កីឡាជាតិ
ជាតិ
AFF Championship ៖ជម្រើសជាតិបាល់ទាត់ម៉ាឡេស៊ី ស្វាគមន៍ ឡាវ ចំណែក សិង្ហបុរី ទទួល មីយ៉ាន់ម៉ា
24, Dec 2022 , 12:59 pm        
រូបភាព
ការប្រកួតរវាងជម្រើសជាតិឡាវ និងវៀតណាម រូបពី AFF Mitsubishi Electric cup
ការប្រកួតរវាងជម្រើសជាតិឡាវ និងវៀតណាម រូបពី AFF Mitsubishi Electric cup
ការប្រកួត AFF Mitsubishi Electric Cup 2022 នាថ្ងៃទី២៤ ខែធ្នូនេះ ជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវប៉ះ ជាមួយ ឡាវនៅកីឡដ្ឋាន Bukit Jalil National នៃប្រទេសម៉ាឡេស៊ី វេលាម៉ោង៧:៣០យប់ បន្ទាប់ពីជំនួប រវាងសិង្ហបុរី និងមីយ៉ាន់ម៉ា ក្នុងពូល B ដូចគ្នា នៅកីឡដ្ឋាន  Jalan Besar វេលាម៉ោង៥:០០ ល្ងាច។

 
ម៉ាឡេស៊ី និងឡាវ គឺជាក្រុមដែលមានបទពិសោធន៍ ចូលរួមព្រឹត្តិការណ៍នេះជាច្រើនក្នុងតំបន់អាស៊ាន។ ម៉ាឡេស៊ីចូលរួមប្រកួតបាន១៤លើក បើគិតចាប់ពីឆ្នាំ១៩៩៦ មកដល់ចុងឆ្នាំ២០២២នេះ រីឯឡាវចូលរួម១៣លើក ដោយគិតចាប់ពីឆ្នាំដូចគ្នា។ ម៉ាឡេស៊ី ធ្លាប់ជាជើងឯក AFF Championship កាលពីឆ្នាំ២០១០ហើយក៏ជាជើងឯករង ៣សម័យ ផងដែរ។ ដោយឡែកជម្រើសជាតិឡាវ ពុំធ្លាប់ឈ្នះជ័យលាភីណាមួយទេដោយការបង្ហាញខ្លួន១៣លើកនោះ បានត្រឹមវគ្គចែកពូលប៉ុណ្ណោះ។ 
 
ក្រុមទាំងពីរ ធ្លាប់ជួបគ្នា ៨លើកក្នុងព្រឹត្តិការណ៍ ដែលធ្វើជារៀងរាល់២ឆ្នាំម្ដង។ ជំនួបទាំង៨លើកនោះ ជម្រើសជាតិឡាវមិនធ្លាប់ឈ្នះ ម៉ាឡេស៊ី ដោយចាញ់៦ និងស្មើ២លើក។ សម្រាប់ព្រឹត្តិការណ៍នាឆ្នាំ២០២២នេះ ជម្រើសជាតិឡាវ ទើបតែបរាជ័យ ដោយចាញ់ ថៃ ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃទី២១ខែធ្នូ ក្នុងថ្ងៃជាមួយគ្នានោះ ម៉ាឡេស៊ី បានឈ្នះ មីយ៉ាន់ម៉ា យ៉ាងតឹងតែងក្នុងលទ្ធផល១-០។
 
ក្នុងថ្ងៃជាមួយគ្នានោះបន្ទាប់ពីការប្រកួត រវាងម៉ាឡេស៊ី និងឡាវ ជម្រើសជាតិសិង្ហបុរី ត្រូវស្វាគមន៍មីយ៉ាន់ម៉ា នៅកីឡដ្ឋាន JalanBesar វេលាម៉ោង ៧:៣០ យប់។ សិង្ហបុរី គឺជាក្រុមឈ្នះជើងឯកក្នុងព្រឹត្តិការណ៍នេះ ៤លើក បន្ទាប់ពីម្ចាស់ជើងឯក ៥សម័យកាល ជម្រើសជាតិថៃ។ចំណែក មីយ៉ាន់ម៉ា មិនធ្លាប់ឈ្នះជើងឯកទេ ដោយធ្វើបានល្អបំផុត ក្នុងឆ្នាំ២០០៤បានចំណាត់ថ្នាក់លេខ៤។ ក្នុងព្រឹត្តិការណ៍នេះ ក្រុមទាំងពីរ ធ្លាប់ជួបគ្នា ៥លើក។ជំនួប៥លើកនោះ មីយ៉ាន់ម៉ា មិនធ្លាប់ឈ្នះ សិង្ហបុរីទេ។
 
គួរបញ្ជាក់ឲ្យដឹងថា មីយ៉ាន់ម៉ាត្រូវប្រកួតជាមួយ សិង្ហបុរី នៅថ្ងៃទី២៤ ខែធ្នូ, ស្វាគមន៍ ឡាវ នៅថ្ងៃទី៣០ ខែធ្នូ និងប៉ះជាមួយវៀតណាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ ចំណែក ម៉ាឡេស៊ី ត្រូវទទួល ជម្រើសជាតិឡាវនៅថ្ងៃទី២៤ ខែធ្នូ, ជួបជាមួយវៀតណាម នៅថ្ងៃ២៧ ខែធ្នូ និងថ្ងៃទី៣ ខែមករា ប្រកួតជាមួយសិង្ហបុរី។ ដោយឡែក សិង្ហបុរី ត្រូវប្រកួតជាមួយ វៀតណាមនៅថ្ងៃទី៣០ ខែធ្នូ និងថ្ងៃទី២៧ ខែធ្នូ ត្រូវប្រកួតជាមួយឡាវ៕
 
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com