ជាតិ
បាក់ឌុប
កង្វល់! ​និស្សិត​មិនយក​ចិត្តទុក​ដាក់ស្តាប់គ្រូ ហើយ​​​អាងតែ​​លើ​ការ​ស្រាវជ្រាវតាមអ៊ីនធ័រណិត..
25, Dec 2022 , 10:16 am        
រូបភាព
អ៊ីនធ័រណិតជាឃ្លាំង​ផ្ទុក​ឯក​សារ​ដ៏ទូលំទូលាយ និងសម្បូរបែប។ជា​រឿង​ល្អ​សម្រាប់​យុវជន​ដែល​ចេះ​ប្រើ​ប្រាស់​ និងទាញ​ប្រយោជន៍ពី​បច្ចេកវិទ្យាក្នុង​បរិបទសម័យ​បច្ចុប្បន្នប៉ុន្តែ​អ្នក​ជំនាញ និង​បណ្ឌិត​ផ្នែកអប់រំក៏បាន​បង្ហាញពីការព្រួយបារម្ភ​ផងដែរ​ចំពោះ​យុវជន​ដែល​ផ្តេកផ្តួល​តែ​លើ​ឯកសារ​ដែលមាន​ស្រាប់ដោយ​មិន​សូវ​យក​ចិត្តទុក​ដាក់ស្តាប់​ការរៀបរាប់ពន្យល់ ហើយថែមទាំង​​ខ្វះខាត​ការចុះអនុវត្តដោយផ្ទាល់។​

 
វប្បធម៌ ប្រវត្តិសាស្រ្ត និងការអភិវឌ្ឍនៃសង្គមជាតិ ជាចំណេះដឹងទូទៅដ៏សំខាន់។ ឯកសារភាគច្រើន ត្រូវបាន​យក​ទៅ​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​នៅ​លើបណ្តាញ​អ៊ីនធ័រណិត។ ងាយស្រួល​បំផុត​សម្រាប់​យុវជន ដោយគ្រាន់តែ​បើកកុំព្យូទ័រ ឬស្មាតហ្វូន ពួកគេ​អាច​ទទួលបាននូវ​អ្វី​ដែលខ្លួន​ត្រូវការ។
 
ជាមួយគ្នានេះ អ្នកជំនាញ​ និង​សាស្ត្រាចារ្យមួយចំនួន ក៏បានមើល​ឃើញ​ចំណុចអវិជ្ជមាន​មួយចំនួន​ផងដែរ ជាពិសេស​ទម្លាប់​សិស្ស-និស្សិត ដែលមិន​សូវ​យក​ចិត្ត​ទុក​ដាក់ស្តាប់​ការពន្យល់​ណែនាំ​នៅ​ក្នុង​ថ្នាក់​រៀន ដោយពួក​គេ​អាង​លើ​ការ​ស្រាវជ្រាវឯក​សារនៅ​លើ​បណ្តាញអ៊ីនធ័រណិត។
 

លោក សំបូរ មាណ្ណរ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរ។ រូបភាពពី៖ RFI 

សាស្ត្រាចារ្យ​ ​លោក សំបូរ មាណ្ណរ៉ា បាន​កត់សម្គាល់ថា យុវជនមួយចំនួន​មិន​បានសិក្សា​ស្វែងយល់​ពី​ប្រភពនៃព័ត៌មាន​នៅ​លើ​អ៊ីនធ័រណិតឱ្យ​បាន​ច្បាស់លាស់​ មុន​ដក​ស្រង់ខ្លឹមសារនោះឡើយ។ កត្តានេះ បង្ហាញពី​ការ​​យល់​ដឹង​អំពី​វប្បធម៌​ប្រវត្តិសាស្ត្រ​របស់​យុវជន​ខ្មែរនា​សតវត្សរ៍ទី​២១​នេះ នៅ​មាន​កម្រិត​ទាបបើទោះបីជា​បច្ចេកវិទ្យា​ផ្ទុកទៅ​ដោយ​ព័ត៌មាន និងចំណេះដឹង​យ៉ាង​សន្ធឹក​សន្ធាប់​ក៏ដោយ។
 
លោកបាន​លើកឡើងថា អ្នកសិក្សា​បច្ចុប្បន្ន​ច្រើន​ងាក​ចេញពី​ការ​ស្រាវជ្រាវដោយផ្ទាល់ រួមទាំង​ការត្រងត្រាប់ស្តាប់គ្រូពន្យល់នៅក្នុងថ្នាក់ បែរជានាំគ្នា​អាងលើ​អ៊ីនធ័រណិត ដោយ​កត្តាទាំងនេះ ជាហេតុធ្វើឱ្យយុវជនទទួលបានចំណេះដឹងមិនពិតប្រាកដ និងពេល​ខ្លះ​ មានការភាន់ច្រឡំខុសពីការពិតផងដែរ។
 
ដោយឡែក​ សម្រាប់​លោក​ ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) លោក​ទទួល​ស្គាល់ពី​ការរីក​ចម្រើន​ផ្នែក​ចំណេះដឹង ជាពិសេសកម្រិតភាសាបរទេស​របស់យុវជន​ខ្មែរ នា​សម័យ​បច្ចេកវិទ្យានេះ។  យុវជន អាចស្រាវជ្រាវបានទិន្នន័យច្រើន និងលឿនតាមរយៈឯកសារជាភាសាខ្មែរ និងភាសាបរទេស។ 


  លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងឯកសារកម្ពុជា ។ រូបភាព៖ ThmeyThmey

ជុំ​វិញ​ករណី​​លោក សំបូរ មាណ្ណ​រ៉ា លើកឡើងពី​យុវជន​ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បម្រើភាព​សប្បាយជាជាងការ​ប្រើ​ប្រាស់​ដើម្បី​ចំណេះដឹងផ្ទាល់ខ្លួន លោក ឆាំង យុ មិន​មាន​ការ​វាយ​តម្លៃ​ឡើយ ដោយ​លោកគិតថា ជាអ្វីដែលកើត​ឡើង​ក្នុង​បរិបទសង្គម​របស់ពួកគេ។
 
«យើងត្រូវគិតថា ការវិវត្តនៃសង្គមមិននៅដដែលៗឡើយ គឺ​វាខុសពីមុន។ ការដឹងរបស់យុវជន​សុទ្ធតែមានប្រយោជន៍ គ្រាន់តែថាការដឹងនោះមិនទាន់អាចផ្លាស់ប្តូរ​សង្គមបាន»។ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានមានប្រសាសន៍ដូច្នេះ។
 
ទោះបីជា​យល់​ថា ការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធ័រណិតមានភាពវិជ្ជមានច្រើនក៏ដោយ​ប៉ុន្តែលោក ឆាំង យុ ជំរុញឱ្យយុវជនខ្មែរស្រាវជ្រាវពីឯកសារដើមច្រើនជាងការពឹងផ្អែកតែតាមឯកសារក្នុងអ៊ីនធ័រណិត។ ការស្រាវជ្រាវពីឯកសារដើមនឹងជួយឱ្យយុវជនទទួលបានចំណេះដឹងច្បាស់លាស់និងអាចប្រើជាប្រយោជន៍សម្រាប់បញ្ចេញមតិយោបល់ក្នុងសង្គម។ 
 
លោក​បាន​ណែនាំថា៖ «ខ្ញុំចង់ឱ្យយុវជនយើង ព្យាយាមរកឯកសារដើមដែលមានតម្កល់នៅបុរាណស្ថានជាតិ និងបណ្ណាល័យជាតិជាដើម។ យុវជន អាចមើលឯកសារទាំងនេះដើម្បីបណ្តុះគំនិតបញ្ជ្រាបស្រាវជ្រាវ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្ទាល់និងមិនចាំបាច់យកគំនិតពីឯកសារអ្នកផ្សេងស្រាវជ្រាវមកវិភាគ»។
 
ត្រង់ចំណុចនេះ លោក សំបូរ មាណ្ណរ៉ា ក៏លើកឡើងស្រដៀងលោក ឆាំង យុ ដែរ។ សាស្រ្តាចារ្យរូបនេះ បារម្ភពីបុគ្គលមិនល្អមួយចំនួនព្យាយាមបញ្ចូលឯកសារ និងបង្ខូចវប្បធម៌ប្រវត្តិសាស្រ្តខ្មែរឱ្យចាកពីការពិត សម្រាប់យុវជនជំនាន់ក្រោយសិក្សា។ លោកយល់ថា អ្វីដែលត្រូវយកចិត្តទុកមិនមែនត្រឹមតែការស្រាវជ្រាវពី YouTube ឬបណ្តាញអ៊ីនធ័រណិតគ្រប់គ្រាន់ឡើយ។ 
 
«ខ្ជិល​ស្តាប់គ្រូនៅ​សាលា ខ្ជិលអាន​សៀវភៅ ហើយនាំគ្នាយកអ៊ីនធ័រណិតជាទីពឹង»។ទោះដឹងថាការនិយាយរបស់លោកធ្វើឱ្យ​យុវជនមួយចំនួន​មិន​ពេញ​ចិត្ត ប៉ុន្តែ​លោក សំបូរមាណ្ណរ៉ា ថា លោកមិន​ខ្លាចនឹងនិយាយនោះឡើយ ព្រោះ​លោក​ចង់ឱ្យមាន​ការកែប្រែល្អ​ប្រសើរ។
 
«យុវជន មិនបានស្តាប់គ្រូពន្យល់ តែបែរជាឱ្យតម្លៃលើ​ទូរសព្ទដៃ ឬក៏បច្ចេកវិទ្យាទៅវិញ ទាំងនេះជាទង្វើ​ខុសឆ្គង»។ នេះជាការលើកឡើងរបស់សាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរ ដោយ​បារម្ភអំពីយុវជន​ដែល​លង់ខ្លួន​តាម​ឯកសារ​មិន​ច្បាស់​លាស់ មិនផ្លូវការ ហើយ​យក​ជាតឹក​តាងសម្រាប់ការសិក្សា​ស្រាវជ្រាវ។
 
លោក សំបូរ មាណ្ណរ៉ា មាន​ក្តីបារម្ភពីការប្រកួតប្រជែងនៅថ្ងៃអនាគតរវាងយុវជនកម្ពុជា ជាមួយយុវជនដទៃលើឆាកអន្តរជាតិ។ លោកនៅ​តែ​លើកទឹកចិត្ត និងជំរុញ ឱ្យយុវជនយកចិត្តទុកដាក់ស្តាប់លោកគ្រូអ្នកគ្រូ និងសិក្សាពីឯកសារឱ្យបានច្រើន។ «យុវ័យរបស់យើងឃ្លាតឆ្ងាយអំពីដំបូន្មានរបស់មនុស្សជំនាន់ដើម។ សម្រាប់អនាគត គឺមានការបារម្ភ បារម្ភខ្លាចពួក​គាត់ចេះ ប៉ុន្តែចេះអ្វី ដែលមិនត្រូវ ចេះអ្វីដែលមិនគ្រប់គ្រាន់ ចេះអ្វីដែលមិនប្រសើរសម្រាប់ជាតិ»។
 
ងាកទៅ​លោក ហេង គីម គង់ សហស្ថាបនិក និងនិពន្ធនាយកវេទិកាអប់រំកម្ពុជា ឯនោះ​វិញ លោក​ក៏មានការព្រួយបារម្ភស្រដៀងគ្នានេះដែរ។ លោក​បាន​បញ្ជាក់ថា៖ «បើនិយាយជារួម គឺយើងមានការព្រួយបារម្ភ ប្រសិនបើយុវជនយើងប្រើប្រាស់បច្ចេកវិទ្យា Social Media ឬក៏ការអភិវឌ្ឍសង្គមបែបឌីជីថលមិនបានត្រឹមត្រូវ។ ពួក​គាត់មិនផ្តោតទៅលើការពង្រឹកសមត្ថភាព ចំណេះដឹងទូទៅ បែរជាផ្តោតតែទៅលើការកំសាន្ត អ៊ីចឹងការព្រួយបារម្ភវាមានខ្លាំង»។


លោក ហេង គីមគង់ សហស្ថាបនិក និងនិពន្ធនាយកវេទិកាអប់រំកម្ពុជា។ រូបភាព៖ ហ្វេសប៊ុក លោក Kimkong Heng

យុវជន នឹងពិបាកប្រកួតប្រជែងជាមួយយុវជនក្រៅស្រុក ប្រសិនបើពួកគេមិនចាប់យកផលល្អពីភាពរីកចម្រើននៃបច្ចេកវិទ្យា។ លោក គីមគង់ សង្កេតឃើញថា មានតែក្រុមយុវជនមួយចំនួនតូច ដែលខំព្យាយាម និងយកចិត្តទុកដាក់ក្នុងការរៀនសូត្រប៉ុណ្ណោះ ដែលមានសមត្ថភាពចាប់យកឱកាសទៅប្រកួតប្រជែងលើឆាកអន្តរជាតិ៕
 
 
 

Tag:
 អប់រំ
  បាក់ឌុប
  ចំណេះដឹងទូទៅ
  បច្ចេកវិទ្យា
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com