ជាតិ
សេដ្ឋកិច្ច
ផ្លូវ ភ្ជាប់ពីស្រុកព្រៃនប់ទៅក្រុងព្រះសីហនុតម្លៃជាង៧០លានដុល្លារ​ ត្រូវបានដាក់ឱ្យប្រើផ្លូវការ
22, Dec 2022 , 6:59 pm        
រូបភាព
ផ្លូវ តភ្ជាប់ពីស្រុកព្រៃនប់ទៅក្រុងព្រះសីហនុតម្លៃដែលចំណាយពេល២៨កែលម្អឡើងវិញដោយក្រុមហ៊ុន ប្រទេសចិន ត្រូវបានដាក់ឱ្យពលរដ្ឋប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី២២ធ្នូ ឆ្នាំ២០២២តទៅ។ រូបថត៖ ក្រសួងសាធារណការ
ផ្លូវ តភ្ជាប់ពីស្រុកព្រៃនប់ទៅក្រុងព្រះសីហនុតម្លៃដែលចំណាយពេល២៨កែលម្អឡើងវិញដោយក្រុមហ៊ុន ប្រទេសចិន ត្រូវបានដាក់ឱ្យពលរដ្ឋប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី២២ធ្នូ ឆ្នាំ២០២២តទៅ។ រូបថត៖ ក្រសួងសាធារណការ
ផ្លូវលេខ១៤៦Bនិងផ្លូវលេខ១៤៨ភ្ជាប់ពីស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ដែលធ្វើដោយក្រុមហ៊ុនចិន ក្នុងរយៈពេល២៨ខែកន្លងមកនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ធ្នូ។ការកែលម្អឡើងវិញនូវផ្លូវប្រវែងជាង៤៣គីឡូម៉ែត្រ​នេះ គឺប្រើប្រាស់ដោយថវិកាសន្សំរបស់រដ្ឋចំនួន៧៦លានដុល្លារអាម៉េរិក។

 
រដ្ឋាភិបាល​ បានដាក់ឱ្យពលរដ្ឋប្រើប្រាស់ផ្លូវ២ខ្សែនៅក្នុងខេត្តព្រះសីហនុ​។ ផ្លូវទាំង២ខ្សែនោះ មាន
ផ្លូវលេខ១៤៦B ឬ វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងផ្លូវលេខ១៤៨ ឬ តីរវិថីសម្តេចតេជោ ហ៊ុន សែន បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
 
ផ្លូវទាំង២ខ្សែនេះ ត្រូវបានស្ថាបនាឡើងវិញទៅតាមលក្ខណៈបច្ចេកទេស និងបែងចែកជា២ប្រភេទ។ ក្នុងនោះមាន កំណាត់ផ្លូវប្រវែងជិត២១គីឡូម៉ែត្រ កែលម្អដោយក្រាលបេតុងកៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវ១១ម៉ែត្រ និង កំណាត់ផ្លូវប្រវែងជាង២២គីឡូម៉ែត្រទៀត​ ត្រូវបានស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ទទឹងតួផ្លូវ១១ម៉ែត្រ។ ក្រៅពីនេះ ក៏មានការសាងសង់សំណង់សិល្បការ្យផ្សេងៗទៀត ដូចជា ធ្វើស្ពានថ្មី១កន្លែង និងពង្រីកស្ពានចាស់ ១៧កន្លែង ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន ១៦១កន្លែង។
 
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨ តម្លៃ៧៦លានដុល្លារ​ នាព្រឹកថ្ងៃទី២២ធ្នូ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពលដែលតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុផងដែរ។ បើតាមលោក ស៊ុន ចាន់ថុល  ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ 
 
លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថាគម្រោងស្ថាបនាផ្លូវខាងលើត្រូវបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០២០​ និងបញ្ចប់ជាស្ថាពរនៅក្នុងខែសីហា ឆ្នាំ២០២២។ ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន៕ 
 

Tag:
 ផ្លូវ
 ​ ​ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com