FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Pele នឹងចំណាយពេលបុណ្យណូអែលនៅមន្ទីរពេទ្យ ដោយសារជំងឺស្ថិតក្នុងស្ថានភាពព្រួយបារម្ភ
23, Dec 2022 , 8:29 am        
រូបភាព
ជំងឺមហារីករបស់លោក Pele វីរបុរសបាល់ទាត់ប្រេស៊ីលបានវិវត្តិទៅរកស្ថានភាពព្រួយបារម្ភ។ អតីតកីឡាករបាល់ទាត់ដ៏អស្ចារ្យរូបនេះបានសម្រេចចិត្តថានឹងចំណាយពេលវេលាក្នុងឱកាសបុណ្យណូអែលនៅក្នុងមន្ទីរពេទ្យតែម្តង។ នេះបើតាមការបង្ហោះរបស់លោក Pele លើបណ្តាញសង្គម Instagram នៅថ្ងៃទី២០ ខែធ្នូ។


វីរបុរសបាល់ទាត់ប្រេស៊ីលដែលធ្លាប់បានឈ្នះពានរង្វាន់ World Cup ៣លើកជាមួយក្រុមជម្រើសជាតិប្រេស៊ីល មួយរយៈពេលចុងក្រោយ បានចំណាយពេលវេលាព្យាបាលជំងឺដុំសាច់ក្នុងពោះវៀននាមន្ទីរពេទ្យ Israelita Albert Einstein ក្នុងទីក្រុង Sao Paulo។ លោក Pele វ័យ ៨២ឆ្នាំ មានជំងឺមហារីកពោះវៀនតាំងពីឆ្នាំ ២០២១ ហើយលោកក៏បានវះកាត់យកដុំសាច់ក្នុងខែកញ្ញា។
 
បុរសវ័យ ៨២ឆ្នាំរូបនេះទទួលបានការព្យាបាលយ៉ាងទៀងទាត់ ហើយរបាយការណ៍ពីមន្ទីរពេទ្យកាលពីថ្ងៃទី២០ ខែធ្នូ បាននិយាយថាលោក Pele ត្រូវការថែទាំបន្ថែមទៀតទាក់ទងនឹងការខូចមុខងារតម្រងនោម និងបេះដូង។ ខណៈដែលពិធីបុណ្យណូអែលដែលប្រជាជននៅតាមទ្វីបអាម៉េរិក អាម៉េរិកឡាទីន ក៏ដូចជាតំបន់អឺរ៉ុបតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ Pele នឹងចំណាយពេលក្នុងមន្ទីរពេទ្យដើម្បីប្រារព្ធពិធីនេះ។ នេះបើតាមការបង្ហើបឱ្យដឹងពីកូនស្រីរបស់លោកឈ្មោះ Kely Nascimento លើបណ្តាញសង្គម។
 
នៅលើបណ្តាញសង្គម Instagram នាង Nascimento បានសរសេរដូច្នេះថា៖«ការប្រារព្ធពិធីបុណ្យណូអែលរបស់យើងត្រូវបានផ្អាក យើងបានសម្រេចចិត្តជាមួយវេជ្ជបណ្ឌិតរួចហើយថាសម្រាប់ហេតុផលផ្សេងៗ វាអាចក្លាយជារឿងល្អដែលយើងបន្តស្នាក់នៅទីនេះទទួលបានការថែទាំទាំងអស់ពីមន្ទីរពេទ្យដែលបានផ្តល់មកឱ្យយើង។»។ 
 
បើតាមរបាយការណ៍របស់មន្ទីរពេទ្យក៏បានបញ្ជាក់ដែរថា លោក Edson Arantes do Nascimento [Pele] បានបង្ហាញពីការវិវត្តនៃជំងឺមហារីក និងតម្រូវឱ្យមានការថែទាំកាន់តែច្រើនទាក់ទងនឹងមុខងារខ្សោយតម្រងនោម និងបេះដូង។
 
អំឡុងព្រឹត្តិការណ៍ World Cup ក្រោយក្រុមអាហ្សង់ទីនបានយកជ័យជម្នះលើបារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ លោក Pele ក៏បានផ្ញើសារអបអរទៅកាន់ក្រុមជម្រើសជាតិអាហ្សង់ទីន និងបានកោតសរសើរទៅកាន់ Lionel Messi ថាសក្កិសមឈ្នះពានរង្វាន់ពិភពលោកនេះទៀតផង៕ 
 
 
 
 

Tag:
 Pele
  World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com