អន្តរជាតិ
ក្នុងសេចក្តីសម្រេចជាលើកដំបូង ក្រុមប្រឹក្សាសន្តិសុខ UN ទាមទារឱ្យមីយ៉ាន់ម៉ាបញ្ចប់អំពើហិង្សា
22, Dec 2022 , 4:39 pm        
រូបភាព
ដោយ:
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២១ ខែធ្នូ អនុម័តសេចក្តីសម្រេចលើបញ្ហាមីយ៉ាន់ម៉ាជាលើកដំបូងក្នុងរយៈពេល៧៤ឆ្នាំចុងក្រោយដោយទាមទារឱ្យរបបសឹកមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងដោះលែងអ្នកទោសនយោបាយទាំងអស់រួមមាន លោកស្រី អ៊ុងសាន ស៊ូជី ជាដើម។

 
មីយ៉ាន់ម៉ា ជាប់គាំងក្នុងវិបត្តិតាំងពីយោធាធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ តាំងពីនោះមក យោធាមីយ៉ាន់ម៉ាបានឃុំខ្លួនលោកស្រី ស៊ូជី និងមន្រ្តីដទៃទៀត ហើយបង្រ្កាបអ្នកប្រឆាំង ក៏ដូចជាអ្នកតវ៉ាគាំទ្រប្រជាធិបតេយ្យដោយកម្លាំងសាហាវឃោរឃៅដែលបណ្តាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់ និងជាប់ពន្ធនាគារជាង ១៦ពាន់នាក់។
 
ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខលើកនេះ ត្រូវបានបោះឆ្នោតគាំទ្រដោយរដ្ឋសមាជិកចំនួន១២ ខណៈចិន និងរុស្ស៊ីដែលគាំទ្រមេដឹកនាំយោធាមីយ៉ាន់ម៉ាបោះឆ្នោតអនុបវាទជាមួយឥណ្ឌា។ អង់គ្លេសជាប្រទេសបញ្ជូនសេចក្តីព្រាងនៃដំណោះស្រាយពីបញ្ហាមីយ៉ាន់ម៉ានេះទៅក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក១៥ប្រទេស។​ កន្លងមក ចិន និងរុស្ស៊ីតែងប្រឆាំងជាដាច់ខាតលើដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ 
 
«ថ្ងៃនេះ ពួកយើងបានផ្ញើសារយ៉ាងម៉ឺងម៉ាត់មួយទៅយោធាដែលថាពួកគេគួរតែច្បាស់ថា ពួកយើងសង្ឃឹមសេចក្តីសម្រេចនេះត្រូវបានអនុវត្តយ៉ាងពេញលេញ»។ អគ្គរាជទូតអង់គ្លេសប្រចាំ UN លោកស្រី Barbara Woodward ថ្លែងបែបនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខក្រោយបោះឆ្នោតហើយបន្ថែមថា UN ព្រមទាំងបានផ្ញើសារយ៉ាងច្បាស់ទៅប្រជាជនមីយ៉ាន់ម៉ាថា ស្ថាប័នពិភពលោកមួយនេះចង់បានការវិវឌ្ឍនៅមីយ៉ាន់ម៉ាឱ្យស្របទៅតាមផលប្រយោជន៍ ក្តីប្រាថ្នា និងសិទ្ធិរបស់ពួកគេ។ 
 
ចំណែក អគ្គរដ្ឋទូតចិនប្រចាំ UN លោក Zhang Jun ប្រាប់ក្រុមប្រឹក្សាថា ចិននៅតែបារម្ភ ហើយបញ្ហានេះមិនអាចដោះស្រាយបានលឿនទេ ដោយហេតុថាវាអាស្រ័យទាំងស្រុងលើមីយ៉ាន់ម៉ាផ្ទាល់។ លោកបញ្ជាក់ថា ចិនចង់ឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីថ្លែងការណ៍ផ្លូវការមួយជាជាងដំណោះស្រាយនេះ។ រីឯ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លើកឡើងថា បញ្ហានេះមិនគួរយកមកដោះស្រាយនៅក្រុមប្រឹក្សាសន្តិសុខទេ ពីព្រោះក្រុងមូស្គូមិនមើលឃើញពីស្ថានភាពនៅមីយ៉ាន់ម៉ាគំរាមសន្តិភាព និងសន្តិសុខអន្តរជាតិទេ។
 
សេចក្តីសម្រេចដដែល ក៏បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងពីការបន្តដាក់ប្រទេសក្នុងភាពអាសន្នរបស់របបសឹក និងផលប៉ះពាល់របស់វាលើប្រជាជនមីយ៉ាន់ម៉ា។ ដំណោះស្រាយនេះដែរជំរុញឱ្យយោធាមីយ៉ាន់ម៉ាអនុវត្តចំណុចឯកច្ឆន្ទទាំងប្រាំចំណុចរបស់អាស៊ានឱ្យបានច្បាស់លាស់ និងឆាប់រហ័ស ហើយអំពាវនាវឱ្យប្រកាន់ខ្ជាប់ដំណើរការ និងស្ថាប័នប្រជាធិបតេយ្យ ក៏ដូចជាបន្តកិច្ចសន្ទនាក្នុងន័យស្ថាបនា និងដោះស្រាយបញ្ហាស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន។
 
ដំណោះស្រាយតែមួយគត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC)លើបញ្ហាមីយ៉ាន់ម៉ាគឺតាំងពីឆ្នាំ១៩៤៨ ដោយស្នើឱ្យមហាសន្និបាតអង្គការសហប្រជាជាតិទទួលយកភូមា(មីយ៉ាន់ម៉ា)ជាសមាជិកស្ថាប័នពិភពលោកមួយនេះ។ 
 
ស្របពេលដែលដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខមានចំណងច្បាប់ អគ្គរដ្ឋទូតមីយ៉ាន់ម៉ាដែលតំណាងរដ្ឋាភិបាលលោកស្រី ស៊ូជី នៅ UN ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា សេចក្តីសម្រេចនេះគ្រាន់ជាជំហានដំបូងប៉ុណ្ណោះ ហើយអំពាវនាវឱ្យ UNSC យកដំណោះស្រាយនេះជាបង្អែកចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមដើម្បីបញ្ចប់របបសឹកមីយ៉ាន់ម៉ា និងឧក្រិដ្ឋកម្មរបស់វា៕
 
 

Tag:
 មីយ៉ាន់ម៉ា
  UNSC
© រក្សាសិទ្ធិដោយ thmeythmey.com