដែ​ល​រដ្ឋាភិបាលត្រូវប្រើប្រាស់ដើម្បីផ្គត់ផ្គង់ឱ្យកងកម្លាំងក្នុងយុទ្ធនាការនៅអ៊ុយក្រែនដែលឈានដល់ខែទី១០ហើយនោះ។
 
«ពួកយើងមិនមានការរឹតត្បិតថវិកាឡើយ។ ប្រទេស និងរដ្ឋាភិបាលកំពុងតែផ្ដល់អ្វីគ្រប់យ៉ាងដែល​ទាហានស្នើសុំ»។ លោក ពូទីន បានលើកឡើងបែបនេះរួចបន្តថា ការកេណ្ឌកម្លាំងបម្រុង៣០ម៉ឺន​នាក់​កាលពីខែកញ្ញាមិនបានប្រព្រឹត្តទៅដោយរលូននោះឡើយខណៈជួបប្រទះបញ្ហាផ្សេងៗ។ យ៉ាងណា​មិញ លោក ពូទីន មិនបានបញ្ជាក់ច្បាស់ពីបញ្ហាទាំងនោះ ឡើយ។
 
ស្របពេលជាមួយគ្នានេះ មេដឹកនាំរូបនេះបញ្ជាក់ថា លោកបានស្នើឱ្យក្រសួងការពារជាតិយកចិត្តទុក ដាក់ចំពោះរាល់គំនិតផ្ដួចផ្ដើមរបស់ជនស៊ីវិល រួមទាំងការគិតគូរពីការរិះគន់ និងការឆ្លើយតបឱ្យបាន​ត្រឹមត្រូវ និងទាន់ពេលវេលាចំពោះបញ្ហាទាំងឡាយដែលកងកម្លាំងជួបប្រទះ។ 
 
ខណៈការប្រយុទ្ធនៅតែបន្ត លោក ពូទីន ក៏ទទួលស្គាល់ពីភាពស្មុគស្មាញនៅស្ថានភាព​នៅតំបន់​អ៊ុយក្រែន ទាំងបួនដែលរុស្ស៊ីកំពុងកាន់កាប់។ 
ក្នុងសុន្ទរកថាខាងលើ លោកពូទីនបានកោតសរសើរទាហាន និងប្រមុខការពារជាតិជាវីរបុរស ហើយក៏ឆ្លៀតសង្កត់ធ្ងន់ពីការចាំបាច់ត្រូវយកចិត្តទុកដាក់ជាពិសេសអំពីសារសំខាន់នៃ​ការប្រើប្រា​ស់ដ្រូន​ក្នុង​ជម្លោះនេះ។ លើសពីនេះ លោកអះអាងថា មីស៊ីលអន្តរទ្វីប Sarmat របស់​រុស្ស៊ីដែ​លអា​ច​ផ្ទុក​ក្បាលគ្រាប់​នុយក្លេអ៊ែរ នឹងអាចត្រូវដាក់ពង្រាយនាពេលខាងមុខ៕
 
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com