អន្តរជាតិ
លោក ហ្សេលេនស្គី ស្នើសភាអាម៉េរិកបន្តជួយអ៊ុយក្រែន ខណៈសេតវិមានប្រកាសជំនួយជិត២ពាន់លានដុល្លារទៀត
22, Dec 2022 , 2:39 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងទៅកាន់កិច្ចប្រជុំសភាអាម៉េរិក។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងទៅកាន់កិច្ចប្រជុំសភាអាម៉េរិក។ រូបថត AFP
ដោយ:
នាកិច្ចប្រជុំជាមួយព្រឹទ្ធសភា និងរដ្ឋសភាអាម៉េរិក ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២១ ខែធ្នូ ទទូចឱ្យសភាអាម៉េរិកបន្តគាំទ្រអ៊ុយក្រែន ស្របពេលបក្សសាធារណរដ្ឋដែលហាក់ដូចជាស្ទាក់ស្ទើរបន្តផ្តល់ជំនួយឱ្យប្រទេសហែកហួរដោយសង្រ្គាមមួយនេះនឹងកាន់កាប់រដ្ឋសភានៅខែមករាខាងមុខ។ ទន្ទឹមនេះ សេតវិមានក៏បានប្រកាសកញ្ចប់ជំនួយយោធាជិតពីរពាន់លានដុល្លារឱ្យអ៊ុយក្រែនទៀតដែរ។

 
ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង​តាំងពីរុស្ស៊ីឈ្លានពានប្រទេស ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២១ ខែធ្នូ ទៅដល់អាម៉េរិកជួបជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងចូលប្រជុំរួមជាមួយសមាជិកសភាអាម៉េរិក។ 
 
ថ្លែងនៅកិច្ចប្រជុំរួមនៅសភាអាម៉េរិក លោក ហ្សេលេនស្គី ព្យាយាមជំរុញសមាជិកសភាយ៉ាងខ្លាំង ស្របពេលដែលបក្សសាធារណរដ្ឋត្រៀមគ្រប់គ្រងរដ្ឋសភានៅថ្ងៃទី៣​ ខែមករា ឆ្នាំ២០២៣ ហើយសំណើជំនួយអ៊ុយក្រែនអាចនឹងប្រឈមការត្រួតពិនិត្យ ហើយការប្រឆាំងជាងមុន។ 
 
«លុយរបស់អ្នកមិនមែនជាសប្បុរសធម៌ទេ។ វាជាការវិនិយោគក្នុងសន្តិភាពសកល និងប្រជាធិបតេយ្យដែលយើងទទួលបន្ទុកដោយការទទួលខុសត្រូវបំផុត»។ មេដឹកនាំអ៊ុយក្រែនលើកឡើងបែបនេះដោយបន្ថែមថា សេចក្តីសម្រេចរបស់សមាជិកព្រឹទ្ធសភា និងរដ្ឋសភាអាម៉េរិកអាចជួយសង្រ្គោះមនុស្សរាប់លាននាក់។
 
លើសពីនេះ លោក ហ្សេលេនស្គី ព្រមទាំងព្រមានថា សង្រ្គាមនៅអ៊ុយក្រែននឹងមិនអាចបញ្ចប់ឆាប់ៗនេះទេ ហើយប្រសិនបើក្រុងវ៉ាស៊ីនតោនមិនជួយក្រុងកៀវបញ្ឈប់ក្រុងមូស្គូឥឡូវទេ អ៊ុយក្រែនមិនត្រឹមតែជាប្រទេសតែមួយដែលរងការបំផ្លិចបំផ្លាញនេះទេ។ 
 
មុននេះបន្តិច លោក ហ្សេលេនស្គី ក៏បានជួបជាមួយលោក បៃឌិន ដែលសន្យាគាំទ្រអ៊ុយក្រែនយ៉ាងមុតមាំទាល់តែដល់ទីបញ្ចប់។ ប៉ុន្មានម៉ោងក្រោយប្រធានាធិបតីអ៊ុយក្រែនទៅដល់សេតវិមាន ក្រសួងការពារជាតិអាម៉េរិកប្រកាសកញ្ចប់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១,៨៥ ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែនដែលមកទល់ពេលនេះសរុប ២១,៩ ពាន់លានដុល្លារហើយ។ 
 
បន្ថែមពីលើប្រព័ន្ធការពារមីស៊ីល Patriot មន្ទីរបញ្ចកោណបញ្ជាក់ថា កញ្ចប់ជំនួយនេះរួមបញ្ចូលទាំងគ្រាប់រំសេវសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័ត(HIMARS), គ្រាប់កាំភ្លើងធំដែលកំណត់ទិសដៅជាក់លាក់ និងមីស៊ីលប្រឆាំងវិទ្យុសកម្មល្បឿនលឿន(HARMs)។ នេះជាលើកដំបូងហើយដែលអាម៉េរិកផ្តល់ប្រព័ន្ធការពារមីស៊ីល Patriot ដល់អ៊ុយក្រែន។ វាជាប្រភេទប្រព័ន្ធការពារពីការបាញ់មីស៊ីលពីអាកាសមកទីដីដ៏ទំនើបដែលមានសមត្ថភាពបាញ់ទម្លាក់មីស៊ីល យន្តហោះ និងមីស៊ីលបាលីស្ទិកចម្ងាយខ្លី។ 
 
ក្នុងសន្និសីទសារព័ត៌មានថ្ងៃដដែល លោក បៃឌិន និយាយថាអាម៉េរិកនឹងហ្វឹកហ្វឺនកងកម្លាំងអ៊ុយក្រែនឧបករណ៍យោធា Patriot ដែលជាប្រព័ន្ធការពារមីស៊ីលដ៏សំខាន់សម្រាប់អ៊ុយក្រែនការពារខ្លួន។ លោក ហ្សេលេនស្គីក៏បានអរគុណសម្រាប់ជំនួយយោធានេះដែលនឹងជួយខ្លួនទប់ទល់ការបាញ់ផ្លោងរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន៕
 
 

Tag:
 អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com