ជាតិ
វត្តមានចាប៉ីដងវែងក្នុងកម្មវិធីតូចធំ ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេនចាប៉ីជំនាន់ក្រោយ
22, Dec 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ចាប៉ីដងវែង ជា​ឧបករណ៍​តន្ត្រី​ដែល​ទទួល​ឥទ្ធិពល​ពី​ពុទ្ធសាសនា និង​សម្រាប់​ជីវភាព​ខ្មែរ​ផង​ដូចជា ការសម្ដែង​ចាប៉ី​ក្នុងន័យ​អប់រំ និង​សម្ដែង​ក្នុង​ភ្លេង​ការ អារក្ស និង​មហោរី​។​ បច្ចុប្បន្ន ចាប៉ីដងវែង ច្រើនតែមានវត្តមានក្នុងកម្មវិធីវប្បធម៌មួយចំនួនប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានវត្តមានក្នុងកម្មវិធីនានាទូលំទូលាយឡើយ។ ត្រង់ចំណុចនេះ លោក ពេជ្រ សារ៉ាត ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ ក៏បានទទូចឱ្យពលរដ្ឋខ្មែរផ្តល់ឱកាសឱ្យចាប៉ីសម្តែងក្នុងកម្មវិធីតូចធំ ជាពិសេសក្នុងកម្មវិធីបុណ្យចម្រើនព្រះជន្ម ឬបុណ្យបច្ច័យបួនជាដើម។



បច្ចុប្បន្នទីផ្សារចាប៉ីដងវែង ហាក់មិនសូវមានភាពទូលំទូលាយឡើយ ដ្បិតពលរដ្ឋខ្មែរភាគច្រើនមិនសូវបាននឹកដល់ចាប៉ីដងវែងក្នុងកម្មវិធីខ្លួនឡើយ។ ការសម្តែងចាប៉ីដងវែង ភាគច្រើនមានតែក្នុងកម្មវិធីធំៗមួយចំនួនប៉ុណ្ណោះ។ ការណ៍នេះ បានធ្វើឱ្យក្រុមសិល្បករចាប៉ីដងវែងពិបាកក្នុងការប្រកបរបរនេះ ព្រោះមិនសូវមានទីផ្សារ។ ជាក់ស្តែង ចាប៉ីដងវែង អាចសម្តែងបានក្នុងកម្មវិធីជាច្រើន ជាពិសេសកម្មវិធីបុណ្យបច្ច័យបួន ឬចម្រើនព្រះជន្មជាដើម។
  

លោក ពេជ្រ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈ។ រូបភាពី៖ សហគមន៍បាប៉ីអមតៈ
 
«ពិធីបុណ្យចម្រើនព្រះជន្ម ពេលដាក់ចាប៉ីដងវែងទៅដូចជាទេវតាចុះទៅសម្តែងថ្វាយព្រះមាតាបិតារបស់កុលបុត្រកុលធីតាខ្មែរ គឺមានអត្ថន័យណាស់។ ចាប៉ីដងវែងក្នុងបុណ្យចម្រើនព្រះជន្ម ពិតជាសំខាន់ណាស់ គឺយើងសាបព្រោះទៅដោយភាពអប់រំ ភាពទូន្មានប្រៀនប្រដៅរបស់ចាប៉ីដងវែងទៅដល់សាធារណជនទាំងអស់»។ នេះជាការលើកឡើងរបស់លោក ពេជ្រ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈ។
 
លោក សារ៉ាត សង្កេតឃើញថា ពលរដ្ឋខ្មែរមួយចំនួនស្រឡាញ់ចូលចិត្តចាប៉ីដងវែងខ្មែរណាស់ ប៉ុន្តែមិនដឹងថាតើគួរស្វែងរកនៅឯណា។ ទន្ទឹមនោះ លោកក៏បានអំពាវនាវដល់ពលរដ្ឋចូលរួមផ្សព្វផ្សាយចាប៉ីដងវែង ដ្បិតវត្តមានចាប៉ីដងវែងក្នុងកម្មវិធីតូចធំនានា ជាឱកាសសម្រាប់ក្រុមសិល្បករជំនាន់ក្រោយបានសម្តែងទេពកោសល្យ។
 
«ខ្ញុំថាផ្តល់ឱកាស ព្រោះវាជាការផ្តល់ឱកាសក្នុងការផ្សព្វផ្សាយ ផ្តល់ឱកាសក្នុងការបង្រៀន និងផ្តល់ឱកាសក្នុងការសម្តែងលក្ខណៈជាក្រុមធំ ដើម្បីឱ្យអ្នកចេះចាប៉ីដងវែងទាំងឡាយ គាត់បានចូលរួមសហការគ្នា យល់គ្នា ហើយជាពិសេសចេះសាមគ្គីគ្នា ដើម្បីធ្វើកិច្ចការងាររួម និងចូលរួមអភិវឌ្ឍន៍ជាមួយសង្គមជាតិយើង។ បើសិនជាអ្នកលេងចាប៉ីយើងចេះសាមគ្គីគ្នា ចេះរួមសហការគ្នា នោះចាប៉ីដងវែងខ្មែរ នឹងរីកចម្រើន និងបន្តវេនមាននិរន្តភាពជាមិនខានឡើយ»។ លោក ពេជ្រ សារ៉ាត បានថ្លែងពីឱកាសប្រាប់អ្នកសារព័ត៌មានThmeyThmey25 ដូច្នេះ៕
 

ក្រុមសិល្បៈករបីជំនាន់ នៃសហគមន៍ចាប៉ឺអមតៈសម្តែងក្នុងបុណ្យរដូវរំហើយ នាខេត្តបាត់ដំបង។ រូបភាពី៖ សហគមន៍បាប៉ីអមតៈ


Tag:
 ចាប៉ីដងវែង
  លោក ពេជ្រ សារ៉ាត
  ផ្សព្វផ្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com